ព័ត៌មានជាតិ

មុខសញ្ញាចោរឆក់យ៉ាងសកម្មម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាម: កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ នៅចំណុចបេនរថយន្តក្រុងជីអេសធី ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនសង្ស័យម្នាក់ ឈ្មោះ រ័ត្ន ដារិទ្ធ ហៅអាវែង អាយុ២៨ឆ្នាំ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ឃាត់ខ្លួន) ចំណែកឯបក្ខពួកម្នាក់ទៀត ឈ្មោះ ប៉ែន ពិសិដ្ឋ ហៅឃ្លាន អាយុ៣០ឆ្នាំ បានរត់គេចខ្លួនបាត់។

ដោយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីឈ្មោះ ឆៃ ហឿង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណ:ជនរងគ្រោះ ដើរទៅរកបង្គន់អនាម័យ។

សម្ភារបាត់បង់រួមមាន៖ ប្រាក់រៀលចំនួន៣០ម៉ឺនរៀល និងទូរសព្ទដៃម៉ាក Nokia ចុចពិលចំនួន០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រ័ត្ន ដារិទ្ធ បានសារភាពថា កន្លងមកខ្លួន និងឈ្មោះ ប៉ែន ពិសិដ្ឋ ហៅឃ្លាន ធ្លាប់ធ្វើសកម្មភាពឆក់កាបូប នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានចំនួន០៤លើក៖

លើកទី១ ឆក់កាបូប កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវក្បែរផ្ទះពេទ្យគា ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លើកទី២ ឆក់កាបូប កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលភូមិស្វាយក្រហមគែ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លើកទី៣ ឆក់កបូប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រ ពាំងតាហំ ឃុំរអាង ស្រុកកំពង់សៀម។

និងលើកទី៤ ឆក់កាបូប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្ដក្រុងជីអេសធី ស្ថិតនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំទៅបង្ហាញទីកន្លែង ដែលបោះចោលកាបូប នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាលទ្ធផលសមត្ថកិច្ច រកឃើញកាបូបបានចំនួន០២ ដែលបានធ្វើសកម្មភាពឆក់ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលភូមិស្វាយក្រហមគែ និងឆក់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបេនរថយន្តក្រុងជីអេសធី ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់