បើទោះជាមើលទៅឡើងគីឡូ សាច់ទ្រលុកទ្រលន់ខុសប្លែកពីពេលប្រទ្បង Miss Grand International ក៏តារាសម្ដែង កញ្ញា ខ្លឹម ស្រីគា នៅតែកញ្ឆក់បានតំណែងតួឯក ក្នុងពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ របស់ ផលិតកម្ម B&S Good Day ដែលប្រកាសចេញថតរឿង “ចំណាប់ខ្មាំង របាំងស្នេហ៍”។ នាងត្រូវគេអោយសម្ដែងជាមួយតារាម៉ូដែល លោក ចន សាក់ និងត្រូវថតនៅខេត្តមណ្ឌលគីរីច្រើនខែ តែនាងនៅតែប្រកាសថា នឹងតស៊ូ។
លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Good Day បានអះអាងថា នេះជាភាពយន្តភាគថ្មី ដែលលោកបានចាប់ដៃជាមួយផលិតកម្មចក្រវាឡពេជ្រ ផលិតអោយប៉ុស្តិ៍លេខ៥។ ភាពយន្តនេះជាង៧០ភាគរយ នៃសាច់រឿង គឺថតនៅខេត្តមណ្ឌលគីរី ដោយសារសាច់រឿងនិយាយពាក់ព័ន្ធនឹងជនជាតិព្នង និងដើម្បីរំលេចទេសភាពស្អាតៗ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅទីនោះផង។
គម្រោងចំណាយទាំងស្រុង អាចឈានដល់១០ម៉ឺនដុល្លារ ដើម្បីអោយសាច់រឿង ទាំងមូលមានគុណភាពគ្រប់គ្រាន់។ នេះក៏ជារឿងដែលនិយាយពីការសងសឹក ចាប់ខ្លួនមនុស្សដែលខ្លួនចងគំនុំ ប៉ុន្តែចុងក្រោយ បែរជាក្លាយជាស្នេហា។ លោកនឹងសម្រុកថតភាពយន្តនេះ អោយចប់នៅអំឡុងខែ៣ឆ្នាំ២០២០ ហើយនឹងចាក់បណ្ដើរៗនៅអំឡុងខែ៤ លើប៉ុស្តិ៍លេខ៥។
កញ្ញា ខ្លឹម ស្រីគា ជាតួឯកស្រី បានថ្លែងបញ្ជាក់ថា នាងសប្បាយចិត្ត ដែលបានសម្ដែង ជាតួអ្នកមានរស់ក្នុងទីក្រុងលូយឆាយ ហើយត្រូវតួប្រុស ដែលពោរពេញដោយគំនុំចាប់យកទៅធ្វើបាប ដែលអាចអោយនាងពិបាកសម្ដែង។ នាងប្រកាសថា នឹងប្រឹងសម្ដែង ថ្វីដ្បិតតួអង្គប្រុស គឺលោក ចន សាក់ ជាតារាម៉ូដែល ដែលនាងមិនធ្លាប់សម្ដែងជាមួយទាល់តែសោះ៕
មតិយោបល់