ចាប់ពីថ្ងៃទី១០ ដល់១២មីនា ខាងមុខនេះ ព្រឹត្តិការណ៍ធំមួយដែលមានឈ្មោះថា«បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជននៅលើទឹកដីត្បូងពេជ្រវិហារសួគ៌» ត្រូវបានប្រកាសធ្វើឡើងជាលើកដំបូងនៅក្នុងតំបន់នោះ។
ព្រឹត្តិការណ៍នោះរួមមានការតាំងពិព័រណ៍ ការប្រគុំតន្ត្រីទ្រង់ទ្រាយធំការប្រកួតសិល្បៈ និងព្រឹត្តិការណ៍លេងកីឡាជាច្រើន ដោយគោលបំណងគឺមានតែមួយគត់គឺធ្វើអោយតំបន់អភិវឌ្ឍន៍ថ្មីនៅតំបន់វិហារសួគ៏ដែលមានដែលមានរស់នៅកុះករនាពេលនេះ មានភាពរីករាយ។
នេះបើយោងតាមការប្រកាសក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៣ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន Jet Star ដោយមានម្ចាស់ឧបត្ថម្ភកម្មវិធី ផលិតករ មន្ត្រីក្រសួងអប់រំយុវជននិងកីឡា មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បករ និងសិល្បករជាច្រើនរូប។
កម្មវិធីនេះត្រូវបានប្រកាសថាមានផ្ទាំងទស្សនីយភាពល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយជាដើម ដោយនេះជាព្រឹត្តិការណ៍ទី១ដែលសិល្បៈបុរាណខ្មែរស្ទើរគ្រប់ទម្រង់បង្ហាញខ្លួន។ ក្នុងនោះការប្រកួតក្បាច់គុណបុរាណខ្មែរ ការប្រណាំងក្របី កីឡាបោកចំបាប់ ការប្រណាំងសេះ បង្ហោះម៉ូតូ ការប្រកួតកីឡាបាល់ទាត់ ការរត់ប្រណាំង ការលោតកម្ពស់ និងការហក់ប្រវែងជាដើមក៏ត្រូវធ្វើឡើងក្នុងរយៈពេល៣ថ្ងៃនោះដែរ។
កម្មវិធីក៏មានការបោះតង់ជាជំរុំ១០០តង់ទៅ២០០តង់ដោយបង្កើតជាក្រុមយុវជន ដើម្បីទាក់ទាញអ្នកទេសចរណ៍ពីចម្ងាយផងដែរ នៅក្នុងពេលនោះ។
លោក ហួត សុខនីម ប្រតិបត្តិករណ៍កម្មវិធី បានអះអាងថានេះជាការផ្ដួចផ្ដើមក្នុងបំណង លើកកម្ពស់វិស័យវប្បធម៌បរិស្ថានរបស់ជាតិយើង ដើម្បីអោយអ្នកទេសចរណ៍មើលឃើញពីការអភិវឌ្ឍន៍កាន់តែខ្លាំងនៅតំបន់វិហារសួគ៌។ គោលបំណងសំខាន់គឺចង់អោយតំបន់ប្រវត្តិសាស្ត្រទាក់ទងនឹងរឿងបក្សីចាំក្រុងមានភាពទាក់ទាញក្នុងក្រសែភ្នែកមហាជន និងអ្នកទេសចរណ៍ ដែលចង់ផ្លាស់ប្ដូរជីវភាពថ្មីនៅក្នុងតំបន់នោះ។
លោករំពឹងថាព្រឹត្តិការណ៍នេះនឹងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនជាច្រើនចូលរួមដើម្បីចូលរួមកម្សាន្តសប្បាយ ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ និងកីឡាពេញរយៈពេល៣ថ្ងៃ៕
មតិយោបល់