ព័ត៌មានសិល្បៈ និងកម្សាន្ត

“ស្មានថា គេស្រទ្បាញ់យើង” ជ័យ សុវ៉ាត ចាប់ផ្ដើមកម្រើក

ទើបចេញបង្ហោះបានប៉ុន្មានម៉ោងប៉ុណ្ណោះ តែបទ”ស្មានថាគេស្រទ្បាញ់យើង” របស់តារាចម្រៀង ជ័យ សុវ៉ាត កន្ទ្រាក់បានអ្នកចូលទស្សនា និង Subscribe បានដល់ពាន់នាក់ភ្លាមៗ ខណ:ដែលបទចម្រៀងនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍។ បទចម្រៀងរបស់លោក ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យលោកឡើងកូដនៅសាន់ដេ ទន្ទឹមនឹងរៀមច្បងៗជើងខ្លាំងរួមទ្រនំ ប្រសិនបើលោក មានបទផ្ទុះៗបែបនេះ។

ចម្រៀងដែលចាក់ដោតអារម្មណ៍អ្នកគាំទ្រ គួរឲ្យសរសើររបស់លោកនេះ អាចចាត់ទុកថា ជាបទជួយឲ្យលោកកម្រើកកេរ្តិ៍ឈ្មោះ បើកឆាកក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីលោកស្ងប់ស្ងាត់ បទផ្ទុះមួយរយ:។ បទចម្រៀងនេះ ក៏ទើបនឹងចេញ បន្ទាប់ពីលោកបង្ហាញខ្លួនច្រៀង នៅវិទ្យាល័យមួយ នៅខេត្តកំពង់ចាម កាលពីថ្ងៃទិវារកុមារអន្តរជាតិ ដែលមានហ្វេនស្វាគមន៍គាំទ្រមិនខុសពី Super Star មួយរូប។ ចម្រៀងក្រោមចំណងជើងថា “ស្មានថាគេស្រទ្បាញ់យើង” របស់លោក ទាំងអត្ថន័យ និងមនោសញ្ចេតា បុកត្រូវរឿងរ៉ាវស្នេហាភាគច្រើនរបស់យុវវ័យ ទើបធ្វើឲ្យគ្រាន់តែចេញបង្ហោះភ្លាម ក៏មានការគាំទ្រ នៅក្នុងសង្គមយូធូប។ អ្នកគាំទ្រជាច្រើនទទូចឲ្យលោក ចេញច្រៀងលើឆាកប្រូម៉ូតបទនេះ ឲ្យបានច្រើន ដើម្បីឲ្យបទ”ស្មានថាគេស្រទ្បាញ់យើង” កាន់តែកម្រើកក្នុងស្រទាប់យុវវ័យ។

ឆ្លើយតបនឹងការទទូច លោក ជ័យ សុវ៉ាត បានតបការ Comment របស់ហ្វេនៗថា លោកនឹងត្រៀមរំលេចស្ទីលថ្មី លើឆាកតន្ត្រីក្នុងពេលឆាប់ៗ ដើម្បីប្រូម៉ូតបទនេះ ឲ្យផ្ទុះ ហើយទទួលបានការគាំទ្រខ្លាំងឡើង។ មួយបទនេះ លោក ជ័យ សុវ៉ាត ដាក់មនោសញ្ចេតនាបានល្អ ខណ:ដែលទឹកដមសំទ្បេងរបស់លោក ក៏កាន់តែវិវត្តិន៍ល្អជាងមុន ធៀបនឹងបទមុនៗ៕

មតិយោបល់