ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ និង ពេជ្រ ចរណៃ អួលដើម-កនៅចំពោះមុខក្មេងកំព្រា

ក្នុងឳកាសបង្ហាញមុខចែករំលែកក្ដីស្រទ្បាញ់ និងចែកអំណោយដល់កុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រានួនអកព្រៃជុំ ស្ថិតនៅស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩ តារាចម្រៀង និងតារាសម្ដែង២រូប គឺលោក វង្ស ថាណាន់ និង កញ្ញា ពេជ្រ ចរណៃ ដែលសុទ្ធតែក្មេងកំព្រា ឳពុកម្ដាយ អួលដើម-កស្ទើរតែហូរទឹកភ្នែកតែម្ដង នៅពេលអ្នកទាំងពីរ ឡើងផ្ដល់កម្លាំងចិត្តដល់កុមារទាំងនោះ។ អ្នកទាំងពីរ បានទាំងទទូចកុំឲ្យក្មេងៗ កំព្រាទាំងឡាយ កុំអស់សង្ឃឹមនៅក្នុងជីវិតនោះផង។

លោក វង្ស ថាណាន់ ថ្លែងថា លោកគឺជាក្មេងកំព្រា តាំងពីវ័យកុមារភាព ដោយសារតែឳពុកម្ដាយបែកបាក់គ្នា ហើយបោះបង់លោក បណ្ដាលឲ្យលោករស់នៅមណ្ឌលកុមារកំព្រា ក្នុងខេត្តកំពង់ស្ពឺអស់ជាច្រើនឆ្នាំដូចគ្នា។ លោករៀបរាប់ពីបទពិសោធន៍ជីវិត និងការតស៑ូបណ្ដើរអួលដើម-កបណ្ដើរ ដោយគេឃើញលោកលួចបង្ហូរទឹកភ្នែក នៅពេលនិយាយពីអតីតកាលដ៏កម្សត់នោះផង។ លោកទទូចឲ្យក្មេងៗ ដែលស្ថិតនៅក្នុងមណ្ឌលកុំបាក់ទឹកចិត្ត និងថាជីវិតអាចនឹងមានអនាគតល្អប្រសើរជាងរូបលោកផង បើប្រឹងរៀនសូត្រ និងតស៑ូ។

មិនខុសគ្នាដែរ កញ្ញា ពេជ្រ ចរណៃ ទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា បានឡើងថ្លែងក្នុងគ្រានោះដែរថា កញ្ញាអត់មានឳពុកម្ដាយបង្កើត ហើយក្លាយជាក្មេងរសាត់អណ្ដែត ខ្វះភាពកក់ក្ដៅ ខ្លាំងជាងកុមារកំព្រា ដែលមានមណ្ឌលនួនអកព្រៃជុំ ផ្ដល់ភាពកក់ក្ដៅនោះផង។ កញ្ញាថាខ្លួនទើបតែមានជីវិតប្រសើរខ្លះ ក្រោយពេលជួបម្ដាយ បច្ចុប្បន្នយកមកចិញ្ចឹមប៉ុណ្ណោះ ខណ:ដែលជីវិត ក៍ត្រូវហែលឆ្លងឧបសគ្គ រាប់មិនអស់ទម្រាំមានថ្ងៃនេះ។

នាងសួរបញ្ច្រាសមកវិញថា បើក្នុងថ្ងៃនេះ នាងមិនចេះអក្សរ នាងមិនមែនជាតារាសម្ដែង និងមិនចេះ ជំនាញល្បុក្កតោ តើមានអ្នកណាខ្លះគេឲ្យតម្លៃនាង។ អុីចឹងហើយ ទើបកញ្ញា ទទូចឲ្យកុមារកំព្រា ខិតខំរៀនសូត្រ និងកុំគិតថាខ្លួនឯកោ។ កញ្ញាក៏ប្រកាស នឹងបន្តជួយដល់មណ្ឌលកុមារកំព្រាមួយនេះ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ប្រសិនបើមានតម្រូវការនោះផងដែរ។

គួរបញ្ជាក់ថា វង្ស ថាណាន់ និង ពេជ្រ ចរណៃ បានបង្ហាញខ្លួនចែកអំណោយ តបតាមការស្មើសុំ របស់គ្រួសារតារាកម្ពុជា ដើម្បីបង្ហាញឲ្យស្រទាប់មហាជន មើលឃើញពីទឹកចិត្ តរបស់ក្រុមសិល្បករប្រចាំ នៅក្នុងគ្រួសារតារាកម្ពុជាទាំងឡាយ។ នៅក្នុងកម្មវិធីក៍មានតារាផ្សេងទៀត ចូលរួមផងដែរ ដូចជាអ្នកនាង ចាន់ផល្លា, លោក រុន ណាកូ, លោក សុិន សុធារិទ្ធ, កញ្ញា ភី សម័យ, លោក ម៉ែន អម្រុងរ័ត្ន ដែលជាទូតសុឆន្ទ:, កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, លោក សន សុវណ្ណារ៉ា ពិធីករ, លោក វង សច្ច:វិជ្ជា តារាសម្ដែង, ក្រុមសម្ដែងឌីជេឆ្លាម, តារាសម្ដែង អ្នកនាង សាង សុរិយា, តារាសម្ដែង លោក មុត សុវណ្ណារិទ្ធ, លោក រ៉ា យ៉ាឌីន តារាចម្រៀង, លោក ឆេង វង្ស ល្ខោនខោល, កញ្ញា អ៑ុក ដារ៉េត, លោក គីម ផាន់ណាវីត, និងតារាប្រុសស្រីជាច្រើនរូបទៀត។

នៅក្នុងថ្ងៃនោះ គ្រួសារតារាកម្ពុជាបានប្រគល់ជូនកូនសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិករបស់មណ្ឌលនូវអង្ករ កាតាបរៀន សៀវភៅមួយកញ្ចប់ ប៑ិច បន្ទាត់ ទឹកដោះគោម្នាក់ ភេសជ្ជ:AD ជាច្រើនកេស នំកញ្ចប់ នំប័ុង និងថវិកាជូនលោកគ្រូអ្នកគ្រូម្នាក់២មុឺនរៀល ជូនដល់សិស្ស និងបុគ្គលិកគ្រប់គ្នានៅក្នុងថ្ងៃនោះ៕

មតិយោបល់