ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ភរិយា ស៊ុក សុភា ប្រកាសធ្វើតន្ត្រីសប្បុរសធម៌ធំលើកទី២ នៅអូស្រ្តាលី

 

ភ្នំពេញៈ បន្ទាប់ពីទទួលបានភាពជោគជ័យលើគម្រោងប្រគំតន្ត្រីលក់សំបុត្រជាទ្រង់ទ្រាយធំ ដោយប្រមូលបានថវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីចុងឆ្នាំ២០១៥ ភរិយារបស់លោក ស៊ុក សុភា គឺអ្នកនាង សារីនណា បានអះអាងជាថ្មីទៀតថា អ្នកនាង នឹងធ្វើការធានាតារាទៅប្រគំតន្ត្រីបែបនេះជាថ្មីម្ដងទៀត នៅក្នុងប្រទេសអូស្រ្តាលី។ ការប្រគំតន្ត្រីនេះ គ្រោងនឹងធ្វើនៅពេលខាងមុខ ដែលអ្នកនាងថា នឹងជួយដល់គ្រួសារក្រីក្រនៅកម្ពុជា ព្រមទាំងអាចនឹងជួយដល់គ្រួសាររបស់លោក គង្គ ប៊ុនឈឿន ផងដែរ។

ថ្លែងប្រាប់ Post News អ្នកនាង សារីនណា ម្ចាស់មូលនិធិ SS Fundraiser ដ៏ល្បីឈ្មោះនៅលើហ្វេសប៊ុក បានអះអាងថា ក្រោយទទួលដំណឹងមរណភាពភ្លាមរបស់លោក គង្គ ប៊ុនឈឿន កវីនិពន្ធចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជានោះ អ្នកនាង និងស្វាមី មានបំណងធ្វើការប្រគំតន្ត្រីអង្គាសប្រាក់ជួយដល់គ្រួសារលោក គង្គ ប៊ុនឈឿន ចំនួន២-៣លើករួចមកហើយ ប៉ុន្តែគម្រោងគិតគូរ ត្រូវបានរាំងស្ទះជាប់រហូត ដោយសារតែការជួលហាងក៏មិនបាន តារាដែលចង់អញ្ជើញឲ្យទៅច្រៀងក៏ជាប់រវល់ ហើយនៅមានបញ្ហាពីខាងអ្នកចេញមុខធានាយកតារានោះទៅទៀត។ ផែនការទាំងស្រុង ទើបត្រូវបានសម្រេចកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ដោយអ្នកនាង និងក្រុមការងារ បានកំណត់យកថ្ងៃទី១០ ខែធ្នូ ក្នុងឆ្នាំ២០១៦ខាងមុខ ធ្វើជាកាលបរិច្ឆេទសម្រាប់ធ្វើការប្រគំតន្ត្រីជាលើកទី២ ដើម្បីរំលេចនូវសកម្មភាពអង្គាសប្រាក់នោះ។ យ៉ាងណាមិញ អ្នកនាងថា គម្រោងនឹងមិនជួយដល់គ្រួសាររបស់លោក គង្គ ប៊ុនឈឿន ទាំងអស់នោះទេ ដោយសារតែភាពជាក់ស្ដែងមូលនិធិរបស់អ្នកនាង ក៏ត្រូវប្រឈមជួយដល់ជនខ្វះខាតជាច្រើនទៀតនៅកម្ពុជា។

អ្នកនាង សារីនណា និយាយថា «ការពិតយើងចង់ធ្វើឲ្យបានមុននឹង ប៉ុន្តែយើងស្ទះរហូត តែឥឡូវយើងនិយាយជាមួយតារាដែលត្រូវឡើងមក(អូស្រ្តាលី) និងហាងអីអស់ហើយថា ធ្វើថ្ងៃ១០ ខែធ្នូចុងឆ្នាំនឹងបាន ហើយខ្ញុំសង្ឃឹមថា យើងនឹងទទួលបានថវិកាច្រើនសម្រាប់ជួយដល់គ្រួសារអ្នកក្រីនៅកម្ពុជា ដូចជាជួយដល់គ្រួសារលោកតា គង្គ ប៊ុនឈឿន អីផងដែរ»។ អ្នកនាងបានទាក់ទងតារាល្បីឈ្មោះចំនួន២រូបពីប្រទេសកម្ពុជា និង២រូប ជាតារានៅក្នុងប្រទេសអូស្រ្តាលីស្រាប់ ដើម្បីធ្វើការប្រគំតន្ត្រីលក់សំបុត្រនោះ។

យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា មិនទាន់ចង់ប្រាប់វត្តមានរបស់តារាទាំង២នោះថា ជាអ្នកណាខ្លះនៅឡើយទេ ក្រែងមានការផ្លាស់ប្ដូរណាមួយ។ អ្នកនាងពោលថា «រឿងតារា ខ្ញុំអត់ទាន់ចង់ប្រាប់ គឺខ្លាចគាត់ជាប់ស្អីមួយហើយសុំអត់មកវិញ ប៉ុន្តែសម្រាព់រឿងប្រគំតន្ត្រី នឹងគឺ១០០%ហើយ ព្រោះតែយើងសុំច្បាប់គេបានហើយ គឺត្រូវតែធ្វើ បើអ្នកណាជាប់យើងដូរតារាតាមនឹងទៀត!»។ អ្នកនាងបញ្ជាក់ថា បើក្នុងករណីការប្រគំតន្ត្រីលក់សំបុត្រមិនទទួលបានប្រាក់ចំណេញតាមការគ្រោងទុកនោះ អ្នកនាងនឹងធ្វើការអំពាវនាវដើម្បីឲ្យមានការបំពេញបន្ថែមទៀត ប៉ុន្តែបើបានចំណេញលើសពីគម្រោង គឺមូលនិធិនឹងអាចផ្ដល់ចំណែកណាមួយជួយសង់ជារូបសំណាក ឬចេតិយ ឬជួយដល់គ្រួសារលោក គង្គ ប៊ុនឈឿន ក្នុងចំណែកណាមួយតាមការជាក់ស្ដែង។

អ្នកនាង សារីណា ត្រូវបានគេស្គាល់ថា ជាម្ចាស់មូលនិធិ SS Fundraiser ដែលបានរ៉ៃអង្គាសថវិកាជួយសាងសង់អណ្ដូងទឹកស្អាត សង់អគារសាលារៀន បង្គន់ សាងសង់ផ្ទះដល់ជនទុរគត និងជួយដល់ជនក្រីក្រកម្ពុជាច្រើនរាប់មិនអស់រួចមកហើយនាពេលកន្លងមក នៅក្នុងប្រទេសកម្ពុជា។ អ្នកនាងទើប តែបានប្រគល់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរគន្ធបុប្ផា ដែលថវិកានេះបានពីការប្រគំតន្ត្រីលើកទី១ នៅក្នុងប្រទេសអូស្ត្រាលី កាលពីចុងខែធ្នូ ក្នុងឆ្នាំ២០១៥។ ការប្រគំតន្ត្រីលក់សំបុត្រជាទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ខែធ្នូ ចុងឆ្នាំនេះ អ្នកនាងនៅតែរំពឹងថា បានចំណេញក្រោយការទូទាត់ ដោយសារតែតារាសិល្បៈដែលអ្នកនាងយកពីកម្ពុជា ទៅសម្ដែងសុទ្ធតែជាតារាល្បី ហើយសប្បុរសជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី ក៏ចង់រួមចំណែកជួយដល់គ្រួសារអ្នកក្រីក្រនៅកម្ពុជា ដែលពិតជាអាចឲ្យមូលនិធិមានកញ្ចប់ក្នុងកម្រិតខ្ពស់មួយជួយដល់គ្រួសារលោក គង្គ ប៊ុនឈឿន៕

មតិយោបល់