ការប្រកាសរបស់អ្នកនាង ខាត់ សុឃីម សុំធ្វើដន្លងជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីថ្ងៃទី១៥ កក្កដា ក្នុងពិធីមង្គលការរបស់ប្អូនស្រីអ្នកនាង ចន ច័ន្ទលក្ខិណា គេគ្រាន់តែនឹកស្មានថា ជារឿងប្រកាសលែងសើចជាសាធារណៈប៉ុណ្ណោះ។ ប៉ុន្តែឆ្លើយតបនឹងការជជីកសួររបស់ Post News គឺអ្នកទាំងពីរប្រាប់ថា ពិតជាគំនិតរបស់ចាស់ទុំទាំងសងខាងប្រាកដមែន។
អ្នកនាង ខាត់ សុឃីម បានអះអាងថា អ្វីដែលអ្នកនាងបានប្រកាសនៅក្នុងថ្ងៃនោះ មិនមែនជារឿងលេងសើចនោះទេ គឺអ្នកនាងពិតជាចង់ស្ដីដណ្ដឹងកូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទុកឲ្យកូនប្រុសរបស់ខ្លួននៅពេលក្មេងៗទាំងពីរធំឡើងប្រាកដមែន។ អ្នកនាងបញ្ជាក់ថា កន្លងមកអ្នកនាងធ្លាប់បានបង្ហើរឆន្ទៈបែបនេះឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា បានដឹងច្រើនលើកមកហើយ ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានទទួលចំពោះសំណើសុំរបស់ខ្លួនផងដែរ ទើបធ្វើឲ្យអ្នកនាងសម្រេចចិត្តប្រកាសជាថ្មីម្ដងទៀត ដើម្បីឲ្យមានការដឹងឮ។ អ្នកនាងថា រឿងផ្សេងៗ គឺអ្នកនាងនិយាយលេងបាន ប៉ុន្តែចំពោះរឿងនេះអត់មាននិយាយលេងទេ ដោយសារវាពាក់ព័ន្ធនឹងកិត្តិយសរបស់កូនស្រីម្ខាងទៀត។ អ្នកនាងនិយាយថា “អត់ទេរឿងនេះ ខ្ញុំគិតមែនទែន ខ្ញុំចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ ចន ច័ន្ទ នឹងហ្មង ព្រោះកូនៗយើងសុទ្ធតែអ្នកសិល្បៈដូចគ្នាចឹងវាស្រួលចិត្ត!”។ អ្នកនាងថា បើអ្នកនាង ចន ច័ន្ទលក្ខិណា បើកផ្លូវឲ្យកក់កូនស្រីនោះទុក នោះអ្នកនាងនឹងធ្វើពិធីស្ដីដណ្ដឹង ឬ ប្រកាន់ពាក្យទុកដោយមានចាស់ទុំច្បាស់លាស់ ដើម្បីឲ្យបានផ្សាសាច់ផ្សាឈាមច្បាស់លាស់។
ឆ្លើយតបនឹងការចង់បានរបស់អ្នកនាង ខាត់ សុឃីម ភាគី ខាងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ទទួលស្គាល់ថា អ្នកនាង ខាត់ សុឃីម ពិតបានលើកឡើងពាក់ព័ន្ធនឹងរឿងសុំភ្ជាប់សាច់ភ្ជាប់ឈាមនេះជាមួយខ្លួន និងក្រុមគ្រួសារប្រាកដមែន។ អ្នកនាងនិយាយថា ខាត់ សុឃីម មិនមែននិយាយលេងទេ ហើយអ្នកនាងក៏យល់ស្របដែរដោយសារតែ ខាត់ សុឃីម និងខ្លួន ជាមិត្តភក្តិគ្នាប្រមាណ២០ឆ្នាំមកហើយ ហើយរវាងអ្នកនាង និងគ្រួសាររបស់ ខាត់ សុឃីម ក៏រាប់អានគ្នាស្អិតរមួត។ យ៉ាងណាក៏ដោយអ្នកនាងបានបង្ហាញភាពស្ទាក់ស្ទើរក្នុងការជំរុញឲ្យមានពិធីប្រកាន់ទុក ដោយសារតែអ្នកនាងជាភាគីកូនស្រី ហើយកូនស្រីក៏នៅតូចទៀត ដែលមិនទាន់ដឹងថា បើចាត់ចែងទៅតើពេលខាងមុខវានឹងយ៉ាងមិច។ អ្នកនាងនិយាយថា “សម្រាប់ខ្ញុំបើកូនៗវាត្រូវគ្នាសប្បាយចិត្ត ព្រោះម៉ែនិងម៉ែពួកម៉ាកគ្នា ហើយក៏ស្គាល់ប្រវត្តិច្បាស់ទៀត ប៉ុន្តែខ្ញុំខាងស្រីអត់ចង់ឲ្យមានការប្រកាន់ទុកចឹងទើបគិតថា ចាំមើលពួកគេធំៗតែម្ដងទៅ!”។ អ្នកនាងថាខ្លួនពេញចិត្តកូនប្រុសអ្នកនាង ខាត់ សុឃីម ហើយអ្នកនាងប្រកាសទទួលយកសំណើចង់ភ្ជាប់សាច់ឈាមនោះ ប៉ុន្តែអ្នកនាងក៏ត្រូវចាំអ៊ុតមើលក្នុងពេលកូនធំសិនដែរ ដោយសារតែភាពជាក់ស្ដែង គឺក្មេងសម័យនេះ អ្នកនាងយល់ថា មិនអាចបង្ខំបានទេ។ យ៉ាងណាក៏ដោយអ្នកនាងប្រាប់ថា គំនិតចាស់ៗ គឺបានត្រូវគ្នា ហើយបើកូនស្របតាមនៅពេលពួកគេធំឡើង គឺគម្រោងភ្ជាប់សាច់ភ្ជាប់ឈាម ពិតជានឹងកើតឡើង។
គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់អ្នកនាង ខាត់ សុឃីម មានឈ្មោះថា បញ្ញា ស្កាយយសស័ក្ដ ហៅស្កាយ អាយុ១១ឆ្នាំ និងកូនរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ឈ្មោះ នី ហង្សាជូលី អាយុជិត១០ឆ្នាំ៕
មតិយោបល់