ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ត្រូវបានជ្រើសជាគណកម្មការផ្ដល់ពិន្ទុ ការប្រកួតឈុតបុរាណ

ក្នុងទិវាវប្បធម៌បេតិកភណ្ឌជាតិ នៅថ្ងៃទី៨ កក្កដា ក្នុងឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុក ដែលមានការប្រកួតឈុតបុរាណពីសំណាក់តារាចាស់ថ្មី ជាទ្រង់ទ្រាយធំនោះ តារាល្បីល្បាញ អ្នកនាង លី ម៉ារីណា នឹងត្រូវបានជ្រើសជាគណកម្មការផ្ដល់ពិន្ទុមួយរូបក្នុងចំណោម ១០រូប ដែលបានកំណត់ឡើង។ អ្នកនាងក៏នឹងគ្រងមួយឈុតក្នុងសម័យអង្គរ ដែលមិនធ្លាប់គ្រងចាប់តាំងពីអ្នកនាងល្បីល្បាញក្នុងវិស័យសិល្បៈផងដែរ។

អ្នកនាង លី ម៉ារីណា បញ្ជាក់ថា បើទោះជាទីតាំងប្រារព្ធពិធីនៅឆ្ងាយ ហើយត្រូវចំណាយពេលដល់ទៅ១យប់២ថ្ងៃដើម្បីចូលរួម ប៉ុន្តែអ្នកនាងបានត្រៀមរួចហើយ ដើម្បីក្លាយជាតារាកិត្តិយសមួយរូបនៅក្នុងកម្មវិធី និងជាគណកម្មការផ្ដល់ពិន្ទុ ដល់តារាសិល្បៈដែលចូលប្រកួតផង។ អ្នកនាងនឹងបង្ហាញខ្លួននៅក្នុងពិធីនោះតាំងពីដើមដល់ចប់ ដោយក្រៅចូលរួមធ្វើជាគណកម្មការផ្ដល់ពិន្ទុ អ្នកនាងក៏ត្រៀមឈុតច្នៃក្នុងសម័យអង្គរមួយឈុត ដើម្បីចូលរួមដង្ហែរក្បួនឈុតបុរាណ និងដើម្បីលើកស្ទួយដល់ទម្រង់បយរាណខ្មែរផងដែរ។

អ្នកនាង លី ម៉ារីណា បង្ហាញមោទនភាពដែលព្រឹត្តិការណ៍នេះ ផ្ដល់ឱកាសឲ្យអ្នកនាងបានគ្រងឈុតបុរាណ និងធ្វើជាគណកម្មការផ្ដល់ពិន្ទុ ខណៈដែលអ្នកនាងប្រកាសថានេះគឺជាមហាព្រឹត្តិការណ៍បង្ហាញឈុតបុរាណធំមួយនៅប្រាសាទសំបូរព្រៃគុក ដែលមានអ្នកសិល្បៈចូលរួមកុះករ។ អ្នកនាងទទូចអោយមានការចូលរួមដង្ហែរក្បួនឈុតបុរាណ និងចូលរួមទស្សនាការប្រកួតឈុតបុរាណឲ្យបានកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមសិល្បករ ដែលខំធ្វើដំណើរពីគ្រប់ទិសទី ជាពិសេសគឺពីភ្នំពេញ ទៅគ្រងឈុតបុរាណ និងប្រកួតឈុតបុរាណនៅទីនោះ៕

មតិយោបល់