ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួងច័ន្ទ មរកត ហក់ចូលសិល្បៈ ក្រោមទ្រនំ N Production

ខុសពីតារាស្រករក្រោយភាគច្រើន ដែលត្រូវតែលតោលក្នុងមាគា៍សិល្ប:យ៉ាងហោចមួយខ្យល់សិន ទើបមានទ្រនំជ្រកកោន តែសម្រាប់តារាវ័យ ១៦ឆ្នាំ កញ្ញា ដួងច័ន្ទ មរកត ដែលសព្វថ្ងៃជាសិស្ស នៅសាលារៀន AIS អន្តទ្វីបអាមេរិចកាំងនៅឡើយ បែរជាមានឱកាសចូលជ្រកនៅក្នុងផលិតកម្ម N Production ក្នុងជំហានដំបូង សម្រាប់ការហក់ចូលសិល្ប:តែម្ដង។ ក្រោយពីមានបទចម្រៀង២បទ ជារបស់ផ្ទាល់ខ្លួន កញ្ញា ក៏ត្រូវគេឃើញលេចមុខលេខមាត់គួរសម លើឆាកតន្ត្រីនជាពិសេស នៅក្នុងកម្មវិធីសប្បុរសធម៍នាពេលចុងក្រោយ។

នៅក្នុងផលិតកម្ម N Priduction កញ្ញាដួងច័ន្ទ រមកត ត្រូវគេកត់សម្គាល់ថា គឺជាតារាចម្រៀងពន្លកថ្មី មានសមត្ថភាពទេពកោសល្យ និងរូបសម្បត្តិ គួរឲ្យចាប់អារម្មណ៍។ ទាំងស្អាត ទាំងរួសរាយ និង ទឹកដមសំទ្បេង នាងគឺជាតារាដែលមានឱកាសឡើងឆាកជាងតារារួមក្រុម ទើបធ្វើឲ្យតារាស្រី ដែលមានស្រុកកំណើត នៅខេត្តត្បូងឃ្មុំរួបនេះ លេចធ្លោគួរសមក្រោយចូលសិល្ប:។ បទចម្រៀង Original song ២បទរបស់នាង រួមមានបទ “ទឹកចិត្តអ្នកសិល្ប:” និងបទ”ឈប់ខ្វល់ពីអ្នកណា” ដែលនាងបកស្រាយ ជាមួយតារាចម្រៀង កញ្ញា ដួងច័ន្ទ ដាណែត ជាបងស្រីបង្កើត សុទ្ធតែជួយឲ្យនាង ទទួលបានការគាំទ្រក្នុងវិស័យចម្រៀង។

ប្រភពពីផលិតកម្ម N Production បង្ហើបថា ដួងច័ន្ទ មរកត គឺជាគ្រាប់ពេជ្រថ្មីរបស់ផលិតកម្ម ដែលក្រុមហ៑ុន នឹងបណ្ដុះឲ្យក្លាយជាតារាលេចធ្លោម្នាក់។ ផលិតកម្មបង្ហើបថា ក្រុមហ៑ុន នឹងសម្រិតសម្រាំងបទល្អៗ ឲ្យនាងច្រៀងឲ្យបានច្រើន ដើម្បីជួយជំរុញឲ្យនាងកាន់តែមានទីផ្សារ។ នាងក៏ត្រូវគេកោតសរសើរថា គឺជាតារាចម្រៀងជំនាន់ថ្មី ដែលមានទឹកដមសម្លេងពិរោះរណ្តំ ហើយអាចច្រៀងបត់បែនបានទាំងបទមរតកដើម បទសម័យបែបមនោសញ្ចេតនា និងបទញាក់កន្ត្រាក់ អារម្មណ៍ផងដែរ។ ផលិតកម្ម N Production ប្រកាសថា នាងនឹងត្រូវបណ្ដុះឲ្យក្លាយជាតារាវ័យក្មេង ដែលមានក្បាច់រាំរស់រវើក ដើម្បីទាក់ទាញទីផ្សារ។

កញ្ញា ដួងច័ន្ទ មរកត ដែលទើបបង្ហាញខ្លួន ក្នុងការប្រគំតន្ត្រីសប្បុរធម៍នៅផ្សារដំណាក់ធំ បានអះអាងថា ទោះជានាងក្លាយជាតារាមានឈ្មោះ បោះសំទ្បេងក្នុងពេលខាងមុខ តែនាងប្រកាន់ជំហរ មិនហើរចោលផលិតកម្មនេះទេ ដើម្បីជាការតបស្នងផលិតកម្ម N Production ដែលកាន់ដៃនាង ឲ្យនាងបានក្លាយជាតារាសិល្ប: ក្នុងពេលនាងមិនទាន់មានឈ្មោះ៕

មតិយោបល់