កាលព្រឹកពីថ្ងៃទី៧ សីហា ឆ្នាំ២០១៩ ម្ចាស់ផលិតកម្ម B&S Good Day បានប្រកាសក្រុងពាលី ថតរឿងថ្មីប្រចាំប៉ុស្តិ៍លេខ៥ ក្រោមចំណងជើងថា “ល្បិចលួងល្បួងស្នេហ៍” ដែលសាច់រឿងទាំងស្រុង សំដៅលើវិស័យរោងចក្រ។ នេះជាភាពយន្តភាគ៤០ដុំ ដែលគ្រោងនឹងផលិតឲ្យចប់សព្វគ្រប់នៅខែ១២ចុងឆ្នាំនេះ។
លោក ប៑ុន ស៑ា ចាងហ្វាងផលិតកម្ម B&S Good Day បានថ្លែងថ្ងៃក្រុងពាលីនោះថា នេះជារឿងមួយថ្មី ដែលលោកបានិពន្ធសាច់រឿង មិនចម្លងពីរឿងផ្សេងៗ ហើយនិយាយពីស្ថានភាពរីកចំរើន នៃវិស័យរោងចក្រនៅកម្ពុជា។ ក្នុងសាច់រឿងនេះ ក្រៅពីលើកឡើងពីស្នេហា ពីជីវភាពរបស់កម្មករកម្មការិនីរោងចក្រ ក៍លើកឡើងពីទំនាក់ទំនង រវាងថៅកែរោងចក្រ និង បុគ្គលិកបម្រើការផងដែរ។
យ៉ាងណាមិញលោក កំពុងព្រួយបារម្ភពីបញ្ហាបណ្ដារោងចក្រ មិនចង់សហការផ្ដល់កន្លែងថតផងដែរ បន្ទាប់ពីលោក ដាក់សំណើរសុំទីតាំងថតច្រើនរោងចក្រ តែមិនមានការឆ្លើយតប។ រឿងភាគនេះ គម្រោងចំណាយយ៉ាងហោច១០មុឺនដុល្លារ ខណៈដែលការចំណាយ ជាក់ស្ដែងលោកថាគឺថាមិនទាន់កំណត់។
លោក ទិត្យ ធារិទ្ធិ អ្នកដឹកនាំផលិត បានអះអាងថា មួយរឿងនេះ ត្រូវការប្លង់ថតនៅក្នុងរោងចក្រ និងខាងមុខរោងចក្រច្រើន ប៉ុន្តែប្រសិនបើបណ្ដារោងចក្រ មិនផ្ដល់ទីតាំង គឺមានតែរៀបប្លង់ ជាទម្រង់រោងចក្រប៉ុណ្ណោះ។ លោកថា មួយរឿងនេះ បានប្រមូលផ្ដុំដោយតារាសម្ដែងចាស់ថ្មីជាច្រើនរូប ដោយក្នុងនោះរួមមាន លោកសុធា ពិសិដ្ឋ កញ្ញា ពុធ ស្រីខួច លោក ឃីម ហ្សានីត អ្នកស្រី សំ សុផល និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត៕
មតិយោបល់