ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណា វត្តី បញ្ចេញក្បាច់រាំលើឆាក CTN

កន្លងមកតារាចម្រៀង និងជាតារាសម្ដែងផង កញ្ញា វណ្ណា វត្តី ច្រើនតែឡើងបង្ហើរសំនៀង បែបមនោសញ្ចេតនា និងបទស្រគត់ស្រគំច្រើនជាង បើទោះជានាងធ្លាប់មានក្រុមរាំ និងធ្លាប់បង្អួតក្បាច់រាំ កាលពីមួយរយ:មុន។ អុីចឹងហើយទើបវត្តមានបង្ហាញខ្លួនរបស់នាងលើឆាកតន្ត្រីរាត្រីកម្សាន្ត នៅCTN កាលពីថ្ងៃទី១៥ មិថុនា ម្នាក់ៗមានការចាប់អារម្មណ៍មិនធម្មតា ខណ:ដែលនាងក្រៅ ពីរំលេចសម្រស់ឆើតឆាយជាមួយរ៉ូបស និងឈុតអាវស្បែកសុីវិល័យ ក៏បង្អួតក្រុមរាំ និងបញ្ចេញក្បាច់រាំយ៉ាងរស់រវើមួយបែបថ្មី នៅក្នុងថ្ងៃនោះ។

កញ្ញា វណ្ណា វត្តី បានបកស្រាយបទចម្រៀង៤បទ ដោយ២បទដំបូងនាងបកស្រាយបទមនោសញ្ចេតនា តែក៏អមដោយក្រុមរាំ ហើយមើលទៅមិនខុសពីកូនក្រមុំស្រស់ផូរផង់លើឆាកបាញ់ភ្លើងពណ៍នោះទេ ដោយសារតែនាងគ្រងរ៉ូបស ហើយរំលេចម៉ូតសក់បវរកញ្ញា ធ្វើឲ្យម្នាក់ៗ លង់នឹងសម្រស់ដ៏ស្រស់ផូរផង់ របស់នាង។ នាងកាន់តែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ជាមួយនឹង២បទចុងក្រោយ នៅពេលបញ្ចេញក្បាច់រាំ នឹងសម្រស់ក្នុងឈុតសំពត់ខ្លី អាវស្បែក លើឆាកតន្ត្រី។

វណ្ណា វត្តី បានថ្លែងដាក់ក្បាលមេក្រូថា ក្នុងពេលដ៏ខ្លីនាងត្រៀមចេញបទចម្រៀងទាំងមនោសញ្ចេតនា និងញាក់ៗច្រើនណាស់ ជាមួយនឹងក្បាច់រាំកាន់តែល្អជាងនេះ ដើម្បីបំពេញតាមការចាប់អារម្មណ៍ របស់អ្នកគាំទ្រភាគច្រើន ដែលចង់ឲ្យនាងវិវត្តន៍ខ្លួន។ នាងក៏ប្រកាសបញ្ចេញបទចម្រៀង និពន្ធថ្មីឲ្យបានច្រើន បើទោះជានាងមិនជ្រក នៅក្នុងផលិតកម្មណាមួយជាក់លាក់ ក្រោយពីសម្រេចចេញពី BNផងដែរ។ នាងថ្លែងមិនខុសពីសព្វដងថា ចង់ស្ថិតក្នុងនាមជាតារាចម្រៀងឯករាជ្យច្រើនជាងនៅក្នុងពេលនេះ ដើម្បីងាយស្រួលចេញបទចម្រៀង និងពង្រីកទីផ្សារ ដោយគ្មានសម្ពាធ៕

មតិយោបល់