ក្រោយទទួលបានពានជាអ្នកគ្រងឈុតបុរាណ ម្ចាស់ពានប្រចាំឆ្នាំ២០១៩ បានឡើងបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍PNN យ៉ាងមានកិត្តិយស។ ម្ចាស់ពានខ្លះ ត្រូវគេឃើញគ្រងឈុតដែលធ្លាប់លើកពាន កាលនៅសំបូរព្រៃគុក ប៉ុន្តែម្ចាស់ពានខ្លះ គ្រងឈុតបុរាណមួយបែបថ្មី។ យ៉ាងណាមិញគ្រប់ឈុតដែលបានរំលេចឡើង គឺសុទ្ធតែស្រស់ស្អាត និងមានអត្ថន័យជាទម្រង់ខ្មែរដោយមានតឹកតាងច្បាស់លាស់។
ខាងក្រោមនេះ ជាអត្ថន័យត្រួសៗ នៃឈុតនីមួយៗ ដែលបានស្លៀកបង្ហាញ៖
-លោក អ៊ី សុខជា៖ មិនមែនជាម្ចាស់ពានគ្រងឈុតបុរាណនោះទេ ប៉ុន្តែលោកគឺជាអ្នកច្នៃម៉ូដ ដែលត្រូវបានបេក្ខជនបេក្ខនារី នៅក្នុងការប្រកួត គ្រងឈុតបុរាណនៅឆ្នាំ២០១៩ ទាក់ទងអោយជួយច្នៃឈុត ហើយ ឈុតដែលលោកច្នៃឡើង ជួយអោយបេក្ខនារី ២រូប គឺលេខ១ និងលេខ២ លើកពានក្នុងឆ្នាំ២០១៩។ ឈុតដែលលោកបង្ហាញ មានឈ្មោះថា ឈុតព្រះវិស្ណុ វាសុទេវនារាយណ៍ ដែលជាអទិទេពល្បីល្បាញ ក្នុងព្រហ្មញ្ញសាសនា។
-កញ្ញា ភីយ៉ា៖ គឺជាតារាសម្ដែង និងជាម្ចាស់គ្រងឈុងបុរាណ ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ ២០១៩។ កញ្ញាគ្រងឈុត អប្សរាបាយ័ន ដែលបានចម្លងចេញពីចម្លាក់នៃប្រាសាទបាយ័ន ដោយក្បូរក្បាច់នៃតួអង្គអប្សរាអង្គនេះ គឺ បង្ហាញពីសិល្បៈរីកចំរើនរបស់ខ្មែរ នៅក្នុងសម័យអង្គរ។ មួយឈុតនេះ បានជួយអោយកញ្ញាលើកពាន ជាតារាគ្រងឈុតបុរាណស្រស់ស្អាតជាងគេ នៅក្នុងការប្រលងឈុតបុរាណ របស់គ្រួសារតារា កម្ពុជានៅប្រាសាទសំបូរព្រៃគុកកន្លងទៅ។ ឈុតនេះ ក៏ជាការច្នៃឡើងដោយលោក អ៊ី សុខជា។
-លោក រុន ណាកូ៖ គឺជាម្ចាស់ពាន គ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្ដសម កាលពីឆ្នាំ២០១៨ ដោយក្នុងពេលនោះ លោកបានគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ដែលជាអ្នកកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ លោកទទួលបានពាន ក្នុងនាមជាអ្នកគ្រងឈុតបុរាណជាថ្មីមួយទៀត តាមរយៈការបោះឆ្នោតកាលពីដើមខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមជាម្ចាស់ពានប្រជាប្រិយភាព ប្រចាំឆ្នាំ ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់ទាំង ៦រូប។ លោកគឺជាតារាសម្ដែងមួយរូប ជាតារាម៉ូដែលប្រចាំក្រុមបង្ហាញម៉ូដ BN និងជានិស្សិតពេទ្យជិតបញ្ចប់ឆ្នាំ នៅខេត្តកំពត។ ឈុតដែលលោកបានគ្រងនៅក្នុងថ្ងៃនេះ គឺជាមានឈ្មោះថា ឈុតម្កុដកំពូល៣របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រងនៅក្នុងពិធីឡើងគ្រងរាជ និងពិធីសំខាន់មួយចំនួន ក្នុងការគ្រប់គ្រងប្រទេស។ ឈុតនេះជួនកាលគ្រងដោយសំពត់ ជួនកាលដោយក្បិន ដោយមានឆ្លាក់នៅប្រាសាទបាយ័ន និងជាការច្នៃឡើងដោយ លោក អ៊ីសុខជា។
-កញ្ញា វណ្ណា វត្តី៖ គឺជាតារាចម្រៀង និងជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ២ ប្រចាំឆ្នាំ២០១៩។ កញ្ញាគ្រងឈុត ដែលមានឈ្មោះថា ទេពអប្សរាអង្គរ ដែលតួអង្គអប្សរានេះ មានឆ្លាក់នៅចំប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។ ឈុតនេះ មានម្កុដ កំពូល៣ ហើយតំណាងអោយអប្សរាដែលធំជាងគេ ក្នុងចំណោមព្រះនាងអប្សរាទាំងឡាយនៃអវតា។ ក្បូរក្បាច់រចនារបស់ឈុតនេះ បង្ហាញ ពីភាពរុងរឿងនៃសិល្បៈខ្មែរ ដ៏សំបូរបែបរបស់ខ្មែរ នៅក្នុងសម័យអង្គរ។ ឈុតនេះ ជាការច្នៃឡើងដោយ អ្នកឯកទេសច្នៃឈុតបុរាណ គឺ លោក អ៊ី សុខជា។
-លោក លឿង វិសាល៖ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ លោកគឺជាអតីតបុរសឯកវាយនភ័ណ្ឌឆ្នាំ២០១៩ ដោយលោកបានគ្រងឈុតស្ដេចសមុទ្រ ក្នុងការបង្ហាញខ្លួនជាទូតសុឆន្ទៈ លើកដំបូងនាថ្ងៃនោះ។
-កញ្ញា ពេជ្រ ចរណៃ៖ គឺជាម្ចាស់ពានគ្រងឈុតបុរាណ ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ កញ្ញាបានគ្រងឈុត ព្រះនាងសីតា ក្នុងរឿងរាមកេរ្តិ៍ និងជាឈុតក្នុង សិល្បៈល្ខោនខោល ដែលត្រូវបានអង្គការយូឌីស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ កាលពីឆ្នាំ២០១៨។ កញ្ញាក៏ជាកីឡាការិនី ផ្នែកល្បុក្កតោ ដែលចេះក្បាច់គុនយ៉ាងស្ទាត់ជំនាញមួយរូប។
-លោក ឌួង តារាផាឌីន៖ គឺជាតារាចម្រៀងសំលេង២ និងជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៩។ លោកគ្រងឈុតព្រះគ្រូព្រាហ្មណ៍ ដែលជា គ្រូនៃអង្គព្រះមហាក្សត្រនៅក្នុងសម័យអង្គរ។ ព្រះគ្រូព្រាហ្មណ៍ គឺជា អ្នក ចាត់ចែងសាសនាដ៏សំខាន់ នៅក្នុងសម័យ អង្គរ ក្នុងពេលដែលប្រទេស កម្ពុជា គោរពព្រហ្មញ្ញសាសនា ជាសាសនារបស់រដ្ឋ។ មួយឈុតនេះ មានការច្នៃឡើងដោយរូបលោក ផ្ទាល់ និងមានការចូលរួមពីអ្នកជំនាញ ច្នៃឈុតបុរាណ គឺលោក អ៊ី សុខជា៕
មតិយោបល់