ចិនៈកូនកំលោះជនជាតិចិនម្នាក់ស្ទើរឆ្តួតស្ទើរជា ដោយសារតែដឹងថាកូនក្រមុំដែលមានផ្ទៃពោះរបស់ខ្លួន ជាបុរស នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។
លោក Wang រស់នៅក្នុងតំបន់នៃក្រុង Huaiyang របស់ប្រទេសចិន នាពេលថ្មីនេះបានទទួលរងការរន្ធត់យ៉ាងខ្លាំងនៅក្នុងជីវិត ក្រោយពេលប៉ូលិសបានប្រាប់រូបលោក ថាកូនក្រមុំមានផ្ទៃពោះដែលរត់គេចខ្លួនបាត់ គឺជាមនុស្សប្រុសស្លៀកពាក់ធ្វើជាស្រី។
កាលពីខែតុលាឆ្នាំមុខ លោក Wang ដែលត្រូវជាកូនកំលោះ សប្បាយរីករាយយ៉ាងខ្លាំង នៅពេលមិត្តស្រីរបស់លោក ដែលបានស្គាល់គ្នាតាមប្រព័ន្ធអនឡាញ ប្រាប់ថារូបនាងមានផ្ទៃពោះ។ ពេលនោះសមាជិកគ្រួសារបស់លោក តែងតែចែករំលែកសុភមង្គលដល់មិត្តស្រីរបស់លោក ហើយក្រោយមកក៏បានចាប់ផ្តើមគ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ធំមួយ។
ថ្ងៃរៀបអាពាហ៍ពីពាហ៍ក៏បានមកដល់ កម្មវិធីជប់លៀងក៏បានបញ្ចប់ដោយឱឡារិក។ប៉ុន្តែក្រោយមកបីថ្ងៃទើបដឹងថា កូនក្រមុំរត់បាត់ជាមួយនឹងប្រាក់ចំណងដៃ និងរបស់មានតម្លៃរាប់ពានយ័ន។ បើតាមការប៉ាន់ស្មានកូនក្រមុំប្រហែលជារត់គេចខ្លួន តាំងពីថ្ងៃការរួចមកម្លេះ ប៉ុន្តែប្រហែលជាលោក Wang មានភាពអៀនខ្មាស់ទើបមិនហ៊ានរាយការណ៍ប្រាប់ប៉ូលិស។
នៅពេលដែលដំណឹងនេះបានលេចឮដល់អជ្ញាធរ គេក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ទើបដឹងថានារីជាកូនក្រមុំមាន ឈ្មោះ Miao Xiaomin នៅក្នុងហ្វេសប៊ុកនោះ គឺជាមនុស្សប្រុសម្នាក់ដែលកាន់អត្តសញ្ញាណប័ន ឈ្មោះ Miao Songtao អាយុ២៧ឆ្នាំ ហើយរូបគេបានបោកបញ្ឆោតមនុស្សប្រុសនៅលើប្រព័ន្ធសង្គមហ្វេសប៊ុកប្រហែល១១នាក់មកហើយ ប៉ុន្តែគ្មានអ្នកប្តឹង។
បុរសបន្លំខ្លួនធ្វើជាស្រីដើម្បីបោកប្រាស់យកប្រាក់ ឈ្មោះ Songtao ត្រូវបានគេណាត់ជួបដើម្បីចាប់ខ្លួន នៅក្នុងហាងកាហ្វេរមួយ។ តែយ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មានគេមិនអាចប្រាប់បានទេថា តើបុរសនោះជាប់ពន្ធនាគារដែរឬអត់៕
មតិយោបល់