ព័ត៌មានសិល្បៈ និងកម្សាន្ត

វុទ្ធ សុគន្ធា ទទួលបានការគាំទ្រខ្លាំងនៅអូស្រ្តាលី

ការបង្ហាញខ្លួនច្រៀងរាំ នៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គេកត់សម្គាល់ថា តារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ទទួលបានការគាំទ្រខ្លាំង មិនចាញ់តារារួមក្រុមរួមមាន លោក អេឡិច ចាន់ត្រា លោក សៅ ឧត្តម និងកញ្ញា ព្រះកាយច័ន្ទ នោះទេ។ ផ្ទុយទៅវិញ ធៀបនឹងការបង្ហាញខ្លួន ចេញច្រៀងនៅក្រៅប្រទេសមុនៗ គឺនាងទទួល បានការគាំទ្រជាងមុន។

ការលើកឡើងថា វុទ្ធ សុគន្ធា លេចធ្លោក្នុងគម្រោង ទៅសម្ដែងនៅអូស្ត្រាលីនេះ គឺដោយសារតែតាំងពីនាងបង្ហាញខ្លួន នៅលើទឹកដីសំបូរដោយកុងហ្គូរ៉ូ គឺនាងរមែងបង្ហោះរូបភាពច្រៀងរាំ នៅតាមផ្ទះរបស់បងប្អូនខ្មែរ ដែលរៀបចំពិធីទទួលនាង ដោយនាងមានមុខ មិនអន់ជាងតារារួមក្រុមនោះទេ ខណ:ដែលក្នុងឱកាសខ្លះ នាងទទួលបានការអញ្ជើញ ពីសំណាក់អ្នកគាំទ្រច្រើន ជាងមិត្តរួមក្រុមផង។ នាងក៏ត្រូវគេអះអាងថា ត្រូវបានប្អូនខ្មែរ និងអ្នកធានាទទូច ឲ្យបន្តការច្រៀងនោះផង ប៉ុន្តែនាងមិនអាចបន្តបានដោយសារតែការងារក្នុងស្រុក។

កញ្ញា វុទ្ធ សុគន្ធា ទទួលស្គាល់ថា ការបង្ហាញខ្លួនមកច្រៀងលើកនេះ ទទួលបានការគាំទ្រខ្លាំង ជាងមុនច្រើន បើធៀបនឹងពេល ដែលនាងចេញច្រៀង ក្នុងប្រទេសអូស្ត្រាលីកន្លងមក។ ក្នុងនោះសម្រាប់ឱកាសដើរកម្សាន្ត ក៍ត្រូវបានបងធម៌ៗ ដែលស្រទ្បាញ់រាប់អាននាងរស់នៅទីនោះ ជូននាងដើរបានច្រើនជាងមុនផងដែរ ដោយនាងយល់ថា ដំណើរលើកនេះ គឺការរាក់ទាក់ពីបងប្អូនខ្មែរ គឺកក់ក្ដៅ។

យ៉ាងណាមិញនាងមិនទាន់ប្រកាន់ថា បានទៅច្រៀងនៅប្រទេសញូហ្សេឡិន តបតាមការអញ្ជើញ របស់ស្ពុនស័រនៅឡើយទេ ដោយសារតែបញ្ហាទិដ្ឋាការ នៅញូហ្សេឡិនមិនទាន់ធ្លាក់។ នាងអាចត្រលប់មកស្រុកសិន ទើបឡើងទៅវិញ ឬ អាចបន្តទៅញូហ្សេឡិនតែម្ដង បើគ្មានបញ្ហា ដោយរង់ចាំមើលភាពជាក់ស្ដែង។

ក្នុងនោះកញ្ញា ក៏មិនអាចបន្តពេលវេលាច្រៀងលើសពីថ្ងៃទី៥ កញ្ញា ខាងមុខបានដែរ ដោយសារតែការងារ ក្នុងស្រុកក៏ជាប់កុងត្រា មិនអាចលើកបាន។ នាងថាខ្លួនត្រូវសម្ដែង១ខែ នៅអូស្រ្តាលី និង កន្លះខែនៅញូហ្សេឡិន ដោយនាង នឹងបំពេញបានតែក្នុងរយ:ពេល ដែលបានព្រមព្រៀង ជាមួយស្ពុនស័រ មុនឡើងមកប៉ុណ្ណោះ ដោយមិនអាចបង្អូសពេលបានទេ៕

មតិយោបល់