ក្នុងឳកាសប្រគល់ថវិកាចំនួន1062,5ដុល្លារសហរដ្ឋអាមេរិក ពីស្ថាបនិកគ្រួសារតារាកម្ពុជា កាលពីយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ តារាសម្ដែងភេទទី៣ កញ្ញា អ៑ុក ដារ៉េត ដែលមានម្ដាយកើតមានជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ ហើយរស់ក្នុងផ្ទះជួលយ៉ាងលំបាក បានអះអាងថា បើសប្បុរសជនអាណិតជីវិតកម្សត់របស់នាង សូមជួយផ្ដល់ឱកាសការងារ អោយនាងបានច្រើន នៅក្នុងពេលនេះ។ នាងអះអាងថា ខ្លួនមានសមត្ថភាពកំប្លែង សម្ដែង និងច្រៀង ដោយនាងទទូចអោយផ្ដល់ឱកាស អោយនាងញ្ចេញសមត្ថភាពលើទម្រង់សិល្បៈទាំងនេះ ដើម្បីអោយនាង មានចំណូលទ្រទ្រង់គ្រួសារ។
អ៑ុក ដារ៉េត និយាយថា ចាប់តាំងពីឳពុកនាងស្លាប់ ហើយម្ដាយនាងធ្លាក់ខ្លួនជាហូរហែរ ទើបគ្រួសារនាង ជំពាក់បំណុលគេ ដែលបង្ខំអោយលក់ចោលផ្ទះតូច នៅម្ដុំច្បារអំពៅ បានតម្លៃជាង៨ពាន់ដុល្លារ ហើយធ្លាក់ខ្លួនជួលផ្ទះគេមកដល់សព្វថ្ងៃ។ នាងថាទឹកប្រាក់ដែលលក់ផ្ទះជាង៨ពាន់ដុល្លារនោះ ដកទិញដីស្រែ និងសង់បានតែផ្ទះឈើតូចល្មម នៅខេត្តប៉ៃលិន ដែលជាកន្លែងរស់នៅរបស់បងប្រុសប៉ុណ្ណោះ ក្រៅពីនោះ គឺសងបំណុល និងព្យាបាលម្ដាយបន្ត។ នាងថាជីវិតរស់នៅមួយគែៗអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយសារតែនាងដ្បិត តែប្រឡូកអាជីពសម្ដែង ច្រៀង និងកំប្លែងមែន ប៉ុន្តែបានទទួលតែឱកាសសម្ដែង ក្នុងតម្លៃខ្លួនទាបៗ ដោយសារតែនាងមិនមែនជាតារាល្បី។
សព្វថ្ងៃនាងរំពឹងតែលើមុខរបរជាបុគ្គលិកស្ម័គ្រចិត្ត នៅក្នុងអង្គការបុរសស្រលាញ់បុរស ដោយទទួលចំណូលបានតែមួយខែជាង១០០ដុល្លារប៉ុណ្ណោះ ដែលថវិកានេះ ទប់តែឈ្នួលផ្ទះ ហូបចុក និងទិញថ្នាំទប់ជំងឺរបស់ម្ដាយ បានគ្រប់ទាំងត្រដាបត្រដួស។ នាងថា ស្ថានភាពគ្រួសារនាង គឺបងប្អូនផ្សេងទៀតសុទ្ធតែក្រ សុទ្ធតែសុីឈ្នួលគេ ទើបធ្វើអោយនាង ត្រូវរងបន្ទុកទាំងស្រុងលើជំងឺរបស់ម្ដាយ។
អ៑ុក ដារ៉េត បញ្ជាក់ថានាងចង់ទទួលបានឱកាសការងារសិល្បៈអោយបានច្រើន នៅក្នុងកាលៈទេសៈ ដែលនាងលំបាកបែបនេះ ដោយនាងចង់ អោយមានការផ្ដល់ឱកាសអោយនាងច្រៀង កំប្លែង និងសម្ដែង ខណៈដែលនាងក្រៅពីសម្ដែង ក៏ចេះផាត់មុខផង។ ទៅថ្ងៃអនាគតនាងចង់មានហាងសាឡនតូចមួយ ឬ ចង់ក្លាយជាអ្នកផាត់ ក្នុងការថតរឿងណាមួយ ដោយនាងយល់ថា បើទទួលបានឱកាសការងារនោះ គឺពិតជាលែងពិបាក។ នាងនិយាយថា នាងចង់បានការងារទាំងសិល្បៈ និងក្រៅសិល្បៈអោយបានច្រើន ដើម្បីកុំអោយមានការរិះគន់ថា នាងគេជួយដដែលជាដដែល ប៉ុន្តែនៅតែក្រ។
នាងសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលគ្រួសារតារាកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានជួយបរិច្ចាគថវិកាដល់ម្ដាយរបស់នាង ដោយនាងប្រកាសថា នេះជាថវិកា ដែលមានន័យបំផុតនៅក្នុងជីវិតរបស់នាង និងម្ដាយ៕
https://m.facebook.com/story.php?story_fbid=2738430819560811&id=100001817580636
មតិយោបល់