យោងតាមការបង្ហោះរបស់លោក អុិន សុភិន គឺលោកបានចំណាយពេល ទៅគាំទ្រការប្រកួតបាល់ទាត់ រវាងក្រុមកម្ពុជា និងប្រទេសបារ៉ែន ដែលជម្រុះ World Cup ជុំទី២ នៅស្ដាតអូឡាំពិក កាលពីយប់ថ្ងៃទី១០ កញ្ញា មុននេះ។ បើទោះជាក្រុមកម្ពុជាបរាជ័យ តែលោកបានទទូចឲ្យលើកទឹកចិត្ត ដល់ក្រុមកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។
លោក អុិន សុភិន បានបង្ហោះក្រោយបញ្ចប់ការប្រកួតបាល់ទាត់ថា “55,000នាក់ សម្រាប់ថ្ងៃនេះ (10/09/2019) កម្ពុជាគាំទ្របាល់ទាត់ណាស់ ទោះចាញ់1-0 ក៏នៅតែគាំទ្រកីឡាករជម្រេីសជាតិយេីងដែរ ស៊ូៗបន្តទៀតខ្ញុំគាំទ្រអ្នកជានិច្ច”។ ការបង្ហោះសារ អមដោយរូបភាពទៅអង្គុយទស្សនារបស់លោក បានធ្វើឲ្យមានការសរសើរ យ៉ាងខ្លាំង ថាលោកពិតជាផលិតករ ដែលមានបេះដូងកីឡាយ៉ាងពិតប្រាកដ ដោយក្រោយពីបានចំណាយធនធានផ្ទាល់ខ្លួន បង្កើតក្រុមបាល់ទាត់មហាហង្ស ដោយប្រមែប្រមូលតារាៗ ឲ្យក្លាយជាអ្នកបាល់ទាត់ អាជីព ដើម្បីបំផុសឲ្យមានការគាំទ្រកីឡាករបាល់ទាត់នៅកម្ពុជា ក៍បានចំណាយពេល ដ៏មមាញឹកទៅទស្សនាបាល់ទាត់ ដោយផ្ទាល់ដល់ស្តាតអូឡាំពិកទៀត។
លោកធ្លាប់ប្រកាសថា បើទោះលោកជាអ្នកសិល្បៈ ប៉ុន្តែលោកក៍មានទឹកចិត្តស្រទ្បាញ់ និងចង់បំផុសពីវិស័យកីឡាករផងដែរ ទើបលោកតែងចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន គាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជា។ ក្នុងនោះលោក ក៏បានបន្តគៀគរតារាល្បី ទាំងក្នុង និងក្រៅផលិតកម្ម ឲ្យស្ម័គ្រចិត្តចូល លេងបាល់ទាត់ កាន់តែច្រើន ដើម្បីឲ្យវិស័យមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ផងដែរ។
គួរបញ្ជាក់ផងដែរ ការប្រកួតជម្រុះវគ្គ World Cup រវាងក្រុមកម្ពុជា និងក្រុមបារ៉ែន នៅស្ដាតអូឡាំពិក កាលពីថ្ងៃទី១០ កញ្ញា ក្រុមកម្ពុជា បានចាញ់បារ៉ែន១ ទល់នឹងសូន្យ ប៉ុន្តែគេនៅមើលឃើញថា អ្នកគាំទ្ររបស់កម្ពុជា ពេញចិត្តចំពោះលទ្ធផល នៅក្នុងថ្ងៃនោះ។ លោក អុិន សុភិន ក៏ជាអ្នកគាំទ្រជម្រើសជាតិកម្ពុជា យ៉ាងងប់ងល់ផងដែរ ដោយថែមទាំងទទូចឲ្យបន្តលើកទឹកចិត្ត ជូនដល់កីឡាករ កម្ពុជាផង ដែលនេះ គឺជាសារដ៏មានតម្លៃមួយ ក្នុងការបំផុសឲ្យមានការចាប់អារម្មណ៍ លើវិស័យបាល់ទាត់៕
មតិយោបល់