ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បីថា ខេមរៈ សិរីមន្ត បើកផលិតកម្មផ្ទាល់ខ្លួន

ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានមួយ បានលេចឡើង ដោយល្បីថា កំពូលតារាចម្រៀងក្នុងចិត្តយុវវ័យ លោក ខេមរៈ សិរីមន្ត បានបើក ផលិតកម្មផ្ទាល់ខ្លួន ដែលមានន័យថា លោកនឹងដើរចេញពីផលិតកម្ម សាន់ដេ ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រភពច្បាស់ការមួយបានប្រាប់ Post News ថា តារាចម្រៀងខេមរៈ សិរីមន្ត គ្រោងនឹងបើកផលិតកម្មផ្ទាល់ខ្លួន ដែលនឹងស្ថិតក្រោមការដឹកនាំ របស់លោក ខេមរៈ ភារុណ ត្រូវជាបងប្រុស លោក ខេមរៈ សិរីមន្ត និង ខេមរៈ ស្រីពៅ ។

ការលេចធ្លាយនូវព័ត៌មាននេះ គេមិនដឹងថា ត្រកូលខេមរៈ អាចនឹងមានរឿងអន់ចិត្ត ក្នុងទ្រនំដែលខ្លួនកំពុងជ្រកកោនឬយ៉ាងណា ។ ជាក់ស្តែង រឿង «អាឡេវចូលក្រុង» របស់ផលិតកម្មនេះ បែរជាឲ្យ ឆាយ វិរៈយុទ្ធ សម្តែងជាតួឯក ជាមួយនឹង សុខ ពសី ទៅវិញ តែមិនមែនជា ខេមរៈ សិរីមន្ត ។

ទោះជាយ៉ាងនេះក្តី លោក ខេមរៈ ភារុណ បានប្រាប់ Post News នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា «អត់ផង អត់ទាន់មានអីផង បើបើកខ្ញុំប្រាប់ហើយ ព្រោះឥឡូវវាមិនទាន់មាន »

ដោយឡែកពាក់ព័ន្ធ នឹងស្ថានភាពជំងឺកញ្ញា ខេមរៈ ស្រីពៅ វិញ លោក ខេមរៈ ភារុណ បានបញ្ជាក់ថា ស្រីពៅបានធូរស្បើយហើយ ដោយកំពុងស្ថិតក្នុងការតាមដានជំងឺបន្ថែម ៕

Sereymun (6) Sereymun (5) Sereymun (2) Sereymun (3) Sereymun (4) Sereymun (1)

លោក ខេមរៈ ភារុណ

មតិយោបល់