ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែងក្បាច់គុនល្បុក្កតោ២៥០តួ ត្រូវប្រកាសឲ្យថតភាពយន្តរឿង”មិត្តក្របី”

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលភាពយន្តរឿង”មិត្តក្របី” ដែលទើបក្រុងពាលីកាលពីព្រឹកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៩ មានការអះអាងថា មានការសម្ដែងពីកីឡាករល្បុក្កតោដែលជាកូនសិស្សរបស់ លោក ឆន ច័ន្ទវិរៈ រហូត ដល់ប្រមាណ២៥០នាក់។ នេះជាតួលេខច្រើនសម្រាប់ការសម្ដែងភាពយន្តមួយ ខណៈដែលភាពយន្តនេះ ក៏ត្រូវបានផលិតករអះអាងថា នឹងក្លាយជារឿងនិយាយពីក្បាច់គុនល្បុក្កតោ មិនខុសពីជាបំផុសអោយមហាជនកាន់តែស្គាល់នោះ។

លោក ឆន ច័ន្ទវិរៈ អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធបានអះអាងថា ដោយសារតែលោកចង់បន្តអភិរក្សក្បាច់គុនល្បុក្កតោរបស់ដូនតា អោយនៅតែរស់រវើក ក្នុងស្រទាប់មហាជន ទើបលោកតស៊ូប្រមូលលុយចេញផលិតរឿង”មិត្តក្របី” ដែលលោក និងកូនសិស្សរបស់លោកគឺជាអ្នកសម្ដែង។ ក្នុងភាពយន្តនេះ ក៏មានតារាសម្ដែងអាជីពចូលសម្ដែងផងដែរ ជាពិសេសតួឯកស្រី និងតួសំខាន់ផ្សេងៗ។ លោកថាកូនសិស្សរបស់លោកមិនពិបាកសម្ដែងនោះទេ ដោយសារតែប្លង់ដែលតម្រូវអោយកូនសិស្សរបស់លោកសម្ដែង សុទ្ធសឹងតែជាប្លង់វ៉ៃតប់ ហើយសម្រាប់តួអង្គដែលលេងកំប្លុកកំប្លែង និងជាតួមនោសញ្ចេតនាជាដើម គឺលោកអញ្ជើញតារាអាជីពមកសម្ដែងទាំងអស់។ ក្នុងភាពយន្តនឹងរំលេចក្បាច់គុនល្បុក្កតោប្រមាណជាង៣០០ស្នៀត ដោយសាច់រឿងទាំងមូលក្រៅពីបង្ហាញក្បាច់គុន ក៏មានឈុតឆាកកម្សត់ កំប្លុកកំប្លែង និងឈុតភ័យរន្ធត់ ដើម្បីបំពេញអារម្មណ៍អ្នកទស្សនាគ្រប់ប្រភេទ។

លោក ឆន ច័ន្ទវិរៈ បញ្ជាក់ថា ខ្ទង់ចំណាយនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនឹងសម្រិតសម្រាំងផលិតអោយបានល្អ ដោយសារតែលោកក៏មានអ្នកបច្ចេកទេសកុនជាដៃគូសហការ។ ម្យ៉ាងមកពីលោកក៏មានបទពិសោធន៍ផ្នែកសម្ដែង និងយល់ដឹងពីការផលិតភាពយន្តផង ទើបលោកហ៊ានចេញមុខផលិត។ ភាពយន្តនេះក្រោងចំណាយពេលថតច្រើនខែ ដោយលឿនបំផុត ក៏អាចនឹងដល់ពាក់កណ្ដាលឆ្នាំឆ្នាំ២០២០នោះដែរ ទើបអាចដាក់បញ្ចាំងតាមរោងបាន។ លោកទទូចអោយគាំទ្រស្នាដៃដំបូងមួយនេះ ដើម្បីអោយភាពយន្តរឿង “មិត្តក្របី” ជោគជ័យក្រោយពេលផលិត៕

មតិយោបល់