ព័ត៌មានសិល្បៈ និងកម្សាន្ត

ចុមបុរសម្នាក់នេះ ហ៊ានម្ល៉េះ បង្ហោះវីដេអូរិះគន់កម្មវិធី «ពេញចិត្តអត់» ឡើងចាស់ដៃ!

កាលពីល្ងាចថ្ងៃទី២៧ កក្កដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ដែលប្រើឈ្មោះថា «បងថាកំពង់ចាម» នៅក្នុងហ្វេសប៊ុក បានបង្ហោះវីដេអូរិះគន់យ៉ាងចាស់ដៃទៅកាន់កម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យ របស់ទូរទស្សន៍ My TV ។ លោកបានបោះសម្ដីធ្ងន់ៗវាយប្រហារទៅលើមេក្រុមជាអ្នកដឹកនាំតារាកិត្តិយសធ្វើសកម្មភាពប្រកួតប្រជែង និង ពិធីករ ដោយការរិះគន់របស់លោកត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយ និងគាំទ្រច្រើននោះផង។

វីដេអូរិះគន់នោះមានរយ:ពេលជិត៥នាទី ដោយក្រៅពីបានលើកឡើងនូវកំហុសឆ្គងមួយចំនួនរបស់នាយពែកមី ត្រូវបានចូលជំនួសលោកអ៊ិត សេដ្ឋា ដែលបានចែកឋាន អ្នកនាងខ្ញុង និងនាយព្រែកជាពិធីករ ក៏បានវាយប្រហារចំពោះកម្មវិធីទាំងមូល បានបណ្ដោយឲ្យពិធីករ និងតារាកំប្លែងធ្វើឲ្យបាត់បង់តម្លៃ និងបានចោទនោះជាកម្មវិធីដែលជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនានោះផង ប្រសិនបើគ្មានការកែទម្រង់។

លោករិះគន់ថា កម្មវិធីនេះមានចេតនាមាក់ងាយដល់បេក្ខជនបេក្ខនារីដែលឡើងបញ្ចេញសមត្ថភាព ទើបរមែងបណ្ដោយឲ្យពិធីករ និងតារាមួយទៀតប្រើពាក្យមិនបានសមរម្យដើម្បីបានសើចតែឯង ហើយមិនគិតដល់កិត្តិយសរបស់អ្នកត្រូវគេបាញ់ដោយពាក្យសម្ដីមិនសមរម្យ។

នេះជាការរិះគន់ដោយចំហរកម្រមួយ ដែលគេធ្លាប់ឃើញនៅលើបណ្ដាញហ្វេសប៊ុក ខណ:ដែលវីដេអូមានខ្លឹមសារចោទថាបណ្ដាលមកពីអ្នកដឹកនាំជាអ្នកមានចេតនាផ្សព្វផ្សាយនូវទម្រង់កម្មវិធីមិនមានតម្លៃដល់អ្នកទស្សនា ទើបបណ្ដោយឲ្យតារាកំប្លែងជាមេក្រុម និងពិធីករជាដើមនិយាយប៉ះពាល់ដល់បេក្ខជន បេក្ខនារី រាប់មិនអស់ ហើយគ្មានការកែទម្រង់។

លោកថាកម្មវិធីពេញចិត្តអត់ថ្ងៃអាទិត្យ កាន់តែបានចាកឆ្ងាយពីតម្លៃអប់រំ និងផ្ដល់គំរូអវិជ្ជមាន ដោយសារតែអ្នកដឹកនាំកម្មវិធីគិតតែចង់ឲ្យកម្មវិធីបានសើចសប្បាយតែមួយមុខ ហើយមិនខ្វះពីភាពថ្លៃថ្នូរក្នុងការចំអកឡកឡឺយឲ្យគ្នា។ លោកបានទាំងទទូចឲ្យក្រសួងពាក់ព័ន្ធធ្វើការត្រួតពិនិត្យកម្មវិធីមួយនេះ ដើម្បីឲ្យមានតម្លៃសម្រាប់អ្នកទស្សនាដែលចង់សើចសប្បាយជាមួយកម្មវិធីនេះផង។

យ៉ាងណាមិញ ឆ្លើយតបនឹងការរិះគន់របស់ខាងលើ មន្ត្រីជាអ្នកដឹកនាំកម្មវិធី ធ្លាប់បានប្រកាសថាកម្មវិធី «ពេញចិត្តអត់ថ្ងៃអាទិត្យ» មានបំណងតែមួយគត់ គឺធ្វើឲ្យអ្នកទស្សនាសើចសប្បាយ និងមិនមានចេតនាបំបាក់កិត្តិយសចំពោះតារាណាម្នាក់ឡើយ។

ក្នុងនោះសូម្បីនាយព្រែក អ្នកនាងខ្ញុងជាដើម ក៏ធ្លាប់ប្រកាសនៅក្នុងកម្មវិធីគ្រប់លើកថាខ្លួនគ្រាន់តែចង់ឲ្យកម្មវិធីបានសើចប៉ុណ្ណោះ គឺអត់មានចេតនាដូចអ្វីដែលឈ្មោះបងថាកំពង់ចាមលើកឡើងខាងលើទេ។

យ៉ាងណាមិញកំហុងឆ្គងនេះ មិនមែនជាការទទួលខុសត្រូវរបស់ពិធីករ និងតារាកិត្តិយសនោះទេ គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងកម្មវិធី ដោយសារតែពិធីករ និងតារាចូលរួមនិយាយអ្វី និងធ្វើសកម្មភាពអ្វីតែតាមការតម្រូវរបស់អ្នកដឹកប៉ុណ្ណោះ។ ម្យ៉ាងកម្មវិធីជាកម្មវិធីថតទុក គឺអ្នកដឹកត្រូវតែកាត់ចោលនូវចំណុចលើសលោះ ដោយមិនគួរបណ្ដោយឲ្យផ្ទុះប្រតិកម្មម្ដងហើយម្ដងទៀតបែបនេះឡើយ៕

ចង់ដឹងថាវីដេអូឃ្លីបនោះលើកឡើងពីអ្វីខ្លះ ហើយតើហេតុអ្វីអត្ថន័យដែលបានបង្ហោះនៅក្នុងវីដេអូនោះទទួលបានការចាប់អារម្មណ៍ សូមធ្វើការទស្សនា៖

//youtu.be/h6q5232PtfQ

មតិយោបល់