ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ុស្តិ៍លេខ៥ សម្រុកខ្លាំងដើមឆ្នាំ២០២០នេះ

គ្រាន់តែបើកឆាកដើមឆ្នាំ២០២០ មិនទាន់ទាំងបានមួយខែនៅឡើយផង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ សម្រេចដល់ទៅ៥ភាពយន្តគួរឲ្យសរសើរ។ កាលពីថ្ងៃទី១៧ មករា ក្នុងឆ្នាំ២០២០ បានប្រកាសក្រុងពាលីចេញថតភាពយន្តភាគចំនួនពីរ ខណ:ដែលកាលពីថ្ងៃទី១៨ មករា ក្នុងឆ្នាំដដែល ក៏ប្រកាសជួបជុំតារាជប់លៀង ការថតបញ្ចប់ភាពយន្តដល់ទៅ៣ផ្សេងទៀត ដែលមានន័យថា ទើបតែដើមឆ្នាំថ្មីនេះ គឺមាន៥រឿងបាត់ ដែលប៉ុស្តិ៍លេខ៥សម្រេចបានក្នុងវិស័យភាពយន្ត។

ក្រឡេកទៅមើល ពិធីជប់លៀងបិទបញ្ចប់ការថតភាពយន្តភាគខ្មែរដល់ទៅ៣ កាលពីថ្ងៃទី១៨ មករា ក្នុងឆ្នាំ២០២០ ឯណោះវិញ ក៏សង្កេតឃើញ មានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់តារាល្បីៗជាច្រើនដួង។ ក្នុងនោះមានដូចជា កញ្ញា ព្រះកាយច័ន្ទ, កញ្ញា ទឹម រដ្ឋា, លោក អៀង ចេនឡា, លោក លឹម រដ្ឋា និង តារាកិត្តិយសល្បីៗ ព្រមទាំងក្រុមផលិតករខ្មែរ-ថៃ ជាច្រើនរូបបានអញ្ជើញមានវត្តមាននៅក្នុងកម្មវិធី។

ខ្សែភាពយន្តទាំង៣ ដែលទើបតែបញ្ចប់ការថតនោះ រួមមានរឿង « ភ្លើងគុំនំ » រឿង « និស្ស័យខ្លុយស្នេហ៍ » និងរឿង « សម្បថដងស្ទឹង » ដែលស្ថាប័ននេះ សម្ងំថតមួយរយ:មុន។ ភាពយន្តទាំងនេះ ក៏ជាស្នាដៃរបស់ក្រុមផលិតករមកពីប្រទេសថៃ សហការណ៍ជាមួយនឹងក្រុមផលិតករខ្មែរប៉ុស្ត៍លេខ ៥ រួមគ្នា ដើម្បីផលិតជាខ្សែភាពយន្តដ៏ល្អឯក ដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនអ្នកគាំទ្រដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥ផងដែរ។ មុនរឿងទាំង៣ខាងលើ ស្ថាប័ននេះ មានសមិទ្ធផលទី២២រួចមកហើយ ដោយក្រោយការបិទបញ្ចប់ ភាពយន្តទាំងនឹងមានចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះជាបន្តបន្ទាប់ នៅក្នុងកញ្ចក់ទូរស្សន៍ប៉ុស្ត៍លេខ៥ផ្ទាល់។

ចង់ដឹងថាភាពយន្តទាំង៣ មានការចូលរួមសម្ដែងពីតារាល្បីៗរូបណាខ្លះ ពិសេស សាច់រឿងមានភាពប្រទាក់ក្រឡា និងគួរឱ្យចាប់អារម្មណ៍កម្រិតណា សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍លេខ៥ក្នុងពេលឆាប់ៗខាងមុខនេះ៕

មតិយោបល់