ព័ត៌មានសិល្បៈ និងកម្សាន្ត

សុីម សុីណាត កាក់កបសិល្បៈ ក្រោយទៅដល់អូស្រ្តាលី

មុនចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី តារាចម្រៀង លោក សុីម សុីណាត បានប្រកាសយ៉ាងក្ដែងៗថា លោកនឹងបាត់សកម្មភាពពីការងារសិល្ប: ដោយមិនដឹង ពេលណានឹងមានសកម្មភាព លើវិស័យមួយនេះ ឲ្យខ្លាំងដូចដើមនោះទេ ក្នុងពេលដែលលោកទៅរស់នៅទីនោះ ក៏ត្រូវគេឃើញបំពេញការងារ ផ្សេងៗដាច់ឆ្ងាយ ពីច្រៀងរាំដែរនោះ។ យ៉ាងណាមិញ ផ្ទុយពីអ្វីដែលបានប្រកាស លោកបែរជាមាន ឱកាសសម្ដែងជាមួយតារាល្បីៗពីកម្ពុជា ស្ទើររកពេលសម្រាកមិនបាន ជាពិសេសក្នុងអំឡុង បុណ្យភ្ជុំមុននេះតែម្ដង។

យោងតាមគណនេយ្យហ្វេសប៑ុក លោក សុឹម សុីណាត កាន់តែអ៑ុនអ៑ៀយ៉ាងខ្លាំង ជាមួយនឹងការងារចេញសម្ដែងនាពេលចុងក្រោយ ខុសស្រលះពីពេលលោក ទៅរស់នៅប្រទេសអូស្រ្តាលីភ្លាមៗ។ លោកត្រូវគេឃើញសកម្ម ក្នុងការច្រៀងរាំតាំងពី អំឡុងមុនភ្ជុំ ខណ:ដែលអំឡុងបុណ្យភ្ជុំនិងក្រោយភ្ជុំ លោកកាន់តែសកម្ម នឹងការចេញសម្ដែង។ ធៀបនឹងទីផ្សារសិល្ប:នៅកម្ពុជា តារាចម្រៀងក្រមុិចក្រមើម រូបនេះ ក្ដោបក្ដាប់បានសំណាងចេញច្រៀង តាមបណ្ដារដ្ឋ និងក្រុង នៅក្នុងប្រទេស អូស្ត្រាលី ឡើងកាលីបជាង នៅកម្ពុជានោះផង។ ខុសពីនៅក្នុងស្រុក ដែលគ្រាន់តែជាអ្នក ចម្រៀងអកកេស ហើយយូរៗម្ដង ទើបមានឱកាសឡើង ឆាកទូរទស្សន៍ លោក សុឹម សុីណាត ត្រូវបានគេចាប់អារម្មណ៍ច្រើន គ្រប់ពេលលោកបង្ហាញវត្តមាន ច្រៀងរាំនៅលើទឹកដីអូស្ត្រាលី ដោយសារតែសកម្មភាព ចេញសម្ដែងរបស់លោក មានការចូលរួមពីតារាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីៗពីកម្ពុជា ជាការប្រគំតន្ត្រីធំៗរបស់សិល្បករខ្មែរ នៅអូស្ត្រាលី និង ជាសកម្មភាពច្រៀងរាំ ដែលមានការលក់សំបុត្រ ហើយមានអ្នកចូលទស្សនាច្រើនៗ។

ក្នុងនោះលោកក៏មានឱកាសបង្ហាញវប្បធម៌ខ្មែរ ដោយឈុតប្រពៃណី គួរឲ្យសរសើរផងដែររាល់ពេលច្រៀងរាំម្ដងៗ។

លោក សុឹម សុីណាត ទទួលស្គាល់ថា ក្នុងមួយរយ:ចុងក្រោយការងារ សិល្ប:របស់លោក ពិតជាមានម្ចាស់ស្ពុនស័រច្រើនឡើង ទាក់ទងឲ្យចេញសម្ដែង តាមបណ្ដារដ្ឋផ្សេងៗ នៅលើទឹកដីអូស្ត្រាលីពិតមែន ចាប់តាំងពីម្ចាស់ស្ពុនស័រដឹងថា លោកគឺជាតារាចម្រៀង ហើយកំពុងរស់នៅអូស្ត្រាលីស្រាប់។ យ៉ាងណាមិញលោកថា មិនបានបោះបង់ការងារខាងក្រៅនោះទេ ដោយនៅតែហ្វឹកហាត់ការងារផ្នែកចុងភៅ និងការងារផ្សេងៗ បន្ថែមពីលើសិល្ប:ដដែល បើទោះជាការងារសិល្ប: កាន់តែមមាញឹក។

លោកទើបតែត្រូវបានស្ពុនស័រទាក់ទងឲ្យចេញសម្ដែងជាមួយតារាចម្រៀងស្រីល្បីឈ្មោះ២ដួង គឺស្រីស្អាត រតន: ពិសី ដែលជាតារាចម្រៀងថោន និង កញ្ញាសន ផល្លីកា តារាចម្រៀងហង្សមាស ដែលទើបទៅដល់អូស្ត្រាលី កាលពីមុនភ្ជុំក្នុងកុងត្រា ៣ខែនោះផង។ លោក សុឹម សុីណាត បន្តថា លោកពិតជាមានអារម្មណ៍ រីករាយយ៉ាងខ្លាំង ដែលបានប្រឡូកការងារសិល្ប:នៅលើទឹកដីអូស្ត្រាលី ក្នុងពេលដែលលោកស្មានថា ទៅដល់ទីនោះ ប្រហែលមហាជនភ្លេចមុខ ព្រោះតែដាច់ឆ្ងាយពីសិល្ប:។

លោកកាន់តែជាប់ចិត្ត នៅពេលចេញច្រៀងម្ដងៗ ជួបសុទ្ធតែតារាៗជាមិត្តក្នុងអាជីពដូច នៅស្រុកខ្មែរ និងបានស្គាល់ខ្មែរច្រើនរដ្ឋ ជាពិសេសបានមកឃើញផ្ទាល់ភ្នែកថា ទីអារាមខ្មែរនៅអូស្ត្រាលី ក៏មានសកម្មភាពធ្វើបុណ្យធ្វើទាន និងស្រស់ស្អាត ដូចវត្តនៅកម្ពុជាដែរ នាអំឡុងភ្ជុំកន្លងទៅ។ លោកមិនទាន់មានគម្រោង ចុះមកលេងស្រុកនោះទេ ក្នុងពេលមិនទាន់ទទួលបានកាតចេញចូល ឬ សញ្ជាតិពីអូស្ត្រាលី នាពេលនេះ៕

មតិយោបល់