ព័ត៌មានសិល្បៈ និងកម្សាន្ត

សូ ស្រណោះ ប្រកាសរៀបចំការប្រកួតតន្ត្រី និងចម្រៀង ទ្រង់ទ្រាយធំ

កាលពីល្ងាចថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៩ សាលាស្រណោះតន្ត្រី បានប្រកាសពីការ បើកប្រកួតផ្នែកតន្ត្រី និងចម្រៀងជាទ្រង់ទ្រាយធំ ដោយការប្រកួតលើកនេះ នឹងមានការបើកទូលាយឲ្យសិស្សផ្នែកតន្ត្រី និងចម្រៀង មកពីសាលាផ្សេងៗ ចូលប្រកួតនោះផង។ ការប្រកួតនេះ នឹងស្វែងរកអ្នកមានសមត្ថភាពផ្នែកតន្ត្រី និងចម្រៀង ឲ្យចេញទៅប្រកួតនៅប្រទេសម៉ាឡេសុីក្នុងពេលខាងមុខ តំណាងប្រទេសកម្ពុជា។

បណ្ឌិត្យព្យាណូ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានថ្លែងក្នុងសន្និសីទកាសែតថា នៅថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា ខាងមុខនេះ សាលារបស់លោក នឹងបើកការប្រកួតផ្នែកតន្ត្រី និងចម្រៀង ជាទ្រង់ទ្រាយធំ ដោយការប្រកួតនេះ មានការប្រកួតឧបករណ៍ភ្លេងព្យាណូ ខ្លុយ និង វីយូឡុង ជាដើម និងចម្រៀង រាប់ទាំងចម្រៀងអូប៉េរ៉ា ដើម្បីស្វែងរកអ្នកខ្លាំងផ្នែកឧបករណ៍តន្ត្រី និងចម្រៀង តំណាងប្រទេសកម្ពុជា ចេញទៅប្រកួតនៅម៉ាឡេសុី នៅខែ២ ក្នុងឆ្នាំក្រោយ។

លោកថាការប្រកួតនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីការប្រកាសនេះតទៅ ដោយសិស្ស ក្នុងសាលាស្រណោះតន្ត្រី ត្រូវទិញពាក្យតម្លៃ១០ដុល្លារ និងសិស្សពីខាងក្រៅ ទិញពាក្យតម្លៃ២០ដុល្លារ។ លោកប្រកាសថា គណកម្មការ សម្រាប់វាយតម្លៃ ការប្រកួតនេះ ត្រូវបានជ្រើសចេញពីសិស្សឆ្នើមប្រចាំសាលា និងមួយចំនួនទៀត ជាអ្នកជំនាញផ្នែកតន្ត្រី និងចម្រៀងមកពីបារាំង មកពីកូរ៉េ និងជនជាតិរូស្សុី ផងដែរ ដើម្បីប្រាកដថា ការវាយតម្លៃសម្រាប់ការប្រទ្បង មិនលម្អៀងទៅរកសិស្សរបស់សាលាស្រណោះតន្ត្រី។

លោក សូ ស្រណោះ បន្តថា បេក្ខជនទាំងអស់នឹងត្រូវកំណត់រយ:ពេលម្នាក់៤នាទី ក្នុងការបង្ហាញសមត្ថភាពលេងតន្ត្រី និងច្រៀង ដោយលោកបានត្រៀមពាន៣ សម្រាប់ប្រគល់ជូន គឺទី១ម្ចាស់ពានផ្នែកឧបករណ៍តន្ត្រី ទី២ពានផ្នែកចម្រៀង និងទី៣ គឺពានជើងឯក ដែលជាពានតម្រូវឲ្យអ្នកលេខ១ៗលើវិញ្ញាសារនីមួយៗ ធ្វើការប្រកួតគ្នាបន្ត។ លោកទទូចឲ្យអ្នកមានសមត្ថភាពគ្រប់ទិសទី មិនថាសាលាណាៗ ដាក់ពាក្យប្រកួតឲ្យបានរួសរាន់ ដោយការទទួលពាក្យ នឹងត្រូវបញ្ចប់នៅចុងខែ៩នេះ។

លោកថាកន្លងមកសាលាស្រណោះតន្ត្រី ធ្លាប់បានបើកប្រកួតបែបនេះមកហើយ ប៉ុន្តែមិនធ្លាប់បើកឲ្យសិស្ស មកពីសាលាខាងក្រៅចូលប្រកួតនោះទេ ទើបលោកចាត់ទុកថា នេះជាការប្រកួតទ្រង់ទ្រាយធំ ដែលនឹងមានសិស្ស មិនតិចជាងរយនាក់ចូលប្រកួត ដោយសារតែគ្រាន់តែសិស្សនៅសាលាស្រណោះតន្ត្រី នឹងចូលប្រកួតមិនក្រោម៩០នាក់ហើយ។ ការប្រកួតនេះ មិនកំណត់អាយុនោះទេ ដោយបើកទូលាយតាំងពី៤ឆ្នាំឡើងទៅ ដោយសំដៅយកតែសមត្ថភាព និងធានាថា ការដាក់ពិន្ទុ គឺសុក្រឹតដើម្បីឲ្យប្រាកដថា អ្នកខ្លាំងទើបឈ្នះពាន៕

មតិយោបល់