តារាសម្ដែងវ័យ២៦ឆ្នាំ លោក ញ៉េប តូនិច ហៅ ណារ៉ុង រ៉ាត់ ដែលគេស្គាល់ថា ជាម្ចាស់ហាងកាត់សក់ធំមួយ នៅម្ដុំទួលទំពូង បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ដើម្បីតំណាងជាតិ ទៅប្រកួតនៅក្នុងព្រេត្តិការណ៍ប្រកួតប្រជែងមួយ កាលពីយប់ថ្ងៃទី១៥ តុលា ឆ្នាំ២០១៩។ ដំណើរចាកចេញរបស់លោក ត្រូវបានអមដំណើរ ដោយបវរកញ្ញារបស់ប្រទេសថៃ ដែលកាន់តែធ្វើអោយ មានការចាប់អារម្មណ៏មិនធម្មតា សម្រាប់ឱកាសតំណាងជាតិរបស់លោក។
លោក ណារ៉ុង រ៉ាត់ ថ្លែងប្រកាសក្នុងកិច្ចសម្ភាសន៍ មុនចេញដំណើរនៅព្រលាន យន្តហោះថា លោកបានក្លាយជាតំណាងជាតិនៅក្នុងព្រឹត្តិការណ៍ Mister Working Man International 2019 មួយនេះ គឺបន្ទាប់ពីលោក អ៊ិត សុធា អតីតបេក្ខជន Mister United World 2019 មានទំនាក់ទំនងជិតស្និទ្ធិជាមួយ គណកម្មការ Mister Working Man International ហើយក្រោយស្នើឈ្មោះលោកអោយតំណាងជាតិ ក៏ត្រូវអ្នករៀបចំការប្រកួតពេញចិត្ត។
ក្រៅពីជាតារាសម្ដែង លោកក៏មានសមត្ថភាពខ្ពស់ ក្នុងវិស័យច្រៀង ដើរម៉ូដ និង ឌីហ្សាញ ផងដែរ ទើបគណកម្មការអន្តរជាតិពេញចិត្ត។ ការប្រកួត Mister Working Man International ទើបតែត្រូវបានបង្កើតឡើង ជាលើកដំបូងប៉ុណ្ណោះ ប៉ុន្តែតំណាងប្រទេសរហូតដល់ជាង២០ប្រទេស បានចូលរួមប្រកួត ដោយការប្រកួតផ្លូវការ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ តុលា ឆ្នាំ២០១៩។
ប្រសិនលោកមិនទទួលបានជ័យលាភីដូចការគ្រោងទុក នោះគណកម្មការ ក៏នឹងបើកឱកាសអោយប្រកួតក្នុងឆ្នាំទី២ ដែលគ្រោងធ្វើឡើងនៅមីយ៉ាន់ម៉ា។ យ៉ាងណាមិញ លោកហាក់មានជំនឿចិត្តច្រើន ជាពិសេសលើវិញ្ញាសារ បញ្ចេញសមត្ថភាព ដែលលោកជ្រើសយកវិញ្ញាសារច្រៀង និងការប្រកួត ឈុតតំណាងជាតិ។
ក្នុងថ្ងៃឡើងយន្តហោះនោះ លោក ណារ៉ុង ត្រូវគេឃើញនាំផ្លូវដោយ កញ្ញា Phannaporn Soogchod បវរកញ្ញាលេខ១ DEVI SRI SIAM 2019 ដោយកញ្ញា ក៏ជាគណកម្មការផ្ដល់ពិន្ទុមួយរូប នៅក្នុងការប្រកួតបុរសឯកអន្តរជាតិនេះផងដែរ។ លោកថា ឱកាសថតស្ពត សម្ដែង និងឌីហ្សាញ កាន់តែលេចធ្លោនាពេលចុងក្រោយ ទើបធ្វើអោយលោកបានក្លាយ ជាតំណាងជាតិ Mister Working Man Cambodia International 2019៕
មតិយោបល់