យោងតាមការបញ្ជាក់របស់ លោក អុល សំអាង ទីប្រឹក្សាក្រសួងព័ត៍មាន ដែលត្រូវគេស្គាល់ថា គឺជាតួឯកល្ខោនបាសាក់ល្បីឈ្មោះ លោក បានបញ្ជាក់កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២០ ថា ក្រុមល្ខោនបាសាក់របស់លោក ត្រូវបានក្រសួងព័ត៍មាន និង ទូរទស្សន៍ជាតិ កំណត់អោយផលិតសាច់រឿងជាប្រចាំ ដើម្បីចាក់ផ្សាយជាសាធារណៈ ដែលមានន័យថា វង់ល្ខោនបាសាក់ដែលគេមើលរំលង នឹងលែងស្លាប់ហើយ។ លោកថា នឹងបង្កើតសាច់រឿងថ្មីៗ អោយបានច្រើនក្នុងពេលបន្តបន្ទាប់។
លោក អុល សំអាង និយាយថាលោក និងក្រុមការងារ បានទទួលឱកាសរួចហើយ ក្នុងការកំណត់អោយផលិតនូវសាច់រឿងល្ខោនថ្មីៗ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងលើផេក របស់ TVK នោះ ខណៈដែលវង់របស់លោក បើទោះមិនមានសកម្មភាពចេញសម្ដែងខាងក្រៅ ក៏រវល់នឹងការផលិតសាច់រឿងថ្មីសម្រាប់ទូរទស្សន៍ជាតិ។ លោកក៏ថ្លែងចាប់អារម្មណ៍ចំពោះប្រយោគ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» របស់សម្ដេចនាយករដ្ឋមន្ត្រីផងដែរ ដោយលោកយល់ថា នឹងកាន់តែធ្វើអោយអ្នកសារព័ត៍មានកាន់តែប្រកបវិជ្ជាជីវៈមួយកាន់តែប្រសើរ នៅក្នុងអាជីព។
វត្តមានចូលរួមរបស់លោក ក្នុងព្រឹត្តិការណ៍ជួបជុំអាហារសាមគ្គីនាថ្ងៃនោះ លោក អុល សំអាង បានចាត់ទុកថា គឺជាការផ្ដល់ឱកាសមួយដ៏សំខាន់ អោយសិល្បករបុរាណខាងផ្នែក ល្ខោនបាសាក់ដូចលោក បានចូលរួមក្នុងសង្គម និងយល់ដឹងច្រើនក្នុងសង្គមអ្នកចេះដឹង ដែលមានន័យថា បើទោះបីជាសិល្បៈល្ខោនបាសាក់ មិនសូវមានការគាំទ្រពីយុវវ័យក្មេងៗ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលជាថ្នាក់ដឹកនាំ។ ក្នុងនោះក្រសួងព័ត៍មាន និង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្ដល់ឱកាសអោយក្រុមល្ខោន បាសាក់របស់លោកផលិតសាច់រឿងថ្មីៗ ដែលធ្វើឲ្យក្រុមការងាររបស់លោក នៅតែមានចរន្ត ដែលជាការជួយលើកស្ទួយវិស័យល្ខោនបាសាក់ អោយនៅតែមានការចាប់ អារម្មណ៍ផងដែរ។ លោកថានេះជាគុណបំណាច់នៃសន្តិភាព ស្របពេលដែលប្រទេសកម្ពុជាក៏មានសន្ទុះរីកចំរើនលើគ្រប់វិស័យ៕




































មតិយោបល់