ក្នុងចំណោមតារាចម្រៀងដែលមានឈ្មោះសំឡេង គេកត់សម្គាល់ថា តារាចម្រៀងរូបសង្ហារលោក អេឡិច ចាន់ត្រា ចេញទៅច្រៀងនៅប្រទេសអូស្ត្រាលីញយដងទៅហើយ។ ប៉ុន្តែលោកនៅតែដណ្ដើមបានការចាប់អារម្មណ៍ខ្ពស់ ខុសពីតារាដែលតែងថ្ងូរថាពិបាកក្ដោបក្ដាប់ការគាំទ្រឲ្យបានខ្លាំងនៅពេលបង្ហាញមុខទៅប្រគំតន្ត្រីលើទីតាំងប្រទេសដដែលៗ។
តាំងពីចុងខែកក្កដាមកម្លេះ ដែលលោក អេឡិច ចាន់ត្រា បានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី ដែលការចេញសម្ដែងលើកនេះ មិនមែនជាលើកដំបូងនោះទេ គឺអាចនិយាយបានថារាប់ភ្លេច។ យ៉ាងណាមិញ ក្រឡេកទៅមើលបរិយាកាសនៃការប្រគំតន្ត្រីតារារូបនេះ នៅតែទាក់ទាញបងប្អូនខ្មែរឲ្យចូលទស្សនាកកកុញ អមដោយទិដ្ឋភាពស្វាគមន៍មិនអន់ជាងតារាល្បីទៅបង្ហាញមុខជាលើកដំបូងនោះទេ ដោយសារតែលោកជាតារាយុវវ័យ តែនៅពេលបកស្រាយបទចម្រៀងជំនាន់ដើម ក៏ពិរោះមិនណយ។ ក្រៅពីការប្រគំតន្ត្រីលក់សំបុត្រក្នុងHall លោកត្រូវគេឃើញទទួលបានការអញ្ជើញឲ្យច្រៀងជាកិត្តិយសក្នុងកម្មវិធីតាមផ្ទះស្ទើរមិនលោះពេលនោះទេ ដោយតារារួមក្រុមបានទាំងហៅការបង្ហាញមុខរបស់លោក អេឡិច ចាន់ត្រា មិនថាកម្មវិធីជប់លៀងតាមផ្ទះ និងក្នុងកម្មវិធីផ្សេងៗដែលបងប្អូនខ្មែរអញ្ជើញជាកិត្តិយសនៅខាងក្រៅស្ពុនស័រថាដណ្ដើមយកអស់ប្រាក់ធីប និងការគាំទ្រខ្លាំង ទោះជាបងប្អូនខ្មែរទាំងនោះសុទ្ធតែធ្លាប់បានស្ដាប់ទឹកដមសំឡេងរបស់លោកយ៉ាងសាំទៅហើយ។
ប្រភពពីខាងស្ពុនស័របានអះអាងថា លោក អេឡិច ចាន់ត្រា គ្រោងសម្ដែងនៅក្នុងទឹកដីអូស្ត្រាលីលើកនេះត្រឹមតែ១ខែប៉ុណ្ណោះ ដោយសារតែការងារនៅក្នុងប្រទេសកម្ពុជាដកឃ្លាមិនបាន។ ជាក់ស្ដែងដ្បិតថាលោកជាប់សូរនៅក្រៅប្រទេស ប៉ុន្តែការងាររៀបចំអាហ្វែក្រុមចម្រៀងរបស់លោកគឺនៅតែមានសកម្មភាព។ យ៉ាងណាមិញ ប្រភពពីខាងស្ពុនស័របន្តថា លោក អេឡិច ចាន់ត្រា កំពុងត្រូវបានអន្ទងឲ្យពន្យារពេល ដោយលោកអាចនឹងត្រូវចេញទៅសម្ដែងនៅក្នុងប្រទេសញូហ្សេឡិនយ៉ាងតិចកន្លះខែទៀត ក្រោយចប់ការសម្ដែងនៅអូស្រ្តាលី។
លោក អេឡិច ចាន់ត្រា នៅតែបង្ហាញអារម្មណ៍រំភើបនៅពេលដំណើរមកដល់ប្រទេសអូស្ត្រាលីរបស់ខ្លួន ទទួលបានការស្វាគមន៍ពេញទំហឹងពីបងប្អូនខ្មែរ។ លោកថែមទាំងអះអាងថា អូស្ត្រាលីជាទឹកដីដែលលោកបានចេញសម្ដែងញឹកជាងគេ តែមកដល់ពេលណាកក់កក្ដៅពេលនឹង៕
មតិយោបល់