ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនសរសើរមិនបាន! សន ផល្លិកា លើទឹកដី អូស្រ្តាលី

មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីតារាចម្រៀងដែលធ្លាប់សាងឈ្មោះល្បីល្បាញ កញ្ញា សន ផល្លិកា ត្រូវគេឃើញលេចមុខយ៉ាងក្រឡឺម នៅលើទឹកដីប្រទេស អូស្ត្រាលី។ អ្វីដែលមិនសរសើរមិនបាន គឺនាងកាន់តែមានរូបសម្រស់ផូរផង់ ក្មេងជាងវ័យ និងស្រគត់ស្រគំគួរឲ្យក្នាញ់ ក្នុងឈុតប្រពៃណីខ្មែរ ក្នុងពេលសម្ដែងជាលើកដំបូង នៅលើទឹកដីដែលសម្បូរដោយអំបូរសត្វកង់ហ្គូរ៉ូនោះ។

យោងតាមការបង្ហើបរបស់ លោក សុីម សុីណាត តារាចម្រៀងរស់នៅប្រទេស អូស្ត្រាលី ដែលបានសម្ដែងជាមួយនាងបានថ្លែងបញ្ជាក់ថា កញ្ញា សន ផល្លិកា នៅខាងក្រៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយមួយឈុតបែបប្រពៃណី ក្នុងពេលសម្ដែងថ្ងៃភ្ជុំរបស់នាង សុទ្ធតែធ្វើឲ្យម្នាក់សំទ្បឹងភ្លឹកនឹងសម្រស់។ នាងត្រូវបន្តការសម្ដែង ជាមួយលោក និងជាតារាចម្រៀងខ្មែរផ្សេងទៀត នៅលើទឹកដីប្រទេសអូស្ត្រាលីមួយនេះ រហូតដល់អំឡុងខែ១២ចុងឆ្នាំ ដោយការសម្ដែងរបស់នាង ក៏លើកជាទី១ផងដែរ នៅក្នុងប្រទេសអូស្ត្រាលី។

លោកថា ការសម្ដែងតាំងពីលើកដំបូងរបស់នាង ទទួលបានការស្វាគមន៍ មិនចាញ់តារាល្បីៗ ដែលធ្លាប់វាយលុកទីផ្សារនៅក្នុងប្រទេសអូស្ត្រាលីនោះទេ ដោយសារតែនាង អាចបកស្រាយបទយុវវ័យក៏បានល្អ ហើយការបកស្រាយបទ ពីសម័យដើម និងបទចម្រៀងរាំលេងសប្បាយៗ ឲ្យបងប្អូនខ្មែររាំលេងក៏បានល្អ ដ្បិតថានាងគឺជាតារាយុវវ័យ។ លោកថា សន ផល្លិកា ទើបតែមកអូស្ត្រាលើកដំបូង ប៉ុន្តែនាងបានទាញប្រជាប្រិយភាព ឲ្យអ្នកអូស្ត្រាលីជាប់ចិត្តចំពោះនាងយ៉ាងខ្លាំង ជាពិសេសគឺនាងទទួលបានការសរសើរ លើភាពរួសរាយរាក់ទាក់ និងរូបសម្រស់ តែម្ដង។

យោងតាមការបញ្ជាក់ តារាចម្រៀងប្រចាំហង្សមាសរូបនេះ មិនខ្វះបុរសៗ រស់នៅអូស្ត្រាលីលែបខាយនោះទេ ប៉ុន្តែនាងមិនអើពើ ដោយនាងខ្វល់តែការសម្ដែង ដើម្បីឲ្យបងប្អូនខ្មែរសប្បាយចិត្ត។ នាងក៏ត្រល់មកវិញ ក្រោយចប់ការសម្ដែងរយ:ពេល៣ខែ ជាមួយតារាចម្រៀងថោន កញ្ញា រតន: ពិសី និងរូបលោក ដោយមិនបន្ត ដើម្បីត្រលប់ទៅបញ្ចេញបទចម្រៀងថ្មីៗ ប្រចាំផលិតកម្ម ថោន សម្រាប់វាយលុកទីផ្សារ នៅដើមឆ្នាំក្រោយផងដែរ។

ប្រភពពីផលិតកម្មហង្សមាសទម្លាយថា សន ផល្លិកា នឹងត្រូវបានហង្សមាសត្រៀម លើកតម្កើងនៅដើមឆ្នាំថ្មី ទើបនាងកាន់តែថែទាំរូបសម្រស់ ឲ្យមើលទៅទាក់ទាញ ក្នុងគម្រោងចេញសម្ដែងនៅអូស្ត្រាលី ជាលើកដំបូងនេះ៕

មតិយោបល់