ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ័យលី ដាឡែន ប្រកាសសុំក្មេងមកចិញ្ចឹមធ្វើកូន

យោងតាមការទម្លាយដោយផ្ទាល់ អ្នកនាង ឆ័យលី ដាឡែន បានអះអាងថាខ្លួនកំពុងសំឡឹងមើលកូនស្រីរបស់អ្នកណាម្នាក់ យកមកចិញ្ចឹមធ្វើកូនក្នុងពេលខាងមុខ។ ការប្រកាសនេះគឺបន្ទាប់ពីអ្នកនាងអស់សង្ឃឹមក្នុងរឿងពរពោះឆាប់ៗ ដែលពិបាកឆ្លើយតបនឹងអារម្មណ៍ចង់បានកូនប្រឡែង ក្រោយពីរៀបការអស់ច្រើនឆ្នាំ។

អ្នកនាងនិយាយថា បើមានកូនស្រីណាម្នាក់សស្អាតសមរម្យ ហើយត្រូវបានម្ដាយឪពុករបស់ក្មេងបោះបង់ចោលដោយមិនសើរើណាមួយ នោះអ្នកនាងនឹងយកមកចិញ្ចឹមធ្វើកូនភ្លាម។ អ្នកនាងថាខ្លួននឹងរកក្មេងដែលឪពុកម្ដាយបោះចោលក្នុងពេទ្យ ដោយអ្នកផ្សេងឈរឈ្មោះទៅយកជំនួសដើម្បីកុំគេដឹងថាក្មេងនោះត្រូវអ្នកនាងយកធ្វើកូន។ យ៉ាងណាក៍ដោយ អ្នកនាងប្រកាសថា មិនសុំកូនស្រីរបស់អ្នកណា ដែលអាចពាក់ព័ន្ធជាមួយឪពុកម្ដាយដើម ក្រោយពេលធំឡើងនោះទេ ទើបអ្នកនាងសំឡឹងចង់បានក្មេងស្រីយូរក្រែលមកហើយ តែមិនទាន់ពេញចិត្ត។ អ្នកនាងថាកូនប្រុសអ្នកនាងមិនយកមកចិញ្ចឹមនោះទេ ដោយអះអាងថាបើសុំកូនគេ មកចិញ្ចឹមគឺយកតែកូនស្រីប៉ុណ្ណោះ។ អ្នកនាងនិយាយថា”អោយតែកូនស្រីខ្ញុំយក តែទាល់តែក្មេងហ្នឹងសស្អាត ហើយអត់ពាក់ព័ន្ធជាមួយអ្នកអោយ(ឪពុកម្ដាយ) ដូចជាគាត់ទុកចោលនៅពេទ្យអីទៅ បើឪពុកម្ដាយក្មេងអោយផ្ទាល់អត់យកទេ បើទុកចោលនៅពេទ្យ ហើយអោយបងប្អូនទៅសុំពីពេទ្យយក”។ យ៉ាងណាមិញ អ្នកនាងថា ខ្លួនមិនទាន់សំឡឹងឃើញក្មេងស្រី ដែលអាចយកមកចិញ្ចឹមធ្វើកូននៅឡើយទេ ដោយសារតែក្មេងដែលមានគេប្រាប់ថាឪពុកម្ដាយបោះបង់ចោលដែលអ្នកនាងបានជួបគឺខ្មៅៗ មិនស្អាត ឬអាចនិយាយថាមិនទាន់ជួបក្មេងដែលអ្នកនាងមាននិស្ស័យ។ អ្នកនាងថា ខ្លួននឹងស្វាមីចង់បានកូនពរឆាប់ៗ ទើបសម្រេចចិត្តសំឡឹងរកក្មេងស្រីណាម្នាក់មកចិញ្ចឹមធ្វើកូន។ អ្នកនាងបានអះអាងថា ហេតុផលដែលអ្នកនាង និងស្វាមីមិនទាន់មានដំណឹងល្អ គឺបណ្ដាលមកពីម្នាក់ៗធ្វើការរៀងខ្លួន សម្រាកមិនគ្រប់គ្រាន់ ហើយហត់នឿយរាល់ថ្ងៃ។ ប៉ុន្តែអ្នកនាង និងស្វាមី នៅមិនទាន់អស់សង្ឃឹមរឿងមានកូនជាដំណក់ឈាមរបស់ខ្លួននោះទេ បើទោះជាបានប្រកាសថា នឹងត្រៀមសុំក្មេងស្រីម្នាក់មកធ្វើជាកូនចិញ្ចឹមនាពេលនេះ។

មតិយោបល់