ប្រភពពីគ្រួសារតារាកម្ពុជា បានអះអាងថា ម្ចាស់ពានថ្មីទាំង៧រូប និងម្ចាស់ពានចាស់ទាំង៥រូប ដែលបានផុតអណត្តិ តែបានទៅជួយព្រឹត្តិការណ៍ប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា សុទ្ធតែត្រូវបានប្រកាសជា ទូតសុឆន្ទៈ ឬ Brand Ambassador ប្រចាំគ្រួសារតារាកម្ពុជា ទាំងអស់ ដោយអ្នកទាំង១២ នឹងតម្រូវអោយចូលរួម ក្នុងកិច្ចការសង្គមអោយសកម្ម ក្នុងរយៈពេលមួយឆ្នាំ ក្រោយការកាន់ពានរបស់អ្នកជំនាន់ថ្មីនេះ។ ក្នុងនោះម្ចាស់ពានដែលត្រូវបានចាត់ទុកជាទូតសុឆន្ទៈរបស់ក្រុម ដែលលះបង់ពេលវេលា ចូលរួមក្នុងកិច្ចការសង្គម ជាមួយគ្រួសារតារាកម្ពុជាច្រើនជាងគេ ក៏នឹងក្លាយជាទូតសុឆន្ទៈឆ្នើម ដែលនឹងទទួលបានពាន ឬប័ណ្ណសរសើរជាកិត្តិយសមួយ នៅឆ្នាំក្រោយផងដែរ។
លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីប្រកួតឈុតបុរាណ ដែលទើបតែបញ្ចប់ មិនគ្រាន់តែស្វែងរកអ្នកច្នៃ និងអ្នកគ្រងឈុតបុរាណស្អាតជាងគេប្រចាំឆ្នាំ ដើម្បីលើកកិត្តិយសដល់អ្នកឈ្នះពានប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីអោយម្ចាស់ពានទាំងនោះ ដើរតួជាទូតសុឆន្ទៈក្នុងកិច្ចការសង្គម ដើម្បីអោយពួកគាត់កាន់តែមានតម្លៃ ក្នុងក្រសែភ្នែកមហាជនផងដែរ។ មុនដំបូងលោកថា មានតែពានឆ្នាំថ្មីតែ៧រូបប៉ុណ្ណោះ ដែលត្រូវបំពេញតួនាទីជា ទូតសុឆន្ទៈ ឬ Brand Ambassador ក្នុងកិច្ចការសង្គមប្រចាំក្រុម។ ប៉ុន្តែដោយយោងថា ម្ចាស់ពានឆ្នាំចាស់ សុទ្ធតែជាតារាដែលមានឆន្ទៈខ្ពស់ ក្នុងកិច្ចការសង្គម ហើយបានចំណាយពេលវេលាទៅជួយ ព្រឹត្តិការណ៍ប្រកួតឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃ៨ កក្កដា ឆ្នាំ២០១៩ ទើបលោកកំណត់យកម្ចាស់ពាន ទាំងចាស់ទាំងថ្មីទាំង១២រូប អោយបំពេញតួនាទី ជាទូតសុឆន្ទៈពេញមួយឆ្នាំនេះតែម្ដង។
លោកនិយាយថាក្នុងចំណោមម្ចាស់ពានឆ្នាំចាស់ទាំង៦ ដែលទៅជួយកម្មវិធីនៅប្រាសាទសំបូរព្រៃគុក ម្ចាស់ពានម្នាក់ គាត់បន្តកាន់ពានជាតារាប្រជាប្រិយដូច្នេះ គឺមានម្ចាស់ឆ្នាំចាស់ផុតអណត្តិតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែដើម្បីទឹកចិត្តពួកគាត់ ដែលតស៑ូជាមួយក្រុមជាហូរហែ លោកនឹងនៅតែបន្តអោយម្ចាស់ពានឆ្នាំចាស់ ទាំងនោះជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាដដែល ដូចម្ចាស់ពានថ្មីដែរ។
លោកថាទូតសុឆន្ទៈទាំង១២របស់គ្រួសារតារាកម្ពុជា នឹងបង្ហាញមុខយ៉ាងសកម្មក្នុងកិច្ចការសង្គម ពេញរយៈពេលមួយឆ្នាំនេះ ខណៈដែលម្ចាស់ពានណា ដែលមានឆន្ទៈខ្ពស់ក្នុងក្រុម នឹងកាន់តែមានកិត្តិយស។ ក្នុងនោះម្ចាស់ពាន ដែលជាទូតសុឆន្ទៈណា ដែលចូលរួមកិច្ចការសង្គម បានច្រើនជាងគេពេញរយៈពេល១ឆ្នាំ រាប់គិតចាប់ពីការកាន់ពានរបស់អ្នកជំនាន់ថ្មីតទៅនេះ ក៏ក្លាយជាម្ចាស់ពានទូតសុឆន្ទៈឆ្នើម ឬទទួលលិខិតសរសើរដាច់ដោយឡែកមួយ នៅឆ្នាំក្រោយផងដែរ។ លោកពន្យល់ថា ក្នយងករណីម្ចាស់ពានជាទូតសុឆន្ទៈ២ ឬ បីរូប ចូលរួមក្នុងកិច្ចការសង្គមបានច្រើនស្មើគ្នា ពិធីកាត់សេចក្ដី នឹងផ្អែកលើអត្តចរឹត ការគោរពពេលវេលា ឬ ការបោះឆ្នោតក្នុងក្រុម។ នេះជាមធ្យោបាយមួយដែលលោកថា ជាការបំផុសអោយម្ចាស់ពានទាំង១២ កាន់តែមានឆន្ទៈចូលរួមក្នុងកិច្ចការសង្គម ខណៈដែលការចូលរួម របស់តារាទាំងនោះ ក៏រមែងត្រូវបានគ្រួសារតារាកម្ពុជា លើកស្ទួយពេញទំហឹង។ លោកថាពាន ឬ ប័ណ្ណសរសើរ ដែលប្រកាសចេញពីគ្រួសារតារាកម្ពុជា មិនអស្ចារ្យដូចចេញពីស្ថាប័នធំៗនោះទេ ប៉ុន្តែអ្នកទទួលបានពាន ឬ លិខិតសរសើរនោះ ទទួលបានកិត្តិយសមិនអន់ទេ ក្នុងចង្កោមមហាជន ជាពិសេសគឺក្នុងរង្វង់អ្នកសិល្បៈភាគច្រើន។
គួរបញ្ជាក់ថា ម្ចាស់ពានទាំង១២រូប ដែលត្រូវបានលោក ផាត់ តារារដ្ឋ ប្រកាសថា គឺជាទូតសុឆន្ទៈតំណាងក្រុម ក្នុងកិច្ចការសង្គមទាំង១២រូបនោះរួមមាន តារាចម្រៀងអ្នកនាង ម៉ៅ សុីណាត ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨, តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ប៑េប៑ី ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោប្រចាំឆ្នាំ ២០១៨, តារាសម្ដែង និងជាតារាម៉ូដែល BN លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់ប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានអ្នកគ្រងឈុតបុរាណ ប្រជាប្រិយប្រចាំឆ្នាំ ២០១៩, តារាសម្ដែង លោក សុិន សុធារិទ្ធ ម្ចាស់ពានគ្រងឈុតបុរាណកម្រប្រចាំឆ្នាំ ២០១៨, លោក ម៉ែន អម្រុងរ័ត្ន ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃប្រចាំឆ្នាំ២០១៨, តារាសម្ដែង កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណច្នៃលេចធ្លោប្រចាំឆ្នាំ២០១៨, តារាចម្រៀងសំលេង២ លោក ឌួង តារាផាឌីន ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ ២០១៩, តារាសម្ដែង កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ ២០១៩, ពិធីករ លោក បញ្ញា សិទ្ធិ ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩, តារាចម្រៀង កញ្ញា វណ្ណា វត្តី ម្ចាស់ពានចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១៩, លោក លឿង វិសាល បុរសឯកវាយនភណ្ឌ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩, និង តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ ដែលទើបទទួលពានឆ្នាំនេះ។
លោកផាត់ តារារដ្ឋ បន្តថា ពេញរយៈពេលមួយឆ្នាំតទៅមុខ ម្ចាស់ពានណាចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយគ្រួសារតារាកម្ពុជា បានច្រើនជាងគេ នោះនឹងទទួលបានកិត្តិយសមួយផ្សេងទៀត ជាទូតសុឆន្ទៈឆ្នើមប្រចាំឆ្នាំ៕
មតិយោបល់