ព័ត៌មានសិល្បៈ និងកម្សាន្ត

សាវីន ហ្វីលីព និង តារា២ដួងផ្សេងទៀត ស្វះស្វែងរកជំនួយជួយដល់សិស្ស ជនជាតិភាគតិច

ភ្នំពេញៈ ឯកអគ្គរាជទូតសុឆន្ទៈ អង្គការសប្បុរសធម៌បារាំង CGF Children Foundation លោក សាវីន ហ្វីលីព បានឲ្យដឹងថា លោក បានឯកភាពជាមួយនឹងលោក សាន ផានិត និង លោក DJ អាចារ្យសំដីផ្អែម ( អាចារ្យធំ ) ដើម្បីទិញកង់ ៣០គ្រឿងជូនសិស្សានុសិស្ស កូនចៅ ជនជាតិភាគតិច ។

នេះមិនមែនជាលើកទី១ នោះទេ ដែលសាវីន ហ្វីលីព បានបំពេញបេសកកម្មសប្បុសធម៌ ជួយដល់ជនក្រីក្រ និងសិស្សានុសិស្សដែលជាកូនចៅ ប្រជាពលរដ្ឋក្រីក្រនោះ ។

លោក សាវីន ហ្វីលីព បានប្រាប់ Post News នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា ខ្ញុំបានឯកភាពគ្នាជាមួយ លោក សាន ផានិត និង លោក DJ អាចារ្យសំដីផ្អែម (អាចារ្យធំ) កំពុងស្វះស្វែង រកថវិកាដើម្បីទិញកង់ចំនួន៣០គ្រឿង (មួយគ្រឿងថ្លៃ៤០ដុល្លា) ជូនដល់សិស្សានុសិស្ស ដែលជាកូនចៅ របស់ជនជាតិភាគតិច និងជាកុមារក្រីក្រនៅសាលារៀនបឋមសិក្សាពូតាង សង្កាត់រម្យនា ខេត្តមណ្ឌលគិរី ។
ឯកអគ្គរាជទូតសុឆន្ទៈខាងលើ ថា «ការប្រគល់កង់ជូន ដល់សិស្សានុសិស្សជាកូនចៅជនជាតិភាគតិចនោះ នឹង ធ្វើឡើងនៅ ថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០១៦ ចំថ្ងៃខួបកំណើត ខ្ញុំតែម្តង »។

ក្នុងនោះ សាវីន ហ្វីលីព ក៏បានអំពាវនាវដំណឹងនេះ ដល់សិល្បករសិល្បការិនីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានបំណងចង់ចូលរួមចែករំលែកសេចក្ដីស្រលាញ់ ដល់កុមារសហគមន៍ សូមមេត្តាជួយបរិច្ចាកជាអំណោយកង់ ឬសម្ភារៈសិក្សា ដល់កុមារទាំងនោះ ដោយក្ដីអនុគ្រោះ សូមទំនាក់ទំនងតាមទូរស័ព្ទ 017-47-7878 ដោយក្ដីរាប់អាន ៕

មតិយោបល់