កាលពីល្ងាចថ្ងៃទី៥ តុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្នុងសណ្ឋាគារ Memoire Palace Resort and Spa មានពិធីតាំងពិព័រណ៌ពេជ្រទ្រង់ទ្រាយធំមួយ ពីហាងពេជ្រ Chateau Des Gems ដោយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ យ៉ាងច្រើនកុះករចូលរួម។ ក្នុងនោះ ក៏មានការប្រគល់ថវិការបរិច្ចាគចំនួន៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបផងដែរ ខណៈដែល ពេជ្រ សូលីកា តារាហង្សមាស ត្រូវគេឃើញបង្ហាញខ្លួនជាតារាកិត្តិយស ក្រោមអធិបតីភាពលោកជំទាវ ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។
ពេជ្រ សូលីកា បានសម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលបានចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់ថវិកាជូនមន្ទីរពេទ្យកុមារអង្គរនៅក្នុងថ្ងៃនោះ។ នាងថាជាលើកទី១ ដែលនាងបានច្រៀងក្នុងគម្រោងបំផុសអោយមហាជនបានដឹងពីការចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយនាងក៏ទទូចអោយមានការចូលរួមបរិច្ចាគ ជួយដល់មន្ទីរ ពេទ្យនេះ អោយបានកាន់តែច្រើនផងដែរ។ នៅក្នុងពិធីនាងត្រូវគេឃើញ គ្រងឈុតបែបខ្មែរស្រគត់ស្រគំ និងលម្អដោយគ្រឿងពេជ្រតម្លៃសច្រើនមុឺនដុល្លារ ដែលកាន់តែជួយអោយនាងលេចធ្លោ។
លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលហាងពេជ្ររបស់អ្នកស្រី ប្រគល់អំណោយចំនួន៥០លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បន្ទាប់ពីកត់សម្គាល់ថាមន្ទីរពេទ្យនេះ ប្រឈមនឹងការខ្វះខាត។ អ្នកស្រីថា ការប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងក្នុងពិធីតាំងពិព័រណ៌លើកទី១របស់ហាងពេជ្រ Chateau Des Gems នៅលើទឹកដីខេត្តសៀមរាប បន្ទាប់ពីហាងពេជ្រនេះ ឈរជើងនៅផ្សារ Icon Siam ក្នុងប្រទេសថៃ និងនៅភ្នំពេញយ៉ាងជោគជ័យ។
នៅក្នុងពិធីនោះ លោកស្រីក៏ទទូចអោយសប្បុរសជន បន្តធ្វើសប្បុរសធម៌ជួយដល់ មន្ទីរពេទ្យកុមារអង្គរអោយបានកាន់តែច្រើនបន្ថែមទៀតផងដែរ។ លោកស្រីថា ពិធីតាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះ រីកចំរើន នៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីចូលរួមចំណែក ជាជំនួយសប្បុរសធម៌ជួយដល់សង្គម ជាពិសេសគឺមន្ទីរពេទ្យកុមារអង្គរជាឧទាហរណ៍។
ពិធីនេះធ្វើឡើង២ថ្ងៃនៅខេត្តសៀមរាប ដោយកាលពីថ្ងៃទី៥ តុលា ដែលមានការគ្រង ឈុតពេជ្រ ដោយតារាចម្រៀងស្រស់ស្អាត កញ្ញា ពេជ្រ សូលីកា តារាចម្រៀង របស់ហង្សមាស និងនៅថ្ងៃទី៦ តុលា ដោយមានវត្តមានតារាថៃល្បីល្បាញគឺលោក Dome Pakorn Lam។ នៅថ្ងៃទី១២ និងទី១៣ តុលា ខាងមុខ Chateau Des Gems ក៏នឹងមានការរៀបចំពិព័រណ៌ និងការជួបជុំអតិថិជនទ្រង់ទ្រាយធំបែបនេះ នៅរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Topaz ផងដែរ។
អ្នកស្រី ប្រាក់ ម៉ានីឡា ប្រធានការិយាល័យសុខភាពកុមារសកល នៃមន្ទីរពេទ្យ កុមារអង្គរ សម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលម្ចាស់ពេជ្រ Chateau Des Gems ប្រគល់ជូនថវិកាចំនួន៥០លានរៀល ក្នុងពិធីតាំងពិព័រណ៌ទ្រង់ទ្រាយធំ ដែលធ្វើអោយ មន្ទីរពេទ្យកុមារអង្គរទទួលបានថវិកាបរិច្ចាគមួយចំនួនផ្សេងទៀតពីភ្ញៀវកិត្តិយសចូលរួមផ្សេងទៀត។
អ្នកស្រីថាមន្ទីរពេទ្យកុមារអង្គរ មានតម្រូវការក្នុងមួយឆ្នាំ៦លាន កន្លះសហរដ្ឋអាមេរិក ខណៈដែលក្នុងមួយថ្ងៃ មានកុមារកម្ពុជាមកពីគ្រប់ខេត្តក្រុងចន្លោះពី៦០០ទៅ៧០០ អោយសម្រាកព្យាបាល។ អ្នកស្រីថាវប្បធម៌ នៃការចែករំលែកនេះ នឹងកាន់តែមានតម្លៃ នៅក្នុងសង្គមកម្ពុជា ជាពិសេសម្រាប់ន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតជំនួយ៕
មតិយោបល់