ភ្នំពេញ: បើទោះជាមិនទាន់មានពេលដាំដើមឈើ បន្ទាប់ពីដាំបានចំនួនជាង១ម៉ឺនដើម នៅក្នុងតំបន់អារ៉ែង ក្នុងខេត្តកំពង់ស្ពឺ ក៏តារាចម្រៀងនាង មាស សុខសោភា នៅតែមិនទាន់បញ្ចប់ ការតាំងចិត្តរបស់ខ្លួននោះឡើយ។
នាងនិយាយថា នៅក្នុងរដូវធ្លាក់ភ្លៀងឆ្នាំនេះ នាងនឹងមិនចេញទៅសម្ដែងនៅក្រៅប្រទេសនោះទេ ដើម្បីយកពេលដែលអាចឆ្លៀត ពេលពីការច្រៀងរាំ ដែលមមាញឹកខ្លាំង ទៅដាំដើមឈើបន្ថែមដែលបានគ្រោងទុក។
ក្រៅពីនោះនាង ក៏ទទួលចេញច្រៀងក្នុងតន្ត្រីសប្បុរសធម៌ ដោយមិនគិតប្រាក់ចំណូល គួរឲ្យកោតសរសើរផងដែរ បើទោះជានាងបានក្លាយជាតារាលំដាប់កំពូលដែលកម្រនឹងមានពេលជួយសង្គម។
នាងនិយាយថា «ឥឡូវនេះ ឲ្យតែកម្មវិធីសង្គមទទួលច្រៀងទាំងអស់ ហើយឆ្នាំនេះខ្ញុំអត់ទៅច្រៀងនៅក្រៅប្រទេសទេ ព្រោះខ្ញុំរាល់ឆ្នាំទំនេរតែពេលធ្លាក់ភ្លៀងតិចប៉ុណ្ណោះអញ្ចឹងបើយកពេលទៅហ្នឹងទៅក្រៅប្រទេសទៀត ប្រាកដជាអត់ពេលជួយសង្គមទៀតហើយ!»។
នាងថានឹងគ្រោងដាំដើមឈើឲ្យគ្រប់២ម៉ឺនដើមនៅអារ៉ែង តែមិនទាន់ច្បាស់ថានឹងដាំឲ្យរួចនៅក្នុងឆ្នាំនេះឬយ៉ាងណានោះទេ គឺអាស្រ័យលើភាពជាក់ស្ដែងនៃពេលវេលា។
យ៉ាងណាក៏ដោយនៅក្នុងរយៈពេលដែលមិនបានដាំដើមឈើបន្ថែមបន្ទាប់ពីដាំបានតែ១ម៉ឺនដើមនោះ នាងក៏បានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនដល់ប្រជាជន ដើម្បីឲ្យថែទាំនូវដើមឈើដែលបានដាំទាំងនោះឲ្យបានធំធាត់ផងដែរ។
នាងថាខ្លួននឹងបំផុសឲ្យមានការដាំដើមឈើឲ្យបានកាន់តែច្រើន ដោយមានគម្រោងនឹងដឹកនាំអ្នកគាំទ្រចុះទៅជួយដាំដើមឈើបន្ថែមពីលើការប្រឹងប្រែងរបស់ខ្លួនទៀត ដើម្បីឲ្យប្រទេសកម្ពុជាមានពណ៌ធម្មជាតិជាពិសេសនៅក្នុងតំបន់អារ៉ែងដែលត្រូវការគម្រប់ព្រៃឈើនោះ៕
មតិយោបល់