ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាថៃ Mint Chilida ពាក់គ្រឿងពេជ្រ នៅកម្ពុជា តម្លៃជាងកន្លះលានដុល្លារ

មិនសរសើរមិនបាននោះទេ ដែលនៅកម្ពុជា អាចច្នៃគ្រឿងពេជ្រ ដែលជាម៉ូត មានតែមួយគត់លើលោក និងមានតម្លៃរហូតដល់ជាងកន្លះលានដុល្លារ អោយកំពូលតារាសម្ដែងថៃ កញ្ញា Mint Chilida ពាក់លើដងខ្លួន ក្នុងពេលដែលនាង បង្ហាញខ្លួនជាលើកទី២ នៅកម្ពុជា នៅក្នុងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems ដែលចម្រុះ ដោយវត្តមានសិល្បករខ្មែរ និង ភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ យ៉ាងច្រើនកុះករ កាលពីថ្ងៃទី១២ តុលា។ អ្វីដែលគេកាន់តែចាប់អារម្មណ៍ថែមទៀត គឺគ្រឿងពេជ្រ ដែលនាងពាក់ជាប់ខ្លួននៅក្នុងពិធីនោះ ជាឈុតពេជ្រ ដែលច្នៃចេញពីត្បូងពេជ្រ Modora និង ត្បូង Paraiba ដែលជាត្បូងដ៏មានតម្លៃ និងជាត្បូង លាក់បាំងក្នុងផែនដីដ៏កម្រ។

លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលហាងពេជ្ររបស់អ្នកស្រី តាំងពិព័រណ៌គ្រឿងពេជ្រ នៅកណ្ដាលរាជធានីភ្នំពេញ ដោយបានទាំងច្នៃ ឈុតពេជ្រដ៏អស្ចារ្យ ក្នុងពិភពពេជ្រ ដើម្បីបង្ហាញថា ប្រទេសកម្ពុជា ក៏មានគ្រឿងពេជ្រដ៏អស្ចារ្យ មិនខុសពីបណ្ដាប្រទេសធំៗ។ អ្នកស្រីថា មួយឈុតពី ហាងពេជ្រ Chateau Des Gems ដែលតារាថៃ កញ្ញា Mint Chilida ពាក់ក្នុងពិធីបង្ហាញខ្លួននោះ មានតម្លៃជាងកន្លះលានដុល្លារ ដោយប្រភេទពេជ្រ ដែលយកមកច្នៃ សម្រាប់មួយឈុតនេះ ក៏ច្នៃពីត្បូងពេជ្រដ៏កម្រក្នុងលោក នៅក្នុងវិស័យគ្រឿងពេជ្រ។ អ្នកស្រីថា មួយឈុតនេះ ត្រូវបានចាត់ទុកថា ជាម៉ូតដែលមានតែមួយលើលោក ដោយសូម្បីតែការរចនាម៉ូត ក៏អាចនិយាយបានថា គ្មានពីរ ប្រចាំហាង Chateau Des Gems ផងដែរ។

ក្រៅពីឈុតគ្មានពីររបស់តារាថៃ Mint Chilida បណ្ដាឈុតដែលលក់ បញ្ចុះតម្លៃនៅ ក្នុងពិព័រណ៌នោះ ក៏ត្រូវបានអ្នកស្រី បញ្ជាក់សុទ្ធស៉ឹងតែជា ឈុតប្រចាំហាង Chateau Des Gems ដ៏ល្អឥតខ្ចោះ។ លោកស្រីថា តាំងពិព័រណ៌ របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះរីកចំរើន នៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីបង្ហាញថាកម្ពុជា មានការរីកចំរើនក្នុងវិស័យគ្រឿងពេជ្រ។ ពិធីនេះធ្វើឡើង២ថ្ងៃ នៅភោជនីយដ្ឋាន Topaz ដោយនៅថ្ងៃទី៦ តុលា ក៏មានវត្តមានកំពូលតារាថៃល្បីល្បាញគឺលោក Boy Pakorn បង្ហាញខ្លួន។

កំពូលតារាសម្ដែងថៃ កញ្ញា Mint Chilida បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបានគ្រងឈុតគ្រឿងពេជ្រ ដែលជាម៉ូតមានតែមួយលើលោក ប្រចាំហាង Chateau Des Gems។ កញ្ញាជាប់ចិត្តជាងគេគឺចិញ្ចៀន ដែលនាងបានពាក់ ដោយសារតែចិញ្ចៀនមួយវង់នោះ ជាត្បូង Paraiba ដែលជាត្បូងពេជ្រ ដ៏មានតម្លៃលាក់ក្នុងស្រទាប់ផែនដី ដែលទើបត្រូវបានគេរកឃើញ ប្រមាណជា៤០ឆ្នាំចុងក្រោយ៕

មតិយោបល់