បន្ទាប់ពីទទួលជោគជ័យ កាលពីរសៀលថ្ងៃទី២ តុលា ឆ្នាំ២០១៩ គណកម្មការការប្រកួតបវរកញ្ញាភពផែនដី ឬ Miss Planet Cambodia 2019 ជាថ្មីទៀតហើយ តាមរយៈការបើកសន្និសីទកាសែតជម្រើស យកបេក្ខនារី២៥រូប ទៅប្រកួតផ្លូវការ។ បេក្ខភាពដែលជម្រើសបានទាំង២៥រូប ក៏ត្រូវបានគណកម្មការ ចោទសំនួរ ដើម្បីស្ទាបស្ទង់ពីចំណេះដឹង បន្ថែមពីលើការ វិនិច្ឆ័យលើរូបសម្រស់ ផងដែរ។
ការប្រកួតនេះ មានបេក្ខនារីជាច្រើនដាក់ពាក្យមួយនេះ គឺជាលើកទី២ហើយដែលកម្ពុជា ក្រោមការរៀបចំរបស់កញ្ញា រំដួលលិចទឹក បន្ទាប់ពីទទួលបានសិទ្ធិពីគណកម្មការ Miss Planet International។ គណកម្មការដែលចូលរួមកាត់ក្ដី នៅក្នុងវេទិកានោះ រួមមាន កញ្ញា រំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodia, អ្នកស្រី ហាលីមីន អគ្គនាយិកា Miss Planet International, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត , កញ្ញា រីចំណាន កល្យាណ បវរកញ្ញាភពផែនដីឆ្នាំ២០១៩ និង តំណាងក្រុមហ៑ុន ជាស្ពុនស័រ។ បេក្ខនារីដែលជាប់ទាំង២៥នាក់ នឹងដំណើរការប្រកួតច្រើនដំណាក់កាល ដោយនៅថ្ងៃទី២៨ តុលា គឺជាការប្រកួតវគ្គចុងក្រោយ ដើម្បីស្វែងរកម្ចាស់មកុដ។
កញ្ញា រំដួលលិចទឹក បានថ្លែងបញ្ជាក់ថា កម្មវិធីបវរកញ្ញាភពផែនដី គឺកម្មវិធីប្រកួតបវរកញ្ញា ដែលបង្កើតឡើង ដោយជនជាតិកម្ពុជា គឺអ្នកស្រី ហាលីមីន ដោយកម្មវិធីនេះ ទទួលបានជោគជ័យម្ដងហើយ កាលពីឆ្នាំទី១ ទើបសម្រេចរៀបចំ ក្នុងឆ្នាំទី២។ កញ្ញាថា ការជម្រើសយកបេក្ខនារីកម្ពុជា នៅក្នុងពេលនេះ គឺដើម្បីស្វែងរកតំណាង កម្ពុជាមួយរូប ទៅប្រកួតបវរកញ្ញាភពផែនដី អន្តរជាតិនៅដើមឆ្នាំ ២០២០ខាងមុខ ដែលក្នុងឆ្នាំនេះកម្ពុជា ក៏នៅតែជាម្ចាស់ ផ្ទះដដែល។
ការប្រកួតនៅក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខនារីច្រើនជាងឆ្នាំមុន ហើយស្ទើរតែគ្រប់ ខេត្តក្រុងផង។ កញ្ញាថា នេះគឺជាមោទនភាព ដែលកម្ពុជាមានការប្រកួតបវរកញ្ញា ហើយមានប្រទេសជាច្រើន បញ្ជូនបេក្ខនារីមកប្រកួត៕
មតិយោបល់