ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុតតំណាងជាតិ «ធីតាកម្ពុជាក្រុងចតុមុខមង្គល» ត្រូវបានបេក្ខនារី ស៊ុយ បូណាវីន យកទៅប្រកួតនៅម៉ាឡេស៊ី

Miss Cosmoworld 2019 កញ្ញា ស៊ុយ បូណាវីន បានប្រកាសយកឈុតតំណាងជាតិ ដែលមានឈ្មោះថា «ធីតាកម្ពុជាក្រុងចតុមុខមង្គល» យកទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ការប្រកួតដែលមានតំណាងប្រទេសជាង២០ប្រទេសចូលរួមនេះ ក៏កញ្ញា រំពឹងពីឱកាសជោគជ័យផងដែរ។

កញ្ញា ស៊ុយ បូណាវីន ថានាងនឹងនាំយកអ្វីដែលខ្មែរមាន ក្នុងនោះវប្បធម៌ សិល្បៈ កេរ្តិ៍ដំណែល និងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត ទៅបង្ហាញឲ្យអន្តរជាតិបានឃើញតាមរយៈការគ្រងឈុតកែច្នៃនេះ។ នាងថាឈុត«ធីតាកម្ពុជាក្រុងចតុមុខមង្គល» បង្កប់ក្បាច់គុនល្បុក្កតោ ដែលជាផ្នែកមួយបង្ហាញពីសិល្បៈកីឡាខ្មែរ និងជាក្បាច់គុនខ្មែរដ៏ចំណាស់មួយ បង្ហាញឲ្យបានឃើញក្នុង ព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិនោះ ផងដែរ។

លោក គឹម សាម៉ុន ជាអ្នកច្នៃឈុតតំណាងជាតិ «ធីតាកម្ពុជាក្រុងចតុមុខមង្គល» បានថ្លែងបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ តំណាងប្រទេសនីមួយៗ តែងតែមានឈុតតំណាងជាតិរបស់គេ ដោយឡែកសម្រាប់កម្ពុជា ក៏មានឈុតតំណាងជាតិខ្មែរយើងដែរ គឺឈុត «ធីតាកម្ពុជាក្រុងចតុមុខមង្គល» ដែលលោកបានសិក្សាស្រាវជ្រាវ អស់រយៈពេលជាច្រើនខែ ទម្រាំច្នៃចេញជារូបរាងបាន។ លោកថា ឈុតនេះគឺស្ថិតនៅក្រោយសម័យអង្គរ ខណៈដែលសម័យនោះ គឺវប្បធម៌ និងអរិយធម៌ខ្មែរ មានភាពរីកចម្រើនខ្លាំង ហើយក្រោយៗមកទៀត ក៏លោកបានសិក្សា ច្របាច់បញ្ចូលគ្នា មានក្បាច់ ភ្ញីផ្កា ដាំពេជ្រ និងការរចនាឡើង ជាច្រើនទៀត ដែលលោកបានរកឃើញ និងជាគំនិតច្នៃប្រឌិតរបស់លោក។

លោកបានបន្តថា ការសិក្សាច្នៃម៉ូដតំណាងជាតិនេះ គឺប្រើពេលយូរគួរសម ហើយអ្វីដែលលោកពេញចិត្តបំផុតនោះ គឺឈុតនេះធ្វើឡើងដោយដៃសុទ្ធសាធ ទាំងការដេរក្រណាត់ ដាក់ត្បូង ដាក់ផ្កា ការរចនាមកុដ និងគ្រឿងតុងតែងផ្សេងៗជាច្រើនទៀត។ ឈុតនេះត្រូវបានគ្រង ដោយកញ្ញា ស៊ុយ បូណាវីន ដែលជាបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក៏ជាមោទនភាពថ្មីមួយទៀត សម្រាប់រូបលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលយើងបានបង្ហាញកេរ្តិ៍មរតកវប្បធម៌ និងអរីយធម៌ដ៏ចំណាស់នេះ ឲ្យពិភពលោកបានស្គាល់។

គួរបញ្ជាក់ថា កញ្ញា ស៊ុយ បូណាវីន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ខណៈការប្រកួតត្រូវធ្វើឡើងថ្ងៃ០១ ខែវិច្ឆិកា ហើយនិងត្រូវត្រឡប់មកវិញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

មតិយោបល់