ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បករក្នុងភាពយន្តពីរ តំណាងប្រទេសលើឆាកអន្តរជាតិ

កាលពីព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ២០២០នេះ សិល្បករមួយក្រុម ដែលជាតួសម្ដែងក្នុងភាពយន្តពីរ គឺរឿង”លោកឳពុក” និងរឿង”ព្រលឹង” បានធ្វើការហោះហើរ ចេញទៅកាន់ប្រទេសចិន។ សិល្បករទាំងនេះ តំណាងប្រទេសកម្ពុជាទៅចូលរួមក្នុងកម្មវិធី “Asia Pacific Film Festival” ២០២០ លើកទី៥៩ នៅទីក្រុងម៉ាកាវ។

លោកអ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលផលិតកម្មមួយរបស់លោក បានបង្ហាញខ្លួននៅលើវេទិការអន្ដរជាតិ មហោស្រពនៅចិន។ លោកថា ចំពោះឆ្នាំនេះ មហាហង្ស ត្រូវបានគណៈកម្មការជ្រើសយកភាពយន្ដ២រឿង ជាប់ក្នុងចំណោមភាពយន្តទាំង៥០រឿងដែលមាន ៧៨ប្រទេសចូលរួម។ ខណៈដែលភាពយន្តដែលត្រូវបានជ្រើសរើសនោះគឺ រឿង« ព្រលឹង » និងរឿង « លោកឪពុក » ប៉ុន្ដែលោកក៏មិនទាន់ហ៊ានសន្និដ្ឋាន ជាមុននោះទេថា ការប្រកួតចុងក្រោយនឹងទៅជាយ៉ាងណានោះទេ។

ទន្ទឹមនឹងនេះ ចំពោះអ្នកនាង ភិន សុដាលីស ផ្ទាល់ក៏ទៅបង្ហាញខ្លួនក្នុងវេទិកានោះ ក្នុងនាមជាតំណាងឲ្យរឿង « លោកឪពុក » រួមជាមួយតារាសម្ដែងចាន់ រតនា ស្របពេលដែលលោកភឹម តារាវិបុល ទៅតំណាងឲ្យភាពយន្ដរឿង « ព្រលឹង »ជាមួយតារាសម្ដែងលោកមូល សារ៉ាវ៉ាន់ និងលោកហេង នរៈកក្កដា។ នាងបានបង្ហាញអារម្មណ៍ សប្បាយរីករាយថា នាងពិតជាមានមោទនភាពខ្លាំង ចំពោះព្រឹត្តិការណ៍មហោស្រពភាពយន្ដលើកទី៥៩ ជាលក្ខណៈអន្ដរជាតិ នៅចិន ឆ្នាំ២០២០នេះ។ សម្រាប់រូបនាងផ្ទាល់ ជាលើកទី២ហើយ ដែលបានចូលវេទិកានេះ ហើយនាងបានត្រៀមបង្ហាញនូវសម្លៀកបំពាក់ខ្មែរ ដើម្បីតំណាងពីអត្តសញ្ញាណរបស់ខ្មែរ នៅលើកម្រាលព្រហ្មដ៏អស្ចារ្យនោះ។

ដោយឡែកជំហររបស់តារាសម្ដែងប្រុស លោកភឹម តារាវិបុល វិញ បានឲ្យដឹងថា សម្រាប់លោកក៏ជាលើកទី២ដែរ ដែលបានទៅចូលរួមមហោស្រពភាពយន្ដនៅចិន នេះ។ លោកមានអារម្មណ៍រីករាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ នៅពេលដែលលោក ជាតារាសម្ដែងខ្មែរម្នាក់ ប៉ុន្តែមានឱកាសដើរលើកម្រាលព្រំក្រហមនោះ។ ហើយលោក នឹងបង្ហាញសម្លៀកបំពាក់អត្តសញ្ញាណរបស់ខ្មែរ នៅវេទិកាដ៏ពិសេសមួយនេះផងដែរ។ លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលផលិតកម្មមួយនេះ បានបង្ហាញខ្លួន នៅលើវេទិការអន្ដរជាតិមហោស្រពនៅចិន។

គួរបញ្ជាក់ផងដែរថា នេះក៏ជាលើកទី១ហើយ ដែលមហោស្រពភាពយន្ដនៅចិន បានជ្រើសរើសយកគណៈកម្មការខ្មែរ ទៅចូលរួម គឺលោកសុខ សំអាត ខណៈដែលការប្រកាសពាន នឹងធ្វើនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅទីក្រុងម៉ាកាវ ប្រទេសចិន ហើយក្រោយចប់កម្មវិធី គេនឹងមានការរៀបចំកម្មវិធីជប់លៀងធំផងដែរ។ ទន្ទឹមនឹងនេះ ក្រោយបញ្ចប់បេសកកម្ម តារាសម្ដែងទាំងអស់ និងគណៈប្រតិភូមហាហង្ស នឹងមកដល់មាតុភូមិវិញនៅក្នុងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឆាប់ៗនេះ៕

មតិយោបល់