ព័ត៌មានជាតិ

លោក វេង សាខុន៖ ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំល្អ ត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំត្រូវប្រកាន់នូវគោលការណ៍ច្បាស់លាស់ ត្រូវគោរពនិងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោម ដោយផ្តល់យុត្តិធម៌ និងកិត្តិយស ការលើកទឹកចិត្ត ផ្តល់រង្វាន់ដោយភាពសុក្រឹត និងប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ​បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបពណ៌​គ្នា មិនធ្វើជាខ្នងបង្អែកឲ្យឈ្មួញទុច្ចរិត និងបក្ខពួកខ្លួននោះឡើយ។

ការលើកឡើងដូច្នេះ បានប្រព្រឹត្តិទៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្មថ្មីនៅខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នេះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា “ការតែងតាំង និងផ្ទេរតំណែងជូនមន្ត្រីរាជការ គឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនិមួយៗ”។

ជាមួយនោះ លោកក៏បានគូសបញ្ជាក់ពីចំណុចស្នូល នៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ពិសេស កំណែទម្រង់ស៊ីជម្រៅ ដែលបានផ្តោតលើវិស័យកសិកម្មជាទិភាពមួយដ៏សំខាន់ ក្នុងចំណោមវិស័យអាទិភាពជាច្រើនទៀត ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើន​ និងធានារក្សាបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់នេះ ពិសេសកម្ពុជា ជាប្រទេសកសិកម្មមានប្រជាជនជាង៨០ភាគរយប្រកបរបរកសិកម្ម។

លោកសង្កត់ធ្ងន់ថា សម្រាប់ប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធនៃខេត្ត និងការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចជួយដល់កសិករ ត្រូវចុះដល់មូលដ្ឋានជំរុញការងារបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ត្រៀមអន្តរាគមន៍ជួយកសិករដោយផ្តល់សេវា និងសម្ភារកសិកម្មប្រកបដោយប្រសិទ្ធភាពចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការនាំចូលសត្វ និងសាច់សត្វខូចគុណភាព និងខុសច្បាប់ ក៏ដូចជាសំភារកសិកម្ម ត្រូវរៀបចំថវិកា និងមន្ត្រីគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយកសិករ។

ក្រៅពីនេះ ត្រូវខិតខំផ្តល់សេវា និងរចនាសម្ព័ន្ធចាំបាច់ជូនប្រជាកសិករ និងជួយគិតគូរអំពីទីផ្សារជូនកសិករ ដោយបំផុសគំនិតការធ្វើកសិកម្មចម្រុះ នៅក្នុងសហគមន៍កសិកម្ម ត្រូវតាមដានជាប់ជាប្រចាំនូវសំភារៈកសិកម្ម៖ ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ដើម្បីកាត់បន្ថយហានិភ័យពីឥទ្ធិពលនៃសំភារៈកសិកម្មខូច ក្លែងបន្លំគុណភាព និងការប្រើប្រាស់មិនត្រូវបច្ចេកទេស ត្រូវខិតខំរៀបចំថវិកាកម្មវិធីពេញលេញសម្រាប់អនុវត្តផែនការសកម្មភាពក្រសួងឆ្នាំ២០១៧៕

មតិយោបល់