បន្ទាប់ពីមានឈ្មោះបោះសំឡេង ក្នុងនាមជាដៃគូចម្រៀងបកស្រាយបទពីជំនាន់ដើមលើគ្រប់វេទិកា អ្នកនាង មាស លក្ខិណា និង អ៑ុង សុផល្លី បានសារភាពថា មានទីផ្សារក្រៅប្រទេសជាច្រើនកំពុងទាក់ទង។ អ្នកទាំងពីររំពឹងថា ទទួលបានការគាំទ្រខ្លាំង ក្នុងពេលមានឱកាសចេញសម្ដែងរួមគ្នា នៅឯនាយសមុទ្រក្នុងពេលខាងមុខនោះផង។
អ្នកនាង មាស លក្ខិណា ដែលមានឈ្មោះដើមថា កៃ សុីន បានអះអាងថា ក្នុងពេលដ៏ខ្លី អ្នកនាង និង លោក អ៑ុង ផល្លី នឹងដកឃ្លាពីការងារមុខជំនួញលក់ត្រីងៀត និងមុខរបរបើកស្ទីធីយោទៅច្រៀង នៅក្រៅប្រទេស បន្ទាប់ពីមានបណ្ដាប្រទេសជាច្រើន ដាក់សំណើរអោយអ្នកនាងទទួលច្រៀង។ អ្នកនាងនឹងចេញទៅជាមួយដៃគូ គឺលោក អ៑ុង សុផល្លី ដោយគម្រោងចាកចេញនឹងត្រូវលេចឡើងឆាប់ៗ ប៉ុន្តែអ្នកនាងសុំលាក់ មិនទាន់បង្ហើបថា ចេញទៅកាន់ប្រទេសណាមុននៅឡើយទេ។ តាមគម្រោងអ្នកនាង និងលោក អ៑ុង សុផល្លី ត្រូវចេញទៅច្រៀង នៅក្រៅប្រទេសរួមគ្នា តាំងអំឡុងខែ៤ ដើមឆ្នាំម្លេះ ប៉ុន្តែមកពីការងារដកឃ្លាមិនរួច ស្របគ្នាដែលអ្នកនាង និងលោក អ៑ុង សុផល្លី ក៍ជាប់ច្រៀងក្នុងពិធីធំៗ ជាពិសេសក្នុងកម្មវិធីទូរទស្សន៍ ហើយមុខរបរផ្ទាល់ខ្លួន ក៏មមាញឹកខ្លាំង ទើបសម្រេចចិត្តលើកពេល។ អ្នកនាងថាសប្បាយចិត្ត ដែលអ្នកនាង និងដៃគូ ត្រូវបានគេគាំទ្រ ដោយសារតែប្រកាន់ជំហរបកស្រាយ តែបទពីជំនាន់ដើម។ ដូច្នេះហើយទើបអ្នកនាងរំពឹងថា មិនពិបាកជោគជ័យ ប្រសិនបើអ្នកនាង បានចេញទៅក្រៅប្រទេស ហើយបានបកស្រាយបទពីដើមៗ ជាមួយដៃគូគឺលោក អ៑ុង សុផល្លី។ យ៉ាងណាមិញ អ្នកនាងក៍មិនអាចចេញច្រៀងក្រៅប្រទេសបានយូរៗខែនោះដែរ ដោយសារនៅក្នុងស្រុកក៍រវល់ខ្លាំង។
មិនខុសគ្នាដែរ លោក អ៑ុង សុផល្លី ក៍បានប្រកាសថា តាំងពីចាប់ដៃគូបកស្រាយបទចម្រៀង ពីដើមៗជាមួយអ្នកនាង មាស លក្ខិណា ពិតជាមានទីផ្សារកំរើកខ្លាំង ដោយក្រៅពីឡើងត្រូវឡើងឆាក និងមានកម្មវិធីឡើង ប៉ុស្តិ៍មិនសូវដាច់ ក៏មានអ្នកទាក់ទងអោយចេញច្រៀង ក្រៅប្រទេសមិនតិចដែរ។ យ៉ាងណាមិញលោកថា លុះត្រាតែការចេញច្រៀង ត្រូវបានអញ្ជើញជាលក្ខណៈដៃគូ គឺជាមួយអ្នកនាង មាស លក្ខិណា ទើបលោកទទួលយក។
អុីចឹងហើយទើបប្រទេសពីរបី ត្រូវបានខកដោយសារសំណើរខ្លះចំពេលលោក ទៅបានតែអ្នកនាង មាស លក្ខិណា ទៅមិនបាន ហើយខ្លះចំអ្នកនាង មាស លក្ខិណា ទៅបាន តែលោកជាប់ឡើងចុះទៅយកទំនិញអនឡាញ ដែលមិនអាចខកខាន។ លោកប្រកាសចេញទៅសម្ដែង នៅប្រទេសមួយក្នុងពេលខាងមុខ ដោយសុំលាក់ឈ្មោះប្រទេស ប៉ុន្តែរំពឹងថា នឹងជោគជ័យខ្លាំង៕
មតិយោបល់