ខុសពីតារាមួយចំនួន ដែលយកករណីម្ដាយឳពុកឈឺ ដោយប្រើយុទ្ធសាស្ត្រតំអូញតំអែ ស្ទើរក្លាយជាអាជីវកម្ម ដើម្បីសុំការអាណិតរកជំនួយ សម្រាប់តារាសម្ដែង លោក អ៊ុន សិទ្ធា បែរជាតស៊ូព្យាបាលជំងឺម្ដាយ តាំងពីឈឺរហូតដល់ទទួលមរណភាព ដោយមិនប្រកូកប្រកាសសុំជំនួយទៅវិញ។ ជំហររបស់លោក ក៏មិនមែនដោយសារតែលោក គឺជាគ្រួសារអ្នកមាននោះទេ ប៉ុន្តែដោយសារតែលោកបញ្ជាក់ថា ដរាបណានៅមានលទ្ធភាព គឺត្រូវតែស៊ូអោយអស់លទ្ធភាព ដើម្បីកុំអោយរងការរិះគន់ ខណៈដែលលោកប្រាប់ថា ក្នុងពេលតារាមានបាន ក៏មិនបានចែកចាយដល់មហាជនដែរនោះ។
ក្រោយទទួលមរណៈភាពរបស់ម្ដាយ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក អ៑ុន សិទ្ធា ទទួលបានការកោតសរសើរ មិនដាច់ពីមាត់ សម្រាប់ជំហរដែលបានលើកឡើង។ មហាជនទាំងក្នុង និងក្រៅសិល្បៈស្ងើចសរសើរចំពោះលោក ព្រោះតាំងពីម្ដាយធ្លាក់ខ្លួនឈឺ រាំរ៉ៃរហូតដល់ទទួលមរណភាព គេមិនដែលឃើញលោកហាមាត់ សុំជំនួយពីសប្បុរសជនណាម្នាក់ឡើយទាល់តែសោះ ក្រៅពីប្រឹងរកលុយដោយកម្លាំងញើសឈាមខ្លួនឯង ហើយសំងំមើលម្ដាយ។
ប្រភពស្និទ្ធស្នាលជាមួយ អ៊ុន សិទ្ធា ឲ្យដឹងថាមូលហេតុលោក មិនសុំជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីបានប្រាក់ខ្លះៗយកមកព្យាបាលជំងឺអ្នកម្ដាយ ដោយសារតែកំលោះសង្ហារូបនេះ មិនចង់ឲ្យមហាជនរិះគន់ថា៖ “ពេលឈឺអីបន្តិចបន្តួចអ្នកសិល្បៈ ហាឡើងសុំជំនួយ មិនគិតរកលុយ ខ្លួនឯងខ្លះទេ។ ចុះគ្នាអ្នកធម្មតា ទៅសុំជំនួយមកពីណាពេលឈឺដូចគ្នានោះ”។ ប្រការនេះហើយ ទើបធ្វើឲ្យ អ៊ុន សិទ្ធា មិនហាមាត់សុំជំនួនពីពុកម៉ែបងប្អូនឲ្យជួយ ទោះបីជាមានការជំរុញពីអ្នកសិល្បៈមួយចំនួនឲ្យលោក ប្រកាសស្វែងរកជំនួយក្ដី ក៏តារាសម្ដែងរូបនេះមិនធ្វើតាមឡើយ។
គួរបញ្ជាក់ថា ម្ដាយរបស់ អ៊ុន សិទ្ធា បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥ល្ងាចក្នុងជន្មាយុ ៧០ឆ្នាំ ដោយជំងឺទឹកនោមផ្អែម និងជំងឺថ្លើម ដោយពេលនេះ សពរបស់ម្ដាយលោក តម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅផ្សារស៊ិនជូរី ពោចិនតុង៕






























មតិយោបល់