ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៦រូប ត្រូវបានបំពាក់ឈៀងទូតសុឆន្ទៈមុនគេ

កាលពីរសៀលថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៩ ម្ចាស់ពានគ្រងឈុតបុរាណ៥រូបប្រចាំឆ្នាំ២០១៩ ត្រូវបានអញ្ជើញអោយបង្ហាញខ្លួន នៅក្នុងកម្មវិធីសិល្បៈរបស់ PNN ដោយមានស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំការប្រកួតឈុតបុរាណ និង អ្នកច្នៃឈុតបុរាណមួយរូប ចូលរួមផងដែរ។ នៅក្នុងពិធីនោះ ក៏មានការបំពាក់ឈៀងម្ចាស់ពានទាំង៥ ដែលបានបង្ហាញខ្លួន ជាទូតសុឆន្ទៈជាផ្លូវការផងដែរ។

ការបង្ហាញខ្លួនរបស់អ្នកទាំង៦ បានធ្វើអោយម្ចាស់ពានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឱកាសបង្ហាញខ្លួន គ្រងឈុតលើកនេះ គឺជាការបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីក្លាយជាម្ចាស់ពាន និងបន្ទាប់ពីត្រូវបានប្រកាសថា ជាទូតសុឆន្ទៈ ដើម្បីកិច្ចការសង្គម របស់គ្រួសារតារាកម្ពុជា។ ម្ចាស់ពានគ្រងឈុតបុរាណ ដែលទើបទទួលបានពានក្នុងឆ្នាំ២០១៩នេះ មានចំនួន៧រូប ដោយមានម្ចាស់ពាន ដែលកើតចេញពីការប្រកួតឈុតស្អាតចំនួន៦រូប និងម្ចាស់ពានប្រជាប្រិយភាព ដែលកើតចេញពីការបោះឆ្នោត ក្នុងចំណោមម្ចាស់ពានឆ្នាំចាស់ទាំង៦។ ការបង្ហាញខ្លួន របស់ម្ចាស់ពានគ្រងឈុតបុរាណ នៅ PNN ដែលជាការបង្អួតឈុតបុរាណលើកដំបូង ក្នុងកម្មវិធីទូរទស្សន៍នេះ ត្រូវគេឃើញអវត្តមានលោក បញ្ញា សិទ្ធិ ដែលជាប់ចំណាត់ថ្នាក់លេខ២មួយរូប ដោយសារតែលោកជាប់វះកាត់បំពង់ក។ អ្វីដែលគួរកត់សម្គាល់តារា៥រូប ដែលត្រូវបានបំពាក់ឈៀង ជាទូតសុឆន្ទៈដំបូងគេនោះ គឺមើលទៅស្រស់ស្អាត និងទាក់ភ្នែកយ៉ាងខ្លាំង ជាមួយនឹងសំលៀកបំពាក់ទម្រង់បុរាណ ដែលជួយអោយពួកគេឈ្នះពានកាលពីពេលប្រកួត។

ម្ចាស់ពានឈុតបុរាណ ដែលបានបង្ហាញខ្លួននៅក្នុងពេលនោះ រួមមាន លោក ឌួង តារាផាឌីន ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១, កញ្ញា ភីយ៉ា ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ១, កញ្ញា វណ្ណា វត្តី ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ២, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់លេចធ្លោ និងស័ក្តសមប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៩, កញ្ញា ពេជ្រ ចរណៃ ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣, និង លោក លឿង វិសាល ម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣។

អ្នកទាំង៥ ត្រូវបានបំពាក់ឈៀងជាទូតសុឆន្ទៈមុនគេ ក្នុងចំណោមម្ចាស់ពានគ្រងឈុតបុរាណទាំង១២រូបទាំងឆ្នាំចាស់ និងឆ្នាំថ្មី ដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈ របស់គ្រួសារតារាកម្ពុជា ដើម្បីការងារសង្គម។ ក្នុងពិធីនោះ លោក អុី សុខជា ដែលជាអ្នកច្នៃម៉ូដអោយបេក្ខជនបេក្ខនារីគ្រង ហើយឈ្នះពានច្រើនជាងគេ ក៏បានគ្រងឈុតបុរាណក្នុងឈុតវិស្ណុ ផ្ដល់កិច្ចសម្ភាសន៍ ជាមួយអ្នករៀបចំការប្រកួតឈុតបុរាណ គឺលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ៕

មតិយោបល់