ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងពីមហិច្ឆតា ទើបដឹងថា សាង សុរិយា មិនដូចគេក្នុងសិល្បៈ

រយៈពេល២ឆ្នាំនេះ គេកត់សម្គាល់ថាអ្នកនាង សាង សុរិយា តារាសម្ដែងមួយរូប ទាញយកទីផ្សារជាច្រើន ដោយបានសម្តែងក្នុងខ្សែភាពយន្តប្រមាណជា៣ ទៅ៤រឿងមកហើយ។ ក្នុងនោះរឿង”កូនស្រីអ្នកនេសាទ” និងភាពយន្តចាក់ផ្សាយ តាមកញ្ចាក់ទូរទស្សន៍ជាច្រើន បែរជាត្រូវតារាស្រីវ័យជ្រេរូបនេះ ប្រាប់ថាគ្រប់គ្រាន់។ អ្នកនាងថា អ្នកខ្លះគេតូចចិត្តដែលប្រឡូកសិល្បៈប៉ុណ្ណឹងដែរ មិនទាន់មានគេ ស្គាល់ច្រើន ប៉ុន្តែសម្រាប់អ្នកនាងប្រាប់ថា ប៉ុណ្ណឹងគឺជាអ្វីអ្នកនាងពេញចិត្តហើយ ដោយសារតែអ្នកនាងចូលសិល្បៈ មិនចង់បានភាពល្បីល្បាញ តែគ្រាន់តែ ដើម្បីរំហែរអារម្មណ៍ និងទុកជាបទពិសោធន៍។

អ្នកនាង សាង សុរិយា បន្តថាហេតុផលដែលអ្នកនាង ចូលសិល្បៈក្នុងវ័យរាងជ្រេ នៅពេលនេះ មិនដែលចង់បានកេរ្តិ៍ឈ្មោះល្បីល្បាញ ឬមានការចាប់អារម្មណ៍ ពីស្រទាប់មហាជនអ្វីនោះទេ ព្រោះដឹងថា ខ្លួនទៅរួចត្រឹមកម្រិតណា ពោលគឺបានត្រឹម មានអ្នកសិល្បៈ និងអ្នកគាំទ្របានស្គាល់តិចតួចប៉ុណ្ណឹង គឺអស់ចិត្ត។ ដូចច្នេះហើយ ទើបអ្នកនាង មិនសូវស្វះស្វែងរកការសម្តែង នឹងការលេងស្ទីលប្លែកៗ ឬក៏មានការបញ្ចេញស្នាដៃអ្វីជាធំកំភួន ដោយចាត់ទុកថាសិល្បៈឈោងបានប៉ុណ្ណា សប្បាយចិត្តទទួលយកប៉ុណ្ណឹង។

អ្នកនាងថា អ្វីដែលសិល្បៈជួយឲ្យអ្នកនាង មានអារម្មណ៍សប្បាយរីករាយ តាមរយៈបានជួបជុំ ជាមួយមិត្តភក្ត្រនៅក្នុងសិល្បៈ និងបទពិសោធន៍ត្រឹមកន្លងមក គឺអ្នកនាងអស់ចិត្តហើយ មិនបាច់ល្បីក៏បានដែរ។ អ្នកនាងសារភាពថា ខ្លួនទើបតែត្រូវគេស្គាល់ជាងមុន ក្រោយពេលសកម្មក្នុងសកម្មភាពសប្បុរសធម៌ប៉ុណ្ណោះ ទើបអ្នកនាងចាប់ផ្ដើម លែងសូវខ្វល់នឹងការសម្ដែង ហើយលេចមុខតែសកម្មភាពសង្គម ដោយសារតែជួយឲ្យអ្នកនាងស្គាល់គេ ស្គាល់ឯងកាន់តែច្រើន និងបានសប្បាយចិត្តស្រស់ថ្លា។

គួរបញ្ជាក់ផងដែរ អ្នកនាង សាង សុរិយា គឺជាសមាជិករបស់គ្រួសារតារាកម្ពុជា។ អ្នកនាងធ្លាប់បានប្រឡងការប្រកួតឈុតបុរាណចំនួនពីលើកមកហើយ របស់គ្រួសារតារាកម្ពុជា។ អ្វីដែលគេចាប់អារម្មណ៍ ទោះជាបានដឹងមុនថា មិនទទួលបានចំណាត់ថ្នាក់ ក៏អ្នកនាងសប្បាយចិត្ត។ អ្នកនាងនិយាយថា ប្រឡូកសិល្បៈបានគេស្គាល់ប៉ុណ្ណឹង អ្នកនាងស្កប់ចិត្តហើយ តែអ្នកនាងប្រកាន់ជំហរ មិនបោះបង់ការសម្ដែង និងការងារសប្បុរសធម៌នោះទេ ដោយគ្រាន់តែមិនខ្វល់ ស្រវាស្រទេញ ដើម្បីឲ្យបានល្បី៕

មតិយោបល់