ព័ត៌មានមួយថ្មីបានទម្លាយចេញទៀតហើយថា បុរសដែលល្បីថាជាគូដណ្ដឹងរបស់តារាចម្រៀង នាង ឱក សុគន្ធកញ្ញា នោះ ការពិតគឺលោក អ៉ឹង សុខលី ដែលជាប្អូនបន្ទាប់ពៅរបស់លោក ងួន ថៅកែហង្សមាស ដែលមុននេះបន្តិចម្នាក់ៗស្មានថាជាកូនប្រុសរបស់លោក ងួន នោះឯង។
លោកគឺជាអគ្គនាយករងទូរទស្សន៍ហង្សមាសកាន់ការងារជាអ្នកគ្រប់គ្រងប្រចាំផលិតកម្មចម្រៀងរបស់ហង្សមាស និងជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ហង្សមាសដ៏មានឥទ្ធិពល ដែលស្នាដៃរបស់លោករួមមាន កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol , The Voice Cambodia, The Voice Kids Cambodia , និង Cambodia Got’s Talent ជាដើម។
ឆ្លើយតបនឹងការលើកឡើងថា បុរសដែលឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយគឺប្អូនប្រុសរបស់លោកងួនថៅកែហង្សមាស ហើយមានងារជាឧកញ៉ាដោយមិនមានបង្ហាញពីអត្តសញ្ញាណ ព័ត៌មានថ្មីមួយបានអះអាងថាបុរសម្នាក់នោះ គឺជាអ្នកចាត់ការប្រចាំនៅទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងការផលិតប្រចាំផលិតកម្មហង្សមាស លោក អ៉ឹង សុខលី។
កាលពីមុនមានការប៉ាន់ស្មានថាលោកគឺជាកូនប្រុសរបស់លោកងួន ប៉ុន្តែការពិតលោកគឺជាប្អូនប្រុសបន្ទាប់ពៅរបស់លោកងួន ដែលមានការសិក្សាក៏ខ្ពស់ និងមានសមត្ថភាពក៏មិនធម្មតាក្នុងអាជីវកម្មផលិតកម្មវិធីនោះទេ។ លោក និងឱក សុគន្ធកញ្ញា ត្រូវបានគេពន្លយថាបានស្រឡាញ់ពេញចិត្តគ្នាតាំងពីឱក សុគន្ធកញ្ញា ចូលច្រៀងនៅក្នុងផលិតកម្មហង្សមាសក្នុងប៉ុន្មានឆ្នាំដំបូង ហើយដោយសារតែការងារជាមេកើយ និងកូនចៅកាន់តែចុះសម្រុងគ្នា ទើបចំណងស្នេហ៍ត្រូវបានសាងឡើង តែមិនមែនបង្កាត់ទំនាក់ទំនងក្នុងរូបភាពរំលងប្រពៃណីនោះទេ គឺលោក និងកញ្ញា បានធ្វើពិធីបំពាក់ចិញ្ចៀនជាមួយគ្នាដោយមានចាស់ទុំដឹងឮប្រមាណជាង២ឆ្នាំមុន។
មានការទម្លាយថា អ្នកទាំងពីរមិនទាន់ហ៊ានរៀបការ ដោយសារតែ សុគន្ធកញ្ញា គឺគ្រាប់ពេជ្ររបស់ហង្សមាស ហើយបើមានពិធីរៀបការគឺខ្លាចតារាចម្រៀងផ្សេងប្រជែងយកតំណែងកំពូលបាត់ ធ្វើឲ្យហង្សមាសមានការប្រែប្រួលប្រជាប្រិយភាព។
យ៉ាងណាមិញរវាងបុរសវ័យជាង៤០ឆ្នាំ និងតារាចម្រៀងរូបនេះ កាន់តែល្អូកល្អិនគ្នាច្រើនៗទៅបើទោះជាពិធីភ្ជាប់ពាក្យត្រូវបានពន្យាមកទល់ពេលនេះ។
លោកអ៉ឹង សុខលី បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការផ្ដល់នូវចម្លើយមួយនោះ ដោយពេលដំបូងលោកបានឆ្លើយថា មិនមានពិធីភ្ជាប់ពាក្យណាមួយដូចអ្វីដែលបានលេចឮនោះទេ ក្រោយមកក៏ឆ្លើយថា មិនដឹងរឿងថាគ្រួសាររបស់ហង្សមាសមានពិធីមង្គលនោះ និងចុងក្រោយឆ្លើយថា សុំមិនឆ្លើយជុំវិញដំណឹងនោះ ក្រោយពីមានការបង្ហើបថាអ្នកផ្ដល់ព័ត៌មានគេមានរូបថតភ្ជាប់ពាក្យ ដោយគ្រាន់តែគេរក្សាសិទ្ធិមិនទាន់ធ្វើការបង្ហាញជាសាធារណៈ។
នៅពេលសួរថាលោកយល់យ៉ាងម៉េច ប្រសិនបើក្នុងពេលខាងមុខស្រាប់តែ រូបភាពពីទិដ្ឋភាពបំពាក់ចិញ្ចៀននោះត្រូវបានទម្លាយចេញ លោកបានឆ្លើយថា ចាំមើលដល់ពេលហ្នឹងសិន។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងថាការទម្លាយថាគូដណ្ដឹងលួចលាក់របស់ឱក សុគន្ធកញ្ញា គឺ លោកអ៉ឹង សុខលី ជាអ្នកគ្រប់គ្រងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ហង្សមាស និងជាបុរសដែលមានងារជាឧកញ៉ាវ័យ៤០ឆ្នាំនោះ ពិតជាគូដណ្ដឹងរបស់នាងឬយ៉ាងណានៅឡើយទេ ក្នុងពេលដែលលោកមិនទាន់ទទួលស្គាល់ ហើយភាគីខាងឱក សុគន្ធកញ្ញា ស្ងាត់ឈឹង មិនខ្វល់រឿងចេញមុខបកស្រាយថាមិនពិត បែរជាទទួលស្គាល់បែបនេះ។
នៅលើផេករបស់សុគន្ធកញ្ញា នៅតែរក្សាភាពស្ងប់ស្ងាត់ ក្នុងពេលដែលទូរសព្ទរបស់នាងក៏ខលកម្រលើក ហើយបើលើកក៏មានតែអ្នកផ្សេងលើកជំនួសដោយឆ្លើយបដិសេធថាមិនដឹង។
យ៉ាងណាមិញPost News នឹងរង់ចាំការបកស្រាយពីភាគីខាងទាំង២ ដើម្បីឲ្យច្បាស់ថាអ្វីដែលបានទម្លាយចេញគ្រាន់តែជាពាក្យចចាមអារ៉ាម ឬក៏មានការពិតនៅក្នុងនោះ? ប៉ុន្តែយោងតាមអ្នកគ្រាំ គឺបើឱក សុគន្ធកញ្ញា ពិតជាបានក្លាយជាម្ចាស់ស្នេហ៍របស់ប្អូនប្រុសថៅកែហង្សមាសមែន នោះជាដំណឹងល្អទៅវិញទេ ដោយសារតែលោកគឺជាបុគ្គលដ៏មានឥទ្ធិពលក្នុងសិល្បៈ ហើយមិនធ្លាប់មានព័ត៌មានពាក់ព័ន្ធតារាស្រីណា៕
មតិយោបល់