ភ្នំពេញៈ បើទោះជាអតីតករជៀស ស្រួច ដែលមានឈ្មោះក្នុងសិល្បៈថា ជៀស ស្រួច ត្រូវបានអតីតភរិយាគឺនាង សាត រស្មី វាយបកយ៉ាងចាស់ដៃថា ជាបុគ្គលប្រើប្រាស់អំពើហិង្សា វក់នឹងល្បែង និងមិនចេះរកស៊ីអ្វី ទើបជាមូលហេតុធ្វើឲ្យនាងរត់ចោល ដើម្បីឲ្យមហាជនកាត់បន្ថយក្ដីអាណិត ក៏តារារូបនេះនៅតែទទួលបានការអាណិតអាសូរ។ អ្វីដែលគេកត់សម្គាល់ គឺលោកត្រូវបានសប្បុរសជនកាន់តែច្រើនកៀរគរជាថវិកាផ្ដល់ជូន ដោយកាលពីល្ងាចថ្ងៃទី២៦កក្កដា ក៏មានអ្នកនាងយុគ ចិន្តា ពិធីការិនីដ៏ល្បី ចេញមុខកៀរគរ និងយកអំណោយទៅប្រគល់ដោយផ្ទាល់នៅផ្ទះលោក អេ ភូថង ដែលលោកកំពុងស្នាក់នៅតែម្ដង។
ជំនួយដែលអ្នកនាង យុគ ចិន្តា យកទៅប្រគល់ជូននោះ ត្រូវអ្នកនាងប្រកាសថា ទទួលបានពីការកៀរគរដែលអ្នកនាងប្រមូលពីអ្នករាប់អាន ដែលមានន័យថា អ្នកនាងបើទោះមិនសូវទំនេរ ក៏មានទឹកចិត្តយកចិត្តទុកដាក់ដល់តារាសិល្បៈដូចគ្នាដែលរងគ្រោះគួរឲ្យសរសើរ។ អ្នកនាងបញ្ជាក់ថា ជំនួយរបស់ខ្លួនក្នុងជំហាននោះមានចំនួន២៨០ ដុល្លារ និង២១ម៉ឺនរៀល ដោយក្នុងពេលបន្តបន្ទាប់ គឺអ្នកនាងនឹងបន្តស្វែងរកបន្ថែមទៀត ដើម្បីជួយដល់កីឡាករ ជៀស ស្រួច។
អ្នកនាងទទូចឲ្យសប្បុរសជនបន្តជួយអតីតកីឡាករ និងជាតារាសម្ដែងរូបនេះដោយផ្ទាល់ ឬតាមរយៈអ្នកនាងបន្ថែមទៀត ដោយសារតែកីឡាករ ជៀស ស្រួច បន្ទាប់ពីបានធ្លាក់ខ្លួន គឺមានរឿងរ៉ាវសង្វេគនៅក្នុងជីវិតច្រើនដែលអ្នកនាងជឿថាពិតជាមិនមានមនុស្សភាគច្រើននឹងបិទភ្នែកមើល។ នៅក្នុងវីដេអូឃ្លីបស្ដីពីការប្រគល់ជំនួយនោះ អ្នកនាងក៏ទទូចឲ្យជួយដល់លោក អេ ភូថង ផងដែរដោយអ្នកនាងយល់ថា មកពីផ្ទះដែលលោកទទួលបានជាអំណោយមានរយៈចម្ងាយឆ្ងាយពេក ទើបលោក និង ក្រុមគ្រួសារនៅតែរស់នៅផ្ទះជួលនៅភ្នំពេញ។ អ្នកនាងនិយាយថា បើមានសប្បុរសជនជួយទិញកូនផ្ទះតូចមួយ គឺទោះជាជាន់លើក៏ដោយ ឲ្យតែស្ថិតនៅភ្នំពេញ នោះលោក អេ ភូថង ពិតជាមានជីវិតរស់នៅសមរម្យជាងនេះ។
ក្រៅពីប្រកាសកៀរគរជំនួយជួយដល់ លោក ជៀស ស្រួច អ្នកនាង យុគ ចិន្តា ក៏ត្រូវគេអះអាងថា នឹងចេញមុខអញ្ជើញតួឯកក្នុងបទចម្រៀង «បេះដូងអ្នកប្រដាល់»រូបនេះ ឲ្យឡើងឆាកទូរទស្សន៍ ដើម្បីឲ្យលោកទទួលបានការចាប់អារម្មណ៍ក្រោយពីបានចេញមុខលាតត្រដាងពីជីវិតដ៏កម្សត់នោះផងដែរ។
សកម្មភាពឈឺឆ្អាលរបស់អ្នកនាង យុគ ចិន្តា ចំពោះលោក ជៀស ស្រួច ត្រូវគេកត់សម្គាល់ថា គឺមានឥទ្ធិពលជាងបណ្ដាសប្បុរសជន និងតារាសិល្បៈផ្សេងទៀតដែលផ្ដល់ការយកចិត្តទុកដាក់ដូចគ្នា ដោយសារតែអ្នកនាង គឺជាតារាល្បី កម្រមានពេលគិតគូរពីបញ្ហាបុគ្គលរបស់អ្នកណាម្នាក់ និងជាអ្នករៀបចំកម្មវិធីទូរទស្សន៍ CTN ដែលមានឥទ្ធិពលពេញទំហឹងក្នុងការផ្សព្វផ្សាយបុគ្គលណាម្នាក់ឲ្យទទួលការចាប់អារម្មណ៍ខ្ពស់។
ជាមួយនឹងការចេញមុខជ្រោមជ្រែងរបស់អ្នកនាងនេះហើយ ដែលគេជឿថា ភាពកំសត់របស់លោក ជៀស ស្រួច នឹងត្រូវបញ្ចប់ បើទោះជា កញ្ញាសាត រស្មី តារាសម្ដែងល្បីឈ្មោះ និងជាអតីតភរិយារបស់លោក បន្តផ្ដល់សម្ភាសន៍ទម្លាយរឿងលោកប្រព្រឹត្តិខ្លួនមិនល្អផ្ទុយពីសង្គមចង់បានច្រើនយ៉ាង ដែលនាំឲ្យមនុស្សមួយចំនួនឈប់អាណិត៕
មតិយោបល់