ភ្នំពេញៈ ខុសពីឪពុកម្ដាយភាគច្រើនដែលជំរុញឲ្យកូនស្រីអត់ធ្មត់តស៊ូ ប្រសិនបើកូនស្រីជួបប្រទះនឹងប្រុសក្បត់ចិត្ត ឬដើរផ្លូវខុសមួយពេល កញ្ញា រ៉ា សូនីតា ហៅព្រះកាយច័ន្ទ បែរជាត្រូវលោកឪពុកប្រកាសយ៉ាងក្ដែងៗថា ឲ្យតែមនុស្សដែលនាងស្រឡាញ់ ហ៊ានធ្វើទង្វើក្បត់នាង នោះនាងនឹងត្រូវឪពុកជំរុញឲ្យយកថ្មីភ្លាម ដោយមិនចាំបាច់ទុកពេលរងចាំឲ្យបុរសម្នាក់ភ្ញាក់ខ្លួនហើយបកក្រោយឡើយ។
ការប្រកាសត្រូវគេឃើញកើតឡើងយូរក្រែលមកហើយ ប៉ុន្តែកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់ពីព្រះកាយច័ន្ទត្រូវគេដឹងថា មានបុរសកាន់តែច្រើន ជាពិសេស គឺអ្នកសំបូរទ្រព្យចង់ប្រលោមស្នេហ៍នាពេលចុងក្រោយ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍PNN ក្នុងកម្មវិធី «ស៊ីអារម្មណ៍» លោកពៅ ច័ន្ទតារា ជាឪពុកព្រះកាយច័ន្ទ បានអះអាងថា បើទោះជាលោកជាមនុស្សមានគំនិតបុរាណ ប៉ុន្តែសម្រាប់កូនស្រីគឺលោកបើកទូលាយទាំងស្រុងសម្រាប់ឲ្យនាងជ្រើសរើសស្នេហាដែលខ្លួនចង់បាន។ លោកថា ខ្លួននឹងបើកដៃឲ្យកូនស្រីទទួលយកស្នេហាដែលនាងពេញចិត្ត ដោយលោកគ្រាន់តែចាំប្រឹក្សាថែមថយពីលើ ដើម្បីឲ្យជាគំនិតដល់នាងនៅពេលដែលនាងណែនាំមនុស្សជាទីស្រឡាញ់ឲ្យលោកបានឃើញប៉ុណ្ណោះ។ ក្នុងនោះប្រសិនបើជាបុរសដែលលោកណែនាំ ក៏លោកទុកសិទ្ធិឲ្យនាងទទួលយក ឬ មិនទទួលនោះដែរ។ លោកថាមនុស្សសម័យនេះ មិនអាចប្រើទំនៀម «នំមិនធំជាងនាឡ» ក្នុងសម័យទុំទាវទៀតទេ ប៉ុន្តែក៏មិនមានន័យថា លោកបណ្ដោយឲ្យកូនស្រីចេះតែរើសស្នេហាប៉ាតណាប៉ាតណីធ្វើឲ្យភាពថ្លៃថ្នូរជានារីខ្មែរនោះដែរ។
លោកបើកចំហរឲ្យនាងជ្រើសយកស្នេហា តែសម្រាប់មនុស្សចង់បាននាងធ្វើភរិយាប៉ុណ្ណោះ សម្រាប់អ្នកចូលខ្លួនលែងសើច គឺលោកនឹងធ្វើការជំទាស់។ លោកនិយាយថា «សម្រាប់កូនស្រីខ្ញុំ គឺខ្ញុំឲ្យគាត់រើសមនុស្សស្រឡាញ់ដោយខ្លួនឯង បើគាត់ចង់បានអ្នកណាហើយអ្នកណឹងក៏បង្ហាញការស្រឡាញ់ចំពោះគាត់ដែរ ខ្ញុំឲ្យយកភ្លាម អត់ចាំទាល់តែអ្នកនាងមានអញ្ចេះ ឬស្អាតបាតអីទេ ហើយសម្រាប់ខ្ញុំបើគាត់មានមនុស្សគាត់ស្រឡាញ់កាន់តែឆាប់ខ្ញុំកាន់តែសប្បាយ គឺអត់ហាមសោះសម្រាប់គាត់មួយ»។
ទន្ទឹមនឹងការបើកទូលាយឲ្យកូនស្រីរើសយកស្វាមីដោយគ្មានការចម្រូងសម្រាស់ លោកពៅ ច័ន្ទតារា ក៏អត់ជំរុញឲ្យកូនស្រីតស៊ូអត់ធ្មត់ និងស៊ូទ្រាំជាដើមក្នុងរឿងស្នេហានៅពេលដែលបានជួបមនុស្សដែលធ្វើឲ្យនាងខកបំណងនោះដែរ។ លោកនឹងជំរុញឲ្យយកថ្មីភ្លាមៗ ដោយមិនផ្ដល់ឱកាសឲ្យបុរសដែលក្បត់ចិត្តនាងភ្ញាក់ខ្លួន ហើយវិលត្រលប់ក្រោយនោះឡើយ។ លោកនិយាយថា«សម្រាប់អនាគត! ខ្ញុំឲ្យកូនរើសខ្លួនឯង(ស្នេហា) ប៉ុន្តែបើគាត់បែរជាប៉ះមនុស្សក្បត់ចិត្ត ខ្ញុំអត់មានទៅណែនាំដូចឪពុកខ្លះដែលសុំឲ្យកូនទ្រាំសិនក្រែងគេមកវិញអីទេ គឺខ្ញុំណែនាំឲ្យកូនធ្វើខ្លួនរកទៀតតែម្ដង និយាយរួមអត់មានឲ្យកូនទៅខូចចិត្តសម្លាប់ខ្លួន ឬធ្វើបាបខ្លួនឯងអីទេ បើគេហ៊ានក្បត់យើងកុំខូចចិត្តធ្វើខ្លួនយកទៀត!»។
ការលើកឡើងរបស់លោកត្រូវបានមនុស្សសម័យថ្មីសម្ដែងការអបអរសាទរ ប៉ុន្តែមនុស្សដែលមានគំនិតបែបបុរាណ ក៏យល់ឃើញថា នេះជាការជំរុញទឹកចិត្តឲ្យកូនស្រីរបស់ខ្លួនខ្វះការ អត់ធ្មត់ និងងាយប្រឈមរឿងបែកបាក់ ប្រសិនបើនាងមានស្វាមីហើយត្រូវស្វាមីបង្កើតកំហុសឆ្គងក្នុងរឿងស្នេហា។ អ្នកខ្លះបានបង្ហាញអារម្មណ៍រារែក បន្ទាប់ពីមានការប្រកាសបែបនេះ ដោយសារតែភាពជាក់ស្ដែងគឺបុរសបើទោះជាល្អកម្រិតណាក៏នៅតែមានរឿងខុសឆ្គង។
យ៉ាងណាក៏ដោយលោកពៅ ច័ន្ទតារា និងព្រះកាយច័ន្ទ បានលើកឡើងថា អ្វីដែលខ្លួនលើកឡើងគឺគ្រាន់តែជាទស្សនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការពិតក៏មិនមែនគ្រាន់តែមានកំហុសតិចតូចជំរុញឲ្យកូនស្រីធ្វើរឿងឌឺដងនោះដែរ គឺលុះត្រាឈានដល់ដំណាក់កាលអស់កែ ទើបព្រះកាយច័ន្ទនឹងត្រូវដើរផ្លូវនោះ ដើម្បីកុំឲ្យមនុស្សដែលក្បត់ចិត្តនឹងមានអំនួតនឹងការធ្វើអំពើក្បត់ក្នុងពេលដែលនាងខំស្មោះ៕
មតិយោបល់