ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណា វត្តី ធ្វើបុណ្យចែកទានដូចព្យុះ តែការបង្ហោះយកចំណាប់អារម្មណ៍ កម្រ

តារាសម្ដែង និងជាតារាចម្រៀង កញ្ញាវណ្ណា វត្តី នៅលើសង្គមហ្វេសប៊ុក បង្ហោះតែរូបស៊ិចស៊ី និងស្ទីលបែកៗ ស្លុយច្រើនជាង។ ប៉ុន្តែនៅពីក្រោយ ភាពស៊ិចស៊ីទាំងនេះ នាងមានការលះបង់ច្រើន ក្នុងការចូលរួមលើកស្ទួយវប្បធម៌ជាតិ តាមរយៈការចូលរួមគ្រងឈុតបុរាណ បើទោះជាចូលរួមម្ដងៗ ចំណាយលុយកាក់ ខ្លួនឯងអស់ច្រើន ខណៈដែលសកម្មភាព ធ្វើបុណ្យចែកទានអ្នកជិតស្និទ្ធ នាងឃើញនាង ធ្វើស្ទើររាល់ថ្ងៃ ប៉ុន្តែកម្រឃើញនាងផុសបង្ហោះ។

អ្នកធ្លាប់ធ្វើដំណើរ ទៅណាមកណា ជាមួយកញ្ញា វណ្ណា វត្តី ពិតជាដឹងច្បាស់ថា តារាស្រីរូបនេះ មានសកម្មភាពធ្វើបុណ្យ និងសប្បុរសធម៌ចែកទាន មិនសូវលោះពេលនោះទេ ដូចជាចែកនំចំណី លុយកាក់ ដល់អ្នកខ្សត់ខ្សោយ និងក្មេងៗខ្វះខាត។ ស្ទើតែគ្រប់សកម្មភាព ដែលនាងចុះទៅដល់ មិនថាគម្រោង នាំថៅកែចុះមើលដីធ្លី ឬ ទៅសម្ដែង គេតែឃើញតារារូបនេះ ទិញនំចំណី និងដូរលុយរាយៗ ត្រៀមរួចជាស្រេច ដើម្បីជួបអ្នកណា ត្រូវអោយគឺអោយ ដោយមិនបាច់គិត។ ប៉ុន្តែអ្វីដែលគេ មើលឃើញ គឺភាគតិចណាស់ ដែលនាងធ្វើបុណ្យ ចែកទានហើយ ថតបង្ហោះ។ សូម្បីតែតារាសិល្បៈ មានទុក្ខ ភាគតិចណាស់ ដែលនាងមិនបរិច្ចាគ ថវិកាចូលរួម លើកលែងតែនាង គ្មានអ៊ីនធឺណិត ហើយមិនដឹង។ សកម្មភាពទាំងនេះ ច្រើនត្រូវគេឃើញបង្ហោះសរសើរ ពីពីបុគ្គលដែលបានឃើញ នាងទៅវិញប៉ុណ្ណោះ ខណៈដែលនាងរមែងបញ្ជាក់ថា ចែកទានហើយថតបង្ហោះ មានអារម្មណ៍ដូចមិនសូវសម។

វណ្ណា វត្តី ទទួលស្គាល់ថា សម្រាប់រឿងធ្វើបុណ្យនាងមិនមានលុយកាក់ធំដុំ ទៅសង់វិហារ ឬ ធ្វើផ្លូវនោះទេ ប៉ុន្តែអោយតែដល់ទីណា នាងឃើញមានវត្ត និងមានបញ្ហាខ្វះខាត គឺទិញរបស់ក្បែរៗនឹង និងរៀបចំលុយកាក់ យកទៅប្រគេន តែម្ដង។ គ្រប់ការធ្វើដំណើរនាងក៏ទម្លាប់ទិញនំប៉័ង និងនំចំណីផ្សេងទៀតដាក់ឡាន ស្រួលវង់ ជូនអ្នកណាក៏ជូនផងដែរ។

នាងថាអោយតែរឿង ធ្វើបុណ្យអត់ធុញទេ ខណៈដែលសកម្មភាព ចូលរួមគ្រងឈុត បុរាណ គឺអោយតែដឹង ហើយទំនេរក៏ទៅមិនដែលខានដូចគ្នា សំខាន់អោយ តែមានអ្នកប្រាប់។ យ៉ាងណាមិញនាងថា ខ្លួនកម្រសូវបង្ហោះពីសកម្មភាព ទាំងនោះណាស់ ដោយសារនាងយល់ថា ធ្វើបុណ្យបានបុណ្យហើយ ទៅជាគ្មានអ្នកដឹង តែក្នុងចិត្តនាងដឹង៕

មតិយោបល់