ភ្នំពេញៈ នៅលើហ្វេសប៊ុកក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា តារាស្រីល្បីឈ្មោះអ្នកនាងសឿ សុធារ៉ា សមាជិកសកម្មមួយរបស់គ្រុប«គ្រួសារតារាកម្ពុជា»បានបង្ហោះឃ្លាប្លែកៗយ៉ាងខ្លាំងនៅលើគណនេយ្យផ្ទាល់ខ្លួន។ អ្នកខ្លះបានប៉ាន់ស្មានឃ្លោងឃ្លាទាំងនោះ ថាជារឿងដែលអ្នកនាងមិនសូវសប្បាយចិត្តនឹងស្វាមីច្រើនជាង ក្នុងពេលដែលមានមនុស្សច្រើននៅឡើយសង្ស័យថាអ្នកនាង និងស្វាមីមិនសូវចុះសម្រុងគ្នាដូចការអះអាង។ យ៉ាងណាមិញ អ្វីដែលអ្នកស្ដែងឡើងជាសំណេរដែលធ្វើឲ្យមានការចាប់អារម្មណ៍ទាំងនោះ គឺដោយសារតែអ្នកនាងផ្ទុះឡើងនូវអារម្មណ៍ច្របូលច្របល់ជាថ្មី ព្រោះតែរឿងបាត់មុខសមាជិកដ៏សំខាន់ពីក្នុងបេះដូង ដែលអ្នកនៅតែបន្តចងចាំប៉ុណ្ណោះ។
ពាក្យឃ្លោងឃ្លាដែលមានខ្លឹមសារ«ចិត្តសន្សំខំប្រឹងស្រលាញ់ អូនសុខចិត្តចាញ់ ចាញ់ព្រោះស្នេហា» «យើងជួបគ្នាទៀតទេ ឬក៏ដល់ថ្ងៃអវសាន្ត មេត្តាឆ្លើយមកណាថ្លៃ» និងឃ្លា«ឆ្លើយមកបង បងត្រូវចាំទុកថា នារីម្នាក់នេះនៅតែរង់ចាំ» គឺជាប្រយោគដែលធ្វើមនុស្សភាគច្រើនបានឃើញសំណេរទាំងនេះច្របូកច្របល់ និងចោទថាអ្នកនាងសឿ សុធារ៉ា ចង់សំដៅពីជីវិតស្នេហាដែលមិនសមប្រកប។ មនុស្សជាច្រើនបានប៉ាន់ស្មានថាអ្នកនាងប្រហែលជាមានអារម្មណ៍តូចចិត្តនឹងរឿងស្នេហា ទើបតែព្រលយពាក្យពេចន៍ប្លែកៗ ដើម្បីឲ្យបានធូរទ្រូង។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់ជាច្រើនលើកជាច្រើនសារ អ្នកនាងប្រាប់ថាប្រយោគដែលបានស្ដែងឡើងគឺមិនបានសំដៅលើស្វាមី ឬបុគ្គលណាម្នាក់នោះទេ។ ផ្ទុយទៅវិញគឺអ្នកនាងចង់សំដៅទៅលើបងប្រុសរបស់ខ្លួនដែលបានលាចាកលោកចាកឆ្ងាយពីអ្នកនាងហើយធ្វើឲ្យអ្នកនាងស្ថិតក្នុងភាពឯកោនោះតែប៉ុណ្ណោះ។
អ្នកនាងថានាពេលកន្លងមក អ្នកនាង និងលោកសឿ រ៉ាវុធ ជាបងប្រុសគឺមិនខុសពីរលកញីឈ្មោលនោះទេ ដោយទៅណាក៏ទៅទាំងពីរ អ្នកនាងធ្វើអីក៏បងប្រុសម្នាក់នេះជាអ្នកចាត់ចែងឲ្យបន្ទាប់ពីម្ដាយ និងឪពុក ប៉ុន្តែចុងក្រោយលោកបែរជាចាកចោលបាត់ទាំងវ័យក្មេង ធ្វើឲ្យអ្នកនាងមិនអាចបំភ្លេចបាន។ អ្នកនាងទទួលស្គាល់ថាខ្លួនមិនអាចចេញផុតពីអតីតកាលដែលធ្លាប់កក់ក្ដៅជាមួយបងប្រុស ជាពិសេសនៅពេលទៅណាមកណា ឬធ្វើអ្វីហើយជួបផលលំបាក ដោយគ្មានបងប្រុសជាកម្លាំងចិត្ត និងជួយពិភាក្សាដូចមុន។ អ្នកនាងនៅតែមានអារម្មណ៍ថាបងប្រុសមិនទាន់ស្លាប់ និងមិនទាន់ចាកឆ្ងាយ ទើបនៅតែពេលបាត់បង់លោក សឿ រ៉ាវុធ គឺជាអ្វីដែលអ្នកនាងពិបាកទទួល។
គួរបញ្ជាក់ផងដែរថា លោកសឿ រ៉ាវុធ ដែលត្រូវគេស្គាល់ថាជាបងប្រុសរបស់អ្នកនាងសឿ សុធារ៉ា និងជាច្នៃម៉ូដប្រចាំសម្អាងការសឿ សុធារ៉ា បានទទួលមរណភាព កាលពីថ្ងៃទី៣ មេសា ២០១៤ ក្នុងវ័យ៣៤ឆ្នាំ។ លោកត្រូវបានគ្រួសារបញ្ជាក់ថាទទួលអនិច្ចកម្មដោយសារតែជំងឺគាំងបេះដូង៕
មតិយោបល់