ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនប្រសារលោក គង្គ ប៊ុនឈឿន បញ្ចេញស្នាដៃថ្មី ក្រោយបាត់សកម្មភាពជាង៣ឆ្នាំ!

កាលពីព្រឹកថ្ងៃទី២៧ កក្កដា លោក មុត ថារី ដែលត្រូវគេស្គាល់ថាជាកូនប្រសាររបស់អតីតកវីនិពន្ធល្បីឈ្មោះលោក គង្គ ប៊ុនឈឿន បានបញ្ចេញស្នាដៃថ្មីគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកដកខ្លួនពីការដឹកនាំភាពយន្តអស់ប្រមាណជា៣ឆ្នាំ។ ផលិតករដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានស្នាដៃរឿងល្បីៗរាប់មិនអស់រូបនេះ ប្រកាសថាភាពយន្តថ្មីដែលលោកសម្រេចធ្វើឡើងវិញ នឹងអង្រួនពិភពសិល្បៈមិនខុសគ្នាពីស្នាដៃរឿងរបស់លោកមុនៗនោះផង។

លោក មុត ថារី និយាយថា ដោយសារតែលោកមិនដាច់អាល័យនឹងវិស័យសិល្បៈទី៧ ទើបលោកសម្រេចចិត្តរយាលចោលពីការងារផ្ទាល់ខ្លួនផ្សេងទៀត ហើយចូលមកស៊ប់ជាថ្មីក្នុងការផលិតភាពយន្ត។ ផលិតករដែលធ្លាប់ល្បីល្បាញក្នុងរឿង «កាកី» របស់CTN និងរឿង «នាងកែវណាម៉ា ធីតាមុខសេះ» រូបនេះបន្តថា លោកបានសម្រេចចិត្តចូលខ្លួនធ្វើជាអ្នកដឹកនាំសម្ដែងឲ្យផលិតកម្មចក្រវាទ្ប ដោយរឿងដំបូងដែលលោកដឹកជាថ្មី គឺរឿង «ក្រមុំឆ្នាំ ប៉ះ មេស្រុកឆ្នើម» ដែលជារឿងមានឆ្អឹងរឿងថ្មីទាំងស្រុង មិនចម្លងពីស្នាដៃអ្នកណាម្នាក់។

លោកថារឿងនេះ លោកជ្រើសយកកញ្ញាពៅ លីដា និងលោកប៉ែន ភក្ដ្រសុធារិទ្ធិ ឲ្យធ្វើជាតួសម្ដែង ដោយសារតែបានកត់សម្គាល់ថាតារាទាំងពីមានត្រេមុខ និងភាពប៉ិនប្រសព្វត្រូវសាច់រឿងដែលលោកបានស្រម៉ៃ។ ក្នុងនោះលោកបានសម្រិតសម្រាំងតារាល្បីៗជាច្រើនផ្សេងទៀត ដូចជាអ្នកនាងស្វែង សុជាតា អ្នកនាង ញឹម ចាន់ថន លោក គង់ សុភី និងតារាជើងថ្មីដែលមានកេរ្តិ៍ឈ្មោះគួរសមជាច្រើនទៀតឲ្យមានឱកាសប៉ះគ្នាផងដែរ។

លោកថាភាពយន្តមានចំនួនជាង៣០ភាគ ដោយគ្រោងនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN នៅជាង៤ខែក្រោយ ហើយសម្រាប់ការចំណាយដើមទុនក៏ខ្ពស់ណាស់ដែរ ដោយសារតែខាងPNN ចង់បានគុណភាពទាក់ចិត្តដែលមិនអាចគ្រាន់តែផលិតឲ្យបានៗ។ លោកថារឿងនេះលោកបានប្រើប្រភេទកាមេរ៉ា និងឧបករណ៍កុនដែលមានគុណភាពខុសពីផលិតកម្មតូចៗធ្លាប់ប្រើ និងបាននាំយកនូវអ្នកបច្ចេកទេសកាមេរ៉ា២រូបដែលពូកែចាប់ប្លង់ និងមានការចំណាយថវិការៀបចំប្លង់ក្នុងរឿងឲ្យល្អផងដែរ ទើបលោកយល់ថាក្រោយការផលិតទាំងស្រុងពិតជាទទួលជោគជ័យ។ លោកថាមួយរឿងនេះ លោកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រភាពយន្ត គ្រោងនឹងចំណាយខ្ពស់ជាងភាពយន្តមុនៗ ដោយលោកស្រីប្រកាសថានឹងចាប់ដៃឲ្យជាប់ជាមួយទូរទស្សន៍ PNN នោះផង ដែលកាន់តែធ្វើឲ្យលោកមានទឹកចិត្តក្នុងការត្រឡប់មកកាន់ពិភពសិល្បៈវិញ ហើយចាប់ដៃជាមួយផលិតកម្មលោកស្រី។

ក្នុងពិធីប្រកាសរឿងនោះ លោក មុត ថារី បន្តថាលោកនឹងធ្វើឲ្យភាពយន្តរឿង«ក្រមុំឆ្នាស់ ប៉ះ មេស្រុកឆ្នើម» ទទួលជោគជ័យឲ្យបានដាច់ខាត ដើម្បីរំលឹកស្នាដៃដែលលោកធ្លាប់បានធ្វើឲ្យកក្រើកទាំងរឿងដុំ និងរឿងភាគ ប្រមាណជា៥០រឿងមុនពេលបាត់មុខ។ ក្នុងនោះលោកក៏បានប្រកាសថាសប្បាយចិត្តក្នុងការត្រឡប់ក្រោយផងដែរ ជាពិសេសបន្ទាប់ពីធាតុរបស់គង្គ ប៊ុនឈឿន ជាឪពុកក្មេក ត្រូវបានតម្កល់ទុកឲ្យសមរម្យរួចរាល់៕

https://youtu.be/GFtdUQslwdg

មតិយោបល់