មិនខុសពីនារីទូទៅ ដែលមានសម្រស់ស្រស់ស្អាត តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ ក៏តែងខ្លួនទៅស្អាតមិនណយផងដែរ ក្នុងពិធីខួបកំណើត ដែលនាង បានធ្វើកាលថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩។ អ្វីដែលកត់សម្គាល់ គឺនាងបានបង្ហើប ពីបំណងប្រាថ្នាធំមួយ ដែលនារីមួយចំនួនស្ដាប់ហើយ ពិតជាលួចច្រណែន។
កញ្ញា ភី សម័យ និយាយថា កញ្ញា ក៏មាន ក្ដីស្រម៉ៃ និងចង់បានបុរស ជាគូអនាគតដូចគ្នា នឹងនារីទាំងពួងដែរ ខណៈដែលនាងបង្ហើបថា នាងមានបុរសៗ តាមស្នេហ៍ជារឿយៗច្រើនហើយ ដែលអាចអោយនាងមានសង្ឃឹម នឹងការរកឃើញ គូអនាគត។ យ៉ាងណាមិញកញ្ញា នៅមិនទាន់សម្រេចចិត្តបង្ហាញមុខទេ ដោយសារតែនាងប្រាប់ថា មិនទាន់ដល់ពេល។
អ្នកចូលរួមក្នុងពិធីខួបកំណើតរបស់នាង ដែលបានធ្វើឡើង នៅភោជនីយដ្ឋានវីហ្វ្រេន បឹងត្របែកនោះ សុទ្ធតែចាប់អារម្មណ៍ថានាងបង្អួតសម្រស់ជាមួយរ៉ូបស និងមកុដដូចរាជិនីបានលេចធ្លោ និងជឿថានាងពិតជាមិនខ្វះបុរសៗចង់រួមរស់ពិតមែន ដោយសារតែក្នុងពិធីទាំងមូល គឺនាងតែងខ្លួនបានស្អាត ហើយសម្បូរ អ្នកចង់ថតកៀកកើយជាមួយ។ នៅក្នុងឆ្នាំនេះ នាងក៏មើលទៅកាន់តែស្អាត លើសពីឆ្នាំមុនៗផងដែរ បើទោះជានាងគឺនៅតែជានារីជាប់ឈ្មោះ ដែលស្អាត តែមិនមែនជានារីពិត។
ភី សម័យ និយាយថា ដ្បិតថានាងគឺជាតារាភេទទី៣ តែនាងក៏ត្រូវតែស្អាត និងត្រូវតែគិតគូពីការតែងខ្លួន មិនអោយខ្មាស់សម្រស់នារីស្អាតៗ ពីធម្មជាតិមួយចំនួននោះដែរ ដោយសារតែនោះ គឺជាចំណូលចិត្ត។ អ្វីដែលធ្វើអោយអ្នកនាងកាន់តែស្អាត និងផូផង់ក្នុងថ្ងៃខួបកំណើតនោះ មិនមែនដោយសារតែហេតុផល កែសម្រស់នោះទេ ប៉ុន្តែអាចមកពីកញ្ញាសប្បាយចិត្ត នឹងការងារជោគជ័យចុងក្រោយ។ កញ្ញាថា ក្រៅពីសម្ដែង កញ្ញា ក៏ជោគជ័យណាស់ដែរ ក្នុងអាជីវកម្មអនឡាញ និង មុខរបរជាជាងផាត់មុខ។ កញ្ញាកាន់តែសប្បាយចិត្ត ដែលក្នុងពិធីខួបរបស់កញ្ញា គឺមានអ្នកសិល្បៈមកច្រើន បើទោះជាមានអ្នកខ្លះអាក់ខាន៕
មតិយោបល់