ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន! គុណឳពុកដ៏មានតម្លៃ ត្រូវបានរំលេចក្នុងរឿង”លោកឳពុក”

យោងតាមដាក់បញ្ចាំងភាពយន្តរឿង “លោកឳពុក” កាលពីល្ងាចថ្ងៃទី៧ តុលា ឆ្នាំ២០១៩ ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំង នៅរោងកុនផ្សារទំនើបអុីអន១ គេកត់សម្គាល់ថា សាច់រឿងទាំងស្រុង របស់ភាពយន្តនេះ សុទ្ធតែឆ្លុះបញ្ចាំង ពីគុណឳពុក ដើម្បីឲ្យយុវវ័យមើលឃើញ ពីគុណតម្លៃ។ ភាពយន្តនេះ ក៏ត្រូវបានគេ រំពឹងថា នឹងក្លាយជាភាពយន្តជីវិតខ្នាតធំ ដែលនឹងធ្វើឲ្យមហាជនដក់ជាប់ក្នុងអារម្មណ៍ និងផ្លាស់ប្ដូរឥរិយាបថ ចំពោះលោកឳពុក ដែលកូនៗមួយចំនួនមើលរំលងពីការលះបង់ និងតស៑ូនោះផង។

ភ្ញៀវកិត្តិយសដែល បានទស្សនារឿងនេះ ក្នុងពិធីសម្ពោធ បានថ្លែងស្រដៀងគ្នាថា ភាពយន្តរឿង “លោកឳពុក” ពិតជាដាស់អារម្មណ៍ អ្នកទស្សនាឲ្យក្ដុកក្ដួល មិនតិចនោះទេ ជាពិសេសចំពោះយុវវ័យ ដែលបានប្រើពាក្យសម្ដី មិនសមរម្យ ទៅកាន់ឳពុក ព្រោះតែការមើលស្រាលក្រោយខ្លួនជោគជ័យ។

អ្នកបានទស្សនាដល់ចប់យល់ថា កន្លងមកបណ្ដាផលិតករ ឆ្លុះបញ្ចាំងតែគុណតម្លៃ របស់ម្ដាយ និងការលះបង់របស់ស្ត្រីប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភាពយន្តនេះ នឹងមើលឃើញ ពីការលះបង់ដ៏ច្រើនរបស់ឳពុក ដែលពិតជាធ្វើឲ្យអ្នកទស្សនា ក្ដុកក្ដួលព្រោះដ្បិតថា ក្នុងរឿងទាំងមូលឆ្លុះបញ្ចាំងតែឳពុក៣រូប ប៉ុន្តែអ្វីដែលបាន លាតត្រដាង គឺឆ្លុះបញ្ចាំងពីឳពុកគ្រប់ស្រទាប់វណ្ណ:។

ម្នាក់ៗបានទាំងទទូចឲ្យក្មេងៗ ជាពិសេសយុវវ័យចូលរួមទស្សនា ភាពយន្តនេះ ឲ្យបានច្រើន ដើម្បីទទួលបាននូវគំនិតយល់ដឹងពីគុណប្រយោជន៍របស់ឳពុក ទម្រាំតែកូនៗ ក្លាយជាមនុស្សរឹងមាំនោះផង។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថា នេះជាលើកទី១ ដែលផលិតកម្មរបស់លោក សម្រេចចងក្រងជីវិតពិតឆ្លុះបញ្ចាំងពីសង្គម ដើម្បីឲ្យភាពយន្តខ្មែរ មានភាពយន្តជីវិត ទុកជាការពញាក់អារម្មណ៍។ លោកថាមួយរឿងនេះ ប្រមូលផ្ដុំដោយតារាជើងចាស់៣ដួងគឺ លោក ហម ឈរ៉ា លោក ម៉េង សាវុធ និងតារាល្បីល្បាញតាំងពីជំនាន់អ្នកនាង ចាន់ តារាទី គឺលោក យស បូវណ្ណ: ដែលចុះតាំងពីអាមេរិក មកថតនៅកម្ពុជា។ មួយរឿងនេះ លោកចំណាយជាង៥មុឺនដុល្លារ ហើយបើទោះជាភាពយន្តជីវិត អាចពិបាកកើប ចំណូលខុសពីរឿងកំប្លែង ឬ រឿងរន្ធត់ ប៉ុន្តែលោកថា ភាពយន្តរឿង”លោកឳពុក” នឹងមានតម្លៃក្នុងផ្នត់គំនិតមហាជន រួមទាំងយុវវ័យ ក្នុងអនាគតដ៏វែង។

លោកក៏រំពឹងថាថ្ងៃកំណត់លក់សំបុត្រចាប់ពីថ្ងៃទី១០ តុលា របស់រឿងពិត ពិតជាទាក់ទាញយុវវ័យ បានច្រើនផងដែរ ខណ:ដែលលោកយល់ថា មួយរឿងនេះ មានសារអប់រំជាច្រើន ដែលតម្លៃទាំងឳពុកគ្រប់រូប និងកូនៗនោះ។

គួរបញ្ជាក់ថា ក្នុងពិធីបើកសម្ពោធនៅក្នុងថ្ងៃនោះ ក្រៅពីមានការចូលរួមពីតំណាង នាយកដ្ឋានភាពយន្ត ពីផលិតករមួយចំនួន ក៏មានតារាជាច្រើននាក់ចូលរួមផងដែរ។ ក្នុងនោះគ្រប់តារាសម្ដែង ក្នុងរឿងដែលបង្ហាញវត្តមាន ក៏ត្រូវគេឃើញមានការផ្ដល់កាដូ ពីម្ចាស់ស្ពុនស័រ ដូចជាពីផលិតផលសាប៑ូកក់ និងសាប៑ូអប់សល់ម៉ាក L & E ដែលជាផលិតផលពេញនិយម នៅក្នុងប្រទេសផងដែរ៕

មតិយោបល់