ព័ត៌មានជាតិ

តុលាការកាត់ទោសយុវជនម្នាក់ពាក់ព័ន្ធនឹងរឿងឃាតកម្មនៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង​ ឃាតកម្ម​ បាញ់សម្លាប់យុវជនម្នាក់ពេលចេញពីក្លឹបនៅខណ្ឌឫស្សីកែវ​ មកបន្តសវនាការដោយសាកសួរដេញដោលលើសាក្សី​ និងសមត្ថកិច្ចបន្ថែមទៀត។

ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន​ ៣នាក់៖​
-ទី១​ឈ្មោះ​ ហ៊ុន​ តូ​សីហា​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ​
-ទី២ឈ្មោះ​ អែម​ ផន​ ភេទប្រុស​ រត់គេចខ្លួន
-ទី៣​ឈ្មោះ​ ហង់​ សុភាព​ ហៅម៉ាប់​ ភេទប្រុស​ ជាជនដៃដល់​ រត់គេចខ្លួន

ចំណែកជនរងគ្រោះឈ្មោះ​ នូ​ ណារ៉េន​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ ត្រូវបានក្រុមជនជាប់ចោទបាញ់ចំក្បាលចំណុចសៀតផ្កាមួយគ្រាប់ស្លាប់នៅនឹងកន្លែងកាលពីម៉ោងប្រមាណ៤ទាបភ្លឺរំលងអាធ្រាត្រថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ២០១៦​ នៅម្តុំក្លឹបនាគមាស​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

លោក​ តូច​ គឹមសុង​ នាយប៉ុស្តិ៍រដ្ឋបាលឫស្សីកែវបាន​ បញ្ជាក់ថា​ លោក​បានដឹកនាំកម្លាំងផ្ទាល់ដោយសហការ​ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការរាជធានីភ្នំពេញ​ និងនគរបាលអធការដ្ឋានខណ្ឌទួលគោក​ ទើបចាប់បានជនជាប់ចោទឈ្មោះ​ ហ៊ុន​ តូសីហា​ ដែលបានជួលបន្ទប់ស្នាក់នៅក្នុងទឹកដីខណ្ឌទួលគោក។ លោកបន្តថា​ ក្រោយពីពីឃាត់ខ្លួនបាន​ជនជាប់ចោទរូបនេះ​ សមត្ថកិច្ចរបស់លោកបាននាំជននេះទៅជួបនឹងសាក្សី​ នៅពេលនោះសាក្សីដែលបានអះអាងថា​ ពិតជាជនជាប់ចោទប្រាកដមែនដែលបានជិះម៉ូតូដឹកជនដៃដល់បាញ់ប្រហារលើជនរងគ្រោះ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្តងដើម្បីចាត់ការតាមនីតិវិធី។

សាក្សីឈ្មោះ​ ហ៊ី​ លីហ្សា​ ជាមិត្តភក្តិជនរងគ្រោះបានអះអាងថា​ នៅយប់កើតហេតុខ្លួន​ និងជនរងគ្រោះបានចូលរាំលេងក្នុងក្លឹបនាគមាស​ ពេលនោះជនរងគ្រោះ​ និងក្រុមជនជាប់ចោទបានឈ្លោះប្រកែកគ្នារហូតចេញមកក្រៅត្រូវក្រុមជនជាប់ចោទជិះម៉ូតូដេញគប់ដុំថ្ម។​ សាក្សីដដែលបន្ថែមថា​ លុះមួយសន្ទុះក្រោយមកស្រាប់តែជនជាប់ចោទឈ្មោះ​ ហ៊ុន​ តូសីហា​ ជិះម៉ូតូម៉ាក​ ហុងដា​ មក​ឌុបជនដៃដល់ម្នាក់ទៀតមកបាញ់ជនរងគ្រោះចំសៀតផ្កាស្លាប់តែម្ត។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ​ ហ៊ុន​ តូសីហា​ បានបដិសេធថា​ ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

លោក​ នូ​ ដាវីតូ​ ជាឪពុកជនរងគ្រោះ​ និងជាដើមបណ្តឹងរដ្ឋប្បវេណី​ បានប្តឹងទាមទារសំណងជំងឺចិត្តពីជនជាប់ចោទចំនួន​ ១៥,០០០ដុល្លារ​។

សំណុំរឿងនេះ ត្រូបា​នលោក​ កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០១៦ខាងមុខវិញ៕

មតិយោបល់