ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ សុីថ្លៃកប់ពី”ឋានព្រះឥន្ទ” ក្នុងពិធីប្រគល់រថយន្តយប់មិញ

ក្នុងពិធីប្រគល់រថយន្ត Mazda 2020 របស់ក្រុមហ៑ុនហង្សម្ចាស់ដី ក្នុងគម្រោង”ឋានព្រះឥន្ទ” កាលពីយប់ថ្ងៃទី២៧ សីហា ឆ្នាំ២០១៩ នៅម្ដុំទួលគោក លោកព្រាប សុវត្ថិ ត្រូវគេអះអាងថា ទទួលបានតម្លៃរហូតដល់ជាង៣ពាន់ដុល្លារ ដោយគ្រាន់តែបកស្រាយប៉ុន្មានបទ។ លោកបានទាំងប្រកាស ពីគម្រោងទិញចម្ការធុរ៉េនជាច្រើន ហិកតារនៅខេត្តកំពត និងបង្ហាញពីអារម្មណ៍រំភើប ចំពោះម្ចាស់ចម្ការមួយរូប ដែលបានក្លាយជាម្ចាស់រថយន្ត នៅក្នុងថ្ងៃនោះផងដែរ។

លោក ព្រាប សុវត្ថិ បានថ្លែងក្នុងពិធីជប់លៀងនោះថា លោកមានអារម្មណ៍ រំភើបយ៉ាងខ្លាំង ដែលបានជួបដោយផ្ទាល់ ក្នុងពិធីជប់លៀងជូនដល់អតិថិជន ដែលសុទ្ធតែជាម្ចាស់ចម្ការ របស់ក្រុមហ៑ុនហង្សមាស់ដី។ លោកថាគម្រោង “ឋានព្រះឥន្ទ” គឺជាគម្រោងមួយដ៏ល្អ ដែលក្រុមហ៑ុនបានបង្កើត ហើយពុះ ជាមួយហិកតារៗ ហើយបង់រំលោះជូនពលរដ្ឋ ដោយមានទាំងក្រុមអ្នកជំនាញ ថែទាំរហូតដល់បានផល។ លោកថា ខ្លួនក៏មានចម្ការក្នុងគម្រោងនេះ ដែរនៅខេត្តកំពត ដោយសារតែស្រលាញ់ពេក។

អ្វីដែលលោកយល់ថា កាន់តែល្អទៅទៀតនោះ គឺក្រុមហ៑ុនហង្សម្ចាស់ដី រមែងធ្វើពិធីជួបជុំជប់លៀង ហើយផ្ដល់រង្វាន់ជាដីចម្ការ ជាការបញ្ចុះតម្លៃ និងផ្ដល់ជារថយន្ត Mazda ស៑េរី 2020 ជូនដល់អតិថិជនទៅទៀត ដែលមានន័យថា ទិញដីចម្ការ គឺបានទាំងចម្ការតកូនតចៅ ហើយបានទាំងរថយន្ត។ អតិថិជន ដែលឈ្នះរង្វាន់រថយន្តតម្លៃមុឺនដុល្លារជាលើកទី៣នោះ គឺអ្នកស្រី កែវ វិចិត្ររចនា ជាអាជីវករពេទ្យ នៅរាជធានីភ្នំពេញ ដែលបានទិញចម្ការ១ហិកតារនៅខេត្តកំពត។

លោកទទូចឲ្យអតិថិជនជឿជាក់លើគម្រោង “ឋានព្រះឥន្ទ” ដោយសារលោក ក៏ជាអតិថិជនផងដែរ។ ប្រភពពីអ្នករៀបចំកម្មវិធី បានអះអាងថា លោក ព្រាប សុវត្ថិ សុីថ្លៃ៣៥០០ដុល្លារ គ្រាន់តែមកបង្ហាញខ្លួន តែប៉ុន្មានបទហ្នឹង ដែលជាតម្លៃកប់ពពកមិនធម្មតា។

លោក ហម ហាក់ ប្រធានផ្នែកលក់គម្រោង “ឋានព្រះឥន្ទ” បញ្ជាក់រង្វាន់បញ្ចុះតម្លៃ ដីចម្ការ និងរថយន្ត Mazda 2020 ដែលបានផ្ដល់ជូននេះ នឹងបន្តផ្ដល់ជូនដល់អតិថិជន ជាម្ចាស់ចម្ការបន្តទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការក្នុងគម្រោងឋានព្រះឥន្ទ សប្បាយចិត្ត។ លោកថា រង្វាន់រថយន្ត នឹងត្រូវធ្វើឡើងក្នុងចំនួនច្រើនដងទៀត ដើម្បីឲ្យម្ចាស់ចម្ការគ្រប់ខេត្តដែលគម្រោងឋានព្រះឥន្ទ បានបើកសាខាបន្តឈ្នះ។

មកទល់ពេលនេះ លោកគម្រោងចម្ការធុរ៉េន ចម្ការក្រញូង ចម្ការដូងក្រអូប និងចម្ការក្រូច កាន់តែមានការចាប់អារម្មណ៍កក់ទិញច្រើនឡើង ដោយសារតែដីចម្ការទាំងនោះ ជាដីទិញពីពលរដ្ឋ មិនមែនជាដីខ្យល់ ដីរដ្ឋ ដីជួល និងជាគម្រោងមានផែនការច្បាស់លាស់ ដើម្បីប្រគល់ជូនអតិថិជន៕

មតិយោបល់